ក្រុមហ៊ុនចិនបញ្ចេញមនុស្សយន្តជំនាន់ថ្មី ដើម្បីប្រជែងជាមួយក្រុមហ៊ុន Tesla
ក្រុមហ៊ុន Agibot ដែលជាអតីតបុត្រសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានដាក់បង្ហាញប្រភេទមនុស្សយន្តជំនាន់ថ្មីជាច្រើនដើម្បីជួយសម្រួលដល់កិច្ចការប្រចាំថ្ងៃ។
លោក Peng Zhihui ស្ថាបនិកក្រុមហ៊ុន Agibot លើកឡើងថា ៖« យើងសម្រេចបាននូវរបកគំហើញជាច្រើនក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍផលិតផលក្នុងរយៈពេលមួយឆ្នាំកន្លងមក ហើយឥឡូវនេះ យើងស្ថិតនៅក្នុងក្រុមឈានមុខគេនៅក្នុងឧស្សាហកម្មនេះ»។
បង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន Agibot មានជំនាញអភិវឌ្ឍផលិតផលបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្តកម្រិតខ្ពស់ ក៏ដូចជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍។ មនុស្សយន្តថ្មីចំនួន៥ របស់ក្រុមហ៊ុន Agibot រួមមានទាំងមនុស្សយន្តជើងពីរដូចមនុស្ស និងមនុស្សយន្តមានកង់វិល ត្រូវបានរចនាឡើងសម្រាប់ជួយកិច្ចការផ្សេងៗ រាប់ចាប់ពីការងារផ្ទះរហូតដល់សកម្មភាពឧស្សាហកម្ម។
មនុស្សយន្តដែលមានជើងពីរដូចមនុស្សដ៏ល្បីរបស់ Agibot មានឈ្មោះថា Yuanzheng A2។ មនុស្សយន្តនេះមានកម្ពស់ ១៧៥សង់ទីម៉ែត្រ ទម្ងន់ ៥៥គីឡូក្រាម ហើយត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាផ្សេងៗ និងបញ្ញាសិប្បនិម្មិត។ ការណ៍នេះអនុញ្ញាតឱ្យមនុស្សយន្តមើលឃើញ ឮ និងយល់ព័ត៌មានក្នុងទម្រង់ជារូបភាព អត្ថបទ និងសំឡេង។
លើសពីនេះ ស៊េរីផលិតផលថ្មីនេះក៏រួមបញ្ចូលផងដែរនូវមនុស្សយន្តដែលមើលទៅរឹងមាំជាងមុន មានឈ្មោះថា A2 Max និងមនុស្សយន្តបម្រើសេវាកម្មដែលមានឈ្មោះថា A2-W, X1, X1-W ។ ព័ត៌មានលម្អិតអំពីម៉ូដែលទាំងនេះមានតិចតួចណាស់ ដោយសារតែ Agibot មិនបានធ្វើបច្ចុប្បន្នភាពព័ត៌មានបន្ថែមនៅលើវេបសាយផ្លូវការទេ។
ក្រុមហ៊ុន Agibot គ្រោងចែកចាយមនុស្សយន្តទាំងនេះនៅក្នុងខែតុលា ជាមួយនឹងគោលដៅនៃការចែកចាយមនុស្សយន្តសរុបចំនួន ៣០០នៅចុងឆ្នាំនេះ។ នេះបើយោងតាមលោក Jiang Qingsong អនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Agibot ។ លោក Jiang រំពឹងថា Agibot នឹងប្រកួតប្រជែងដោយផ្ទាល់ជាមួយមនុស្សយន្ត Optimus របស់ក្រុមហ៊ុនអាម៉េរិក Tesla ។
នៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Tesla ក្នុងខែមិថុនា លោក អេឡុន ម៉ាសក៍ បានបង្ហាញថា មនុស្សយន្ត Optimus អាចនឹងចេញលក់នៅចុងឆ្នាំក្រោយ ហើយត្រៀមខ្លួនសម្រាប់ប្រតិបត្តិការនៅរោងចក្ររបស់ខ្លួន។
លោក Jiang បានបញ្ជាក់ថា ៖«យើងមិនគិតថា គម្លាតរវាងក្រុមហ៊ុនទាំងពីរ (Optimus និង Agibot) នឹងមានទំហំធំនោះទេ។ សមត្ថភាពរបស់យើងក្នុងការធ្វើពាណិជ្ជកម្ម និងគ្រប់គ្រងការចំណាយ គឺប្រសើរជាងក្រុមហ៊ុន Tesla» ៕