លោក ពូទីន៖ រុស្ស៊ី ព្រមចរចាបញ្ចប់សង្គ្រាម តែត្រូវធ្វើតាមល័ក្ខខ័ណ្ឌ ដែលរុស្ស៊ីជាអ្នកកំណត់
ជាច្រើនខែមកហើយដែល រុស្ស៊ី តែងព្យាយាមបង្ហាញទៅកាន់ពិភពលោកថា គឺភាគីអ៊ុយក្រែន ដែលជាអ្នកបដិសេធ មិនព្រមចរចា ស្វែងរកផ្លូវបិទបញ្ចប់សង្គ្រាម ដែលអូសបន្លាយជាង ២ ឆ្នាំមកនេះ។ តែ រុស្ស៊ីខ្លួនឯងផ្ទាល់វិញ ក៏តែងផ្លាស់ប្តូរជំហរ ច្រើនលើកច្រើនសា ជុំវិញល័ក្ខខ័ណ្ឌនានា ដែលអាចនាំទៅដល់ កិច្ចព្រមព្រៀងសន្តិភាពមួយ រវាងភាគីទាំងពីរ។
ជាឧទាហរណ៍ ក្រោយពីអ៊ុយក្រែនបានបើកប្រតិបត្តិការសងសឹក ដោយវាយលុកចូលខេត្តរុស្ស៊ី Koursk នៅដើមខែ សីហា កន្លងទៅ វិមានក្រេមឡាំង បានបដិសេធដាច់អហង្ការ រាល់ការចរចាទាំងឡាយណា ជាមួយក្រុងកៀវ។ ដោយឡែក មុននេះបន្តិច ក្នុងខែមិថុនា ឆ្នាំ ២០២៤ លោកពូទីន ធ្លាប់បាននិយាយថា គាត់នឹងបញ្ឈប់សង្គ្រាម លុះណាតែ អ៊ុយក្រែន បោះបង់មហិច្ឆតាខ្លួន ចង់ចូលជាសមាជិក បក្សសម្ព័ន្ធអូតង់ ហើយព្រមប្រគល់មកឲ្យរុស្ស៊ី ខេត្តអ៊ុយក្រែន ៤ ផ្សេងទៀត បន្ថែមពីលើតំបន់ គ្រីមេ ដែលរុស្សីកាត់យក កាលពីឆ្នាំ ២០១៤។ ប៉ុន្តែ អ៊ុយក្រែន បានបដិសេធការទាមទារទាំងនេះ ព្រោះវាបានន័យថា អ៊ុយក្រែន នឹងសុខចិត្តចុះចាញ់សង្គ្រាមទាំងស្រុង។
ជុំវិញ បទចរចា រុស្ស៊ី-អ៊ុយក្រែន កាលពីឆ្នាំ ២០២២ ពោលគឺនៅក្រោយបន្តិច បន្ទាប់ពី សង្គ្រាមបានផ្ទុះឡើង ម៉ូស្គូ បានចោទក្រុមប្រទេសបស្ចិមលោកថា ជាអ្នកញុះញង់ ក្រុងកៀវ មិនឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលនោះ ដើម្បីបញ្ឈប់សង្គ្រាម។ តែ អ៊ុយក្រែន បានច្រានចោល ការបកស្រាយ ខាងលើ។
សូមរំឭកឡើងវិញថា កងទ័ពរុស្ស៊ី បានវាយសម្រុកចូលអ៊ុយក្រែន នៅថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២២ ដែលកាលនោះ រុស្ស៊ី ចាត់ទុកជាប្រតិបត្តិការផ្លេកបន្ទោរ។ ប៉ុន្តែ ក្រោយពីអ៊ុយក្រែន តដៃយ៉ាងស្វិតស្វាញ អស់ប៉ុន្មានសប្តាហ៍មក កងកម្លាំងរុស្ស៊ី បានបង្ខំចិត្តច្បាំងដោយដកថយ នៅប៉ែកខាងជើងពីក្រងកៀវ កាលពីចុងត្រីមាសទី១ និង ដើមត្រីមាសទី២ ឆ្នាំ ២០២២។ គឺនៅក្នុងបរិបទនេះហើយ ដែលការចរចា ទី ១ បានរៀបចំឡើងនៅទីក្រុង អ៊ីស្តង់ប៊ូល ប្រទេសតួគី តែពុំទទួលបានផ្លែផ្កាអ្វីឡើយ ដូចមាននិយាយ ពីខាងលើ៕