• The People Post

ព្យុះទីហ្វុង Yagi បានសម្លាប់មនុស្ស ៤នាក់ ក្រោយបោកបក់ដល់ដីគោកនៅភាគខាងជើង​ប្រទេសវៀតណាម

ព្យុះទីហ្វុង Yagi ដែលជាព្យុះមានកម្លាំងខ្លាំងបំផុតនៅអាស៊ីក្នុងឆ្នាំននេះ បានសម្លាប់​មនុស្ស​យ៉ាងហោច ៤នាក់ ក្រោយបោកបក់ដល់ដីគោក​នៅភាគខាងជើងប្រទេសវៀតណាម ។

មជ្ឈ​មណ្ឌល​ព្រមានព្យុះស៊ីក្លូនត្រូពិចឥណ្ឌូ-ប៉ាស៊ីហ្វិក បាននិយាយថា ព្យុះមួយនេះ បានវាយប្រហារខេត្ត Hai Phong និងខេត្ត Quang Ninh ជាមួយកម្លាំងខ្យល់បក់ ២០៣គ.មក្នុង ១ម៉ោង កាលពីព្រឹកថ្ងៃសៅរ៍ ក្រោយបោកឆ្លងកាត់ខេត្តហៃណាន របស់ចិន ។

ខ្យល់បោកបក់ខ្លាំង និងកម្ទេចកម្ទីហើរ បណ្តាលឲ្យខូចខាតអគារ និងរថយន្ត ក្នុងនោះដើមឈើរលំបណ្តាលឲ្យកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុងហាណូយ ។

សារព័ត៌មានរដ្ឋ រាយការណ៍ថា មនុស្ស ៣នាក់ បានស្លាប់នៅខេត្តភាគខាងជើង Quang Ninh កាលពីថ្ងៃសៅរ៍ ក្នុងនោះមនុស្សម្នាក់ទៀតបានស្លាប់នៅខេត្ត Hai Duong ជិតទីក្រុងហាណូយ ហើយមនុស្សប្រហែល ៧៨នាក់ ត្រូវបានគេគិតថា រងរបួសនៅក្នុងតំបន់ ។ ចំណែកឯអ្នកនេសាទរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅក្នុងសមុទ្រ ។

ដោយឡែក មនុស្សយ៉ាងហោច ៣នាក់ បានស្លាប់នៅក្នុងប្រទេសចិន ដោយសារព្យុះ ហើយមនុស្សជាតិ ១០០នាក់ បានរងរបួស ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ផ្គររន្ទះ ភ្លៀង និងខ្យល់បក់បោកខ្លាំង ដែលបានវាយប្រហារខេត្តហៃណាន ។

សូមបញ្ជាក់ថា ព្យុះ Yagi បានបោកបក់ដល់ដីនៅកោះហៃណាន កាលពីថ្ងៃសុក្រ ជាមួយកម្លាំងខ្យល់អតិបរមា ២៣៤គ.មក្នុងមួយម៉ោង នៅជិតចំណុចកណ្តាលរបស់វា ដោយបានបោកបក់រំលើងដើមឈើ និងជន់លិចផ្លូវ ហើយកាត់ផ្ដាច់ថាមពលដល់លំនៅឋានជាង ៨ម៉ឺនគ្រួសារ ៕