• The People Post

ប្រមុខUN ចាត់ទុកការស្លាប់ និងការបំផ្លាញនៅហ្កាហ្សា ថាអាក្រក់បំផុតដែលលោកមិនធ្លាប់ជួបប្រទះ

ប្រមុខអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ ទី៩ ខែកញ្ញា ថា អង្គការសហប្រជាជាតិ បានស្នើឱ្យតាមដានបទឈប់បាញ់ណាមួយនៅក្នុងតំបន់ហ្កាហ្សា និងទាមទារឱ្យបញ្ចប់ការសម្លាប់ និងការបំផ្លិចបំផ្លាញដ៏អាក្រក់បំផុត ដែលលោកមិនធ្លាប់បានជួបប្រទះនៅក្នុងអាណត្តិជាង៧ឆ្នាំរបស់លោក។

អគ្គលេខាធិការ លោក Antonio Guterres បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Associated Press (AP) ថា វាជារឿងមិនពិតទេ ដែលគិតថា អង្គការសហប្រជាជាតិ អាចដើរតួនាទីក្នុងពេលអនាគតនៅតំបន់ហ្កាហ្សា ទាំងការគ្រប់គ្រងដែនដី ឬការផ្តល់កងកម្លាំងរក្សាសន្តិភាព ព្រោះតែ អ៊ីស្រាអែល ទំនងជាមិនទទួលយកតួនាទីរបស់អង្គការសហប្រជាជាតិនោះទេ។

ប៉ុន្តែលោកបាននិយាយថា «អង្គការសហប្រជាជាតិ នឹងអាចធ្វើទៅបានដើម្បីគាំទ្របទឈប់បាញ់ណាមួយ»។

អង្គការសហប្រជាជាតិ មានបេសកកម្មត្រួតពិនិត្យយោធានៅតំបន់មជ្ឈិមបូព៌ា ដែលត្រូវបានគេស្គាល់ថា UNTSO ចាប់តាំងពីឆ្នាំ១៩៤៨មក ។

លោក Guterres និយាយថា «ពិតណាស់ យើងនឹងត្រៀមខ្លួន ធ្វើអ្វីដែលសហគមន៍អន្តរជាតិ បានស្នើសុំមកយើង»។ សំណួរ គឺថាតើ ភាគីនានានឹងទទួលយកការស្នើនេះឬយ៉ាងណា ហើយជាពិសេស ថាតើអ៊ីស្រាអែល នឹងទទួលយកវាដែរឬទេ។

ការវាយលុកដោយយោធារបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា បានអូសបន្លាយរយៈពេល ១១ ខែ ដោយកិច្ចចរចាបទឈប់បាញ់នាពេលថ្មីៗនេះ ពុំបានឈានដល់ការទម្លាយភាពទាល់ច្រក និងអំពើហិង្សានៅតំបន់ West Bank ឲ្យឈានដល់កម្រិតខ្ពស់ថ្មីនោះទេ។