អង្គការសហប្រជាជាតិ៖ការចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងនៅហ្កាហ្សាដំណើរការយ៉ាងរលូន
អង្គការសហប្រជាជាតិបាននិយាយថា ពេញថ្ងៃមួយដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការដល់កុមារ ៦៤០.០០០នាក់ ទប់ស្កាត់ជំងឺស្វិតដៃជើងនៅដែនដីហ្កាហ្សាបានទទួលជោគជ័យ។
ដំណើរការចាក់វ៉ាក់សាំង គឺពឹងផ្អែកលើការផ្អាកជាបន្តបន្ទាប់ក្នុងមូលដ្ឋានក្នុងការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមយុទ្ធជនហាម៉ាស ក្រោយកិច្ចព្រមព្រៀងផ្អាកប្រយុទ្ធរយៈពេលបីថ្ងៃដំបូងបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ។
លោក សាលីម អូវ៉េស (Salim Oweis) អ្នកនាំពាក្យរបស់មូលនិធិកុមារ Unicef បានប្រាប់ទូរទស្សន៍ BBC ថា រហូតមកដល់ពេលនេះ យុទ្ធនាការនេះដំណើរការបានល្អណាស់។
ដើម្បីឱ្យមានប្រសិទ្ធភាព អង្គការសុខភាពពិភពលោក (WHO) និយាយថា យ៉ាងហោចណាស់ ៩០% នៃកុមារអាយុក្រោម ១០ ឆ្នាំ ត្រូវតែចាក់វ៉ាក់សាំងក្នុងរយៈពេលដ៏ខ្លី។ ការជំរុញនេះធ្វើឡើងបន្ទាប់ពីករណីជំងឺស្វិតដៃជើងដែលត្រូវបានបញ្ជាក់ជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំនៅហ្កាហ្សា។
វ៉ាក់សាំងប្រហែល ១,៣ លានដូស ថ្មីៗនេះត្រូវបានដឹកជញ្ជូនតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យ Kerem Shalom ដោយអង្គការ Unicef ។ ភ្នាក់ងារនេះ ត្រូវរក្សាទុកវ៉ាក់សាំងនៅក្នុងកន្លែងផ្ទុកត្រជាក់ក្នុងឃ្លាំងរបស់ខ្លួននៅសីតុណ្ហភាពត្រឹមត្រូវ ដើម្បីរក្សាប្រសិទ្ធភាពរបស់វ៉ាក់សាំង។ ការដឹកជញ្ជូនមួយផ្សេងទៀតនៃវ៉ាក់សាំងចំនួន៤០០.០០០ដូស ត្រូវបានកំណត់ថានឹងត្រូវបញ្ជូនទៅហ្កាហ្សាឆាប់ៗនេះ។
កាលពីថ្ងៃអាទិត្យ ពលរដ្ឋប៉ាឡេស្ទីន បាននាំកូនៗរបស់ពួកគេទៅកាន់មណ្ឌលសុខភាពចំនួនបីនៅភាគកណ្តាលហ្កាហ្សាក្នុងដំណាក់កាលដំបូងនៃយុទ្ធនាការ ដែលក្រោយមកនឹងបន្តទៅភាគខាងជើង និងភាគខាងត្បូង៕