ព្យុះទីហ្វុង Yagi វាយបក់លើខេត្ត Hainan ប្រទេសចិន ធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់
ព្យុះដ៏មានឥទ្ធិពលបំផុតនៅអាស៊ីក្នុងឆ្នាំនេះ គឺព្យុះទីហ្វុង Yagi បានវាយបោកបក់ដល់ដីគោកនៅខេត្តហៃណាន របស់ប្រទេសចិន កាលពីថ្ងៃសុក្រ នាំមកនូវសន្ទុះខ្យល់និងភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យដាច់ចរន្តអគ្គិសនី ធ្វើឱ្យជាប់គាំងខេត្តកោះទេសចរណ៍ដែលគេស្គាល់ថា «កោះហាវ៉ៃរបស់ចិន»។
ដោយនាំមកនូវកម្លាំងខ្យល់អតិបរមា ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង នៅជិតចំណុចកណ្តាលរបស់វា ព្យុះទីហ្វុង Yagi ត្រូវបានចុះបញ្ជីជាព្យុះស៊ីក្លូនត្រូពិកមានឥទ្ធិពលបំផុតទីពីររបស់ពិភពលោក ក្នុងឆ្នាំ ២០២៤ រហូតមកដល់ពេលនេះ បន្ទាប់ពីព្យុះសង្ឃរាប្រភេទទី៥ Beryl ។
បន្ទាប់ពីមានកម្លាំងកើនឡើងទ្វេដងចាប់តាំងពីបានបណ្តាលឲ្យមនុស្ស១៦នាក់ស្លាប់ នៅប្រទេសហ្វីលីពីនភាគខាងជើងកាលពីដើមសប្តាហ៍នេះ ព្យុះទីហ្វុង Yagi បានវាយបក់ចូលទីក្រុង Wenchang ក្នុងខេត្ត Hainan កាលពីរសៀលថ្ងៃសុក្រ។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បាននិយាយថា ជាងមួយម៉ោងបន្ទាប់ពីការមកដល់នៃព្យុះទីហ្វុង Yagi ខេត្តហៃណានបានមើលឃើញពីការដាច់ចរន្តអគ្គិសនី ធ្វើឲ្យប៉ះពាល់ដល់គ្រួសារចំនួន ៨៣០.០០០គ្រួសារ នៅក្នុងខេត្តនេះ។
សារព័ត៌មានស៊ីនហួ បានរាយការណ៍ថា នាយកដ្ឋានផ្គត់ផ្គង់ថាមពលខេត្ត បានដាក់ក្រុមសង្គ្រោះបន្ទាន់មានសមាជិក៧.០០០នាក់ ដែលបានចាប់ផ្តើមជួសជុលភ្លាមៗតាមលក្ខខណ្ឌត្រូវបានអនុញ្ញាត។
គិតត្រឹមយប់ថ្ងៃសុក្រ ថាមពលអគ្គិសផ្គត់ផ្គង់ដល់២៦០.០០០គ្រួសារ ត្រូវបានស្ដារឡើងវិញ។
មុនពេលការមកដល់នៃព្យុះ Yagi កោះដែលល្បីល្បាញដោយសារឆ្នេរខ្សាច់ និងសណ្ឋាគារដ៏ប្រណិតមួយនេះ បានលុបចោលជើងហោះហើរ និងនាវាចម្លង បិទអាជីវកម្ម និងបានប្រាប់ប្រជាជនរបស់ខ្លួនជាង១០ លាននាក់ មិនឱ្យចេញទៅខាងក្រៅ។
ព្យុះទីហ្វុងនេះ បានបានបណ្តាលឲ្យបិទសាលារៀន អាជីវកម្ម និងបណ្តាញដឹកជញ្ជូនក្នុងទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងខេត្តក្វាងទុង ព្រមទាំងអាកាសយានដ្ឋានក្នុងប្រទេសវៀតណាម ដែលត្រូវបានព្យាករណ៍ថានឹងវាយបក់ទៅលើប្រទេសឡាវ នៅចុងសប្តាហ៍នេះ។