ផ្សោតទន្លេមេគង្គកើនឡើងពី៩២ទៅ១០៥ក្បាល ក្នុងរយៈពេល២ឆ្នាំចុងក្រោយ
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីជលផលខេត្តក្រចេះ ពាក់ព័ន្ធនឹងការងារពង្រឹងកិច្ចការអភិរក្សផ្សោតទន្លេ កាលពីថ្ងៃទី២ ខែកញ្ញាថា បច្ចុប្បន្នមន្រ្តីឆ្មាំទន្លេ បានខិតខំបំពេញភារកិច្ចរាល់ថ្ងៃ មិនខ្លាចការនឿយហត់ ដោយបានឆ្លាស់វេនគ្នាការពារ និងទប់ស្កាត់បទល្មើសនេសាទ ២៤ម៉ោង លើ២៤ម៉ោង។
តែយ៉ាងណា ការនេសាទដោយប្រើមងក្រឡាធំ និងឧបករណ៍ឆក់ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ នៅតែកើតមាន និងអាចបង្កហានិភ័យដល់អាយុជីវិតសត្វផ្សោត។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងកសិកម្ម លើកទឹកចិត្តរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីឆ្មាំទន្លេទាំងអស់ សហការគ្នា ដើម្បីពង្រឹងវិធានការការពារឱ្យបន្ថែម ដើម្បីធានានិរន្តរភាព ផ្សោតដែលជារតនសម្បត្តិជាតិ សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលដល់ពលរដ្ឋមូលដ្ឋាន។
ផ្សោតទន្លេមេគង្គជារតនៈសម្បត្តិជាតិមានជីវិត ហើយប្រជាជនខ្មែរមានជំនឿថា «ទីណាមានផ្សោត ទីនោះមានត្រី»។ រយៈពេល៩ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានផ្សោតកើតថ្មី៨ក្បាល និងងាប់ទៅវិញ២ក្បាល ធៀបនឹងឆ្នាំ២០២៣ មានផ្សោតកើតថ្មី៨ក្បាល តែងាប់រហូតដល់៥ក្បាល។
ផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាផ្សោតមួយប្រភេទក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ រស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួន៣ប៉ុណ្ណោះលើពិភពលោក ក្នុងនោះរួមមាន ទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូណេស៊ី)៕