សម្ព័ន្ធយោធាណាតូ ព្រមានសមាជិករបស់ខ្លួន កុំបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ីឲ្យសោះ
អ្នកនាំពាក្យប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា សម្ព័ន្ធយោធាណាតូ (NATO) មិនចង់ចូលរួមដោយផ្ទាល់ក្នុងជម្លោះជាមួយទីក្រុងមូស្គូទេ ដោយបញ្ជាក់ការទាមទារពីអ៊ុយក្រែន និងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញ។
ការអត្ថាធិប្បាយទាំងនោះ បានធ្វើឡើងបន្ទាប់ពីបទសម្ភាសន៍របស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក រ៉ាដូស្លាវ ស៊ីកូសស្គី ( Radoslaw Sikorski) ទៅកាន់សារព័ត៌មាន Financial Times ដោយក្នុងនោះលោកបានគាំទ្រគំនិតនៃការបាញ់ទម្លាក់គោលដៅរបស់រុស្ស៊ីនៅលើអាកាសលើប្រទេសអ៊ុយក្រែន។
ទីក្រុងគីវ (Kiev) បានស្នើយ៉ាងទទូចម្តងហើយម្តងទៀត ពីក្រុមអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន ឱ្យបាញ់ទម្លាក់មីស៊ីល និងយានដ្រូនរបស់រុស្ស៊ីនៅក្នុងដែនអាកាសរបស់ខ្លួន ខណៈប្រសិទ្ធភាពប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនកាន់តែធ្លាក់ចុះ ។
អ្នកនាំពាក្យរបស់ប្លុកនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មានអេស្ប៉ាញ Europa Press ថា សម្ព័ន្ធយោធាNATO មិនមែនជាភាគីនៃជម្លោះទេ ហើយនឹងមិនក្លាយជាភាគីនៃជម្លោះនេះនោះទេ ដោយបន្ថែមថា ការទទួលខុសត្រូវរបស់ប្លុកនេះ គឺទប់ស្កាត់កុំឲ្យជម្លោះរីកកាន់តែធំ។
ស្របពេលសមាជិកនីមួយៗនៃប្លុកនេះ មានសិទ្ធិការពារដែនអាកាសរបស់ខ្លួននោះ ពួកគេគួរតែ ពិគ្រោះជាមួយប្រទេសជាសមាជិកឲ្យបានដិតដល់បំផុត ព្រោះថា បញ្ហានេះអាចប៉ះពាល់ដល់អង្គការណាតូទាំងមូល៕