• The People Post

លោក Trump នឹងផ្ដល់ចម្លើយពីភាពគ្មានទោសលើការចោទប្រកាន់ថ្មីក្នុងបណ្ដឹងបង្វែរលទ្ធផលឆ្នោត

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយនៅក្នុងឯកសារតុលាការមួយកាលពីថ្ងៃអង្គារ (០៣ កញ្ញា) ថា លោកនឹងផ្ដល់ចម្លើយពីភាពគ្មានទោសចំពោះការចោទប្រកាន់ព្រហ្មទណ្ឌដែលត្រូវបានកែសម្រួលថ្មី ដោយចោទលោកពីបទប៉ុនប៉ងបង្វែរលទ្ធផលក្នុងការបោះឆ្នោតក្នុងឆ្នាំ២០២០។

លោក Trump ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា បានបោះបង់សិទ្ធិបង្ហាញខ្លួននៅក្នុងតុលាការ ហើយអនុញ្ញាតឱ្យមេធាវីរបស់លោកចូលទៅផ្ដល់ចម្លើយពីភាពគ្មានទោសនោះជំនួសវិញ។

កំណែការចោទប្រកាន់ថ្មី ដែលដាក់ទៅតុលាការកាលពីសប្តាហ៍មុនដោយរដ្ឋអាជ្ញាពិសេស លោក ជែក ស្មីត (Jack Smith) រួមមានការចោទប្រកាន់ចំនួន ៤ករណីដូចគ្នាដែលរដ្ឋអាជ្ញារូបនេះបានចោទប្រកាន់ប្រឆាំងនឹងលោក Trump កាលពីឆ្នាំមុន។ សូមបញ្ជាក់ថា លោក Trump ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងបោកប្រាស់សហរដ្ឋអាមេរិក រារាំងការបញ្ជាក់លទ្ធផលឆ្នោតរបស់សភា និងដកហូតសិទ្ធិរបស់ពលរដ្ឋក្នុងការបោះឆ្នោតដោយយុត្តិធម៌។

ការចោទប្រកាន់ថ្មីនេះបានទម្លាក់ចោលផ្នែកខ្លះ និងកែប្រែការចោទប្រកាន់មួយចំនួនបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានកំណត់ថាលោក Trump មានអភ័យឯកសិទ្ធិទូលំទូលាយពីការកាត់ទោសព្រហ្មទណ្ឌលើសកម្មភាពផ្លូវការដែលលោកបានធ្វើក្នុងនាមជាប្រធានាធិបតី។

លោក Trump បានបង្ហាញខ្លួននៅតុលាការសហព័ន្ធក្នុងទីក្រុងវ៉ាស៊ីនតោន កាលខែសីហា ឆ្នាំ២០២៣ ដើម្បីផ្ដល់ចម្លើយពីភាពគ្មានទោសនៅក្នុងការចោទប្រកាន់ដំបូងទាំងនោះ។ រដ្ឋអាជ្ញា និងមេធាវីរបស់លោក Trump គ្រោងនឹងបង្ហាញខ្លួននៅតុលាការនៅថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) ស្អែកនេះដើម្បីកំណត់ជំហានបន្ទាប់ ក្រោយការសម្រេចអភ័យឯកសិទ្ធិរបស់តុលាការកំពូល៕