មេដឹកនាំអ៊ុយក្រែន៖ បទបញ្ជាឱ្យរុះរើរដ្ឋាភិបាលដ៏ធំបំផុតនៃសង្រ្គាម នឹងផ្តល់ថាមពលថ្មីដល់ប្រទេស
លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃពុធថា អ៊ុយក្រែនត្រូវការ ថាមពលថ្មី ខណៈលោកបានបញ្ជាឱ្យរុះរើរដ្ឋាភិបាលដ៏ធំមួយនៅកាលៈទេសៈសង្គ្រាមដែលនៅតែអូសបន្លាយជាមួយរុស្ស៊ី។
រដ្ឋមន្ត្រីសរុបចំនួន៦រូប រួមទាំងរដ្ឋមន្ត្រីការបរទេសលោក ឌីមីត្រូ គូឡេបា ( Dmytro Kuleba) បានដាក់លិខិតលាលែងពីតំណែង ហើយសភាបានទទួលយកការលាលែងពីតំណែងចំនួន៤រូប។
សមាជិកសភាបាននិយាយថា ការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីទាំងនោះរួមទាំងឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសមាហរណកម្មអឺរ៉ុប រដ្ឋមន្ត្រីឧស្សាហកម្មយុទ្ធសាស្ត្រទទួលបន្ទុកលើការផលិតអាវុធរបស់អ៊ុយក្រែន និងរដ្ឋមន្ត្រីពីររូបផ្សេងទៀត។
លោក Zelenskiy បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ លោក ស៊ីម៉ុនហារីស (Simon Harris) ដែលមកទស្សនកិច្ចនៅទីក្រុងគីវថា យើងត្រូវការថាមពលថ្មីនៅពេលបច្ចុប្បន្ននេះ ហើយជំហានទាំងនេះគឺទាក់ទងនឹងការពង្រឹងរដ្ឋរបស់យើងក្នុងទិសដៅផ្សេងៗគ្នា។
ក្រុមសមាជិកសភាបាននិយាយថាគេរំពឹងថាសភានឹងពិចារណាលើការលាលែងពីតំណែងរបស់ លោក Kuleba នៅថ្ងៃព្រហស្បតិ៍នេះ។
នៅក្នុងប្រទេសអ៊ុយក្រែន គ្របដណ្ដប់ដោយសង្រ្គាមនាពេលបច្ចុប្បន្ន បន្ទាប់ពីលោក Zelenskiy លោក Kuleba វ័យ៤៣ ឆ្នាំ គឺជាបុគ្គលដ៏ល្បីល្បាញបំផុតរបស់អ៊ុយក្រែននៅក្រៅប្រទេស ដែលបានជួបបណ្ដាមេដឹកនាំជុំវិញពិភពលោក និងបញ្ចុះបញ្ចូលប្រមូលការគាំទ្រផ្នែកយោធានិងនយោបាយជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ៕