មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បញ្ជាឱ្យត្រៀមបង្កើនចំនួនអាវុធនុយក្លេអ៊ែរ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារ (១០ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានថ្លែងនៅក្នុងសុន្ទរកថាមួយក្នុងខួបនៃការបង្កើតប្រទេសកាលពីថ្ងៃចន្ទថា កូរ៉េខាងជើងកំពុងអនុវត្តគោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែរដើម្បីបង្កើនចំនួនអាវុធនុយក្លេអ៊ែរ «ឱ្យបានកាន់តែលឿនបំផុត»។
KCNA បានឱ្យដឹងថា លោក គីម បានបញ្ជាក់ថា កូរ៉េខាងជើងត្រូវតែរៀបចំឱ្យបានហ្មត់ចត់បន្ថែមទៀតនូវ «សមត្ថភាពនុយក្លេអ៊ែរ និងការត្រៀមខ្លួនដើម្បីប្រើប្រាស់អាវុធទាំងនោះឱ្យបានត្រឹមត្រូវគ្រប់ពេលវេលាក្នុងការធានាសិទ្ធិសន្តិសុខរបស់រដ្ឋ»។
លោក Kim បានបន្ថែមថា វត្តមានយោធាដ៏រឹងមាំ គឺចាំបាច់ដើម្បីប្រឈមមុខនឹង «ការគំរាមកំហែងផ្សេងៗ ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងបក្ខពួករបស់ពួកគេ»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង កាលពីខែមុនបានព្រមានថា ការពង្រឹងទំនាក់ទំនងត្រីភាគីជាមួយទីក្រុងវ៉ាស៊ីនតោន ប្រថុយនឹងការបង្វែរប្រជាជនកូរ៉េខាងត្បូង និងជប៉ុន ឱ្យក្លាយជា «អ្នករងកាណុងគ្រាប់នុយក្លេអ៊ែរ» បើមានការវាយប្រហារណាមួយកើតឡើង។
មេដឹកនាំកូរ៉េខាងជើង លោក គីម បានបញ្ជាក់ជាថ្មីនូវជំហររបស់ខ្លួនថា ការស្តុកទុក និងការកែលម្អប្រព័ន្ធអាវុធនុយក្លេអ៊ែររបស់ប្រទេស គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីទប់ទល់នឹងអ្វីដែលលោកបាននិយាយថា ជាការគំរាមកំហែងនុយក្លេអ៊ែរ និងសម្ពាធពីសហរដ្ឋអាមេរិក៕