• The People Post

បច្ចេកទេសសាមញ្ញ ៥ ដើម្បីកាត់បន្ថយភាពតានតឹងត្រឹម ៥នាទី

ភាពតានតឹងអាចរំខានការផ្ដោតអារម្មណ៍ ការបំពេញការងារប្រចាំថ្ងៃ និងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ការគ្រប់គ្រង និងកាត់បន្ថយភាពតានតឹងពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ការសិក្សាជាច្រើនបានបង្ហាញគន្លឹះចំនួន ៥ ដែលអាចជួយអ្នកកាត់បន្ថយអារម្មណ៍តានតឹង ធ្វើឱ្យចិត្តស្ងប់ និងមានអារម្មណ៍ធូរស្បើយត្រឹមពេល ៥នាទី។

១. ញ៉ាំទឹកមួយកែវ ៖ នៅពេលដែលអ្នកតានតឹងសូមពិសាទឹកឱ្យបានមួយកែវ។ ការរក្សាជាតិទឹកមានសារៈសំខាន់ណាស់សម្រាប់សុខភាពទូទៅរបស់អ្នក ហើយការទទួលទានទឹកក៏អាចកាត់បន្ថយកម្រិត នៃភាពតានតឹងផងដែរ។ យោងតាម World Journal of Psychiatry បានបង្ហាញថា អ្នកដែលទទួលទានទឹកគ្រប់គ្រាន់ មានហានិភ័យនៃភាពថប់បារម្ភ ការតានតឹង និងធ្លាក់ទឹកចិត្ត ក្នុងកម្រិតទាប បើប្រៀបធៀបនឹងអ្នកដែលទទួលទានទឹកតិច។

២. ដកដង្ហើមវែងៗ ៖ លំហាត់ដកដង្ហើមវែងៗអាចកាត់បន្ថយកម្រិតនៃភាពតានតឹងបានឆាប់រហ័ស។ សកម្មភាពនៃការដកដង្ហើមយឺតៗរបស់អ្នក គឺជាការឆ្លើយតបទៅនឹងការសម្រាករបស់រាងកាយ, ដូច្នេះ អ្នកអាចដង្ហើមចូលវែងៗ ហើយសង្កត់ត្រឹមពីរ ឬបីវិនាទី បន្ទាប់មកបញ្ចេញខ្យល់តាមមាត់របស់អ្នកវិញ។ ការធ្វើចលនាដង្ហើមរបៀបនេះ មិនត្រឹមតែធ្វើឱ្យប្រព័ន្ធប្រសាទរបស់អ្នកស្ងប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអ្នកក្នុងការផ្ដោតអារម្មណ៍ និងងាកមករស់ក្នុងបច្ចប្បន្នភាព។

៣. ស្ដាប់តន្ត្រី ៖ តន្រ្តីមានឥទ្ធិពលវិជ្ជមានខ្លាំងលើអារម្មណ៍របស់អ្នក ហើយមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងភាពតានតឹង។ ការសិក្សាដែលបានចុះផ្សាយក្នុង ទិនានុប្បវត្តិ PLOS One បានរកឃើញថា តន្ត្រីដើរតួនាទីសំខាន់ ក្នុងការព្យាបាលភាពតានតឹង និងជំរុញឱ្យអ្នកមានអារម្មណ៍សម្រាកខ្ពស់។ អ្នកអាចស្ដាប់ប្រភេទណាមួយ ដែលអ្នកយល់ថា អាចបន្ធូរអារម្មណ៍របស់អ្នក និងជាប្រភេទតន្ត្រីដែលអ្នកចូលចិត្ត។

៤. ប្រើទៀនក្រអូប ៖ ក្រៅពីអនុវត្តបច្ចេកទេសផ្សេងៗ ការប្រើទានក្រអូបក៏អាចគ្រប់គ្រងភាពតានតឹងផងដែរ។ យោងតាមការសិក្សារបស់ National Library of Medicine បានបង្ហាញថា ទៀនក្រអូប មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពផ្លូវចិត្ត តាមរយៈការកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ។ អ្នកអាចជ្រើសរើសក្លិនណាមួយ ដែលអ្នកចូលចិត្ត ដូចជា ផ្កាឡាវែនឌឺ ក្លិនក្រូច ឬក៏ក្លិនផ្សេងៗជាច្រើនទៀត។

៥. ចេញទៅក្រៅ ៖ បើប្រៀបធៀបនឹងការអង្គុយពេញមួយថ្ងៃ និងការចេញទៅខាងក្រៅ ៥នាទីរៀងរាល់ម៉ោង ឬ៤ ទៅ៥ដងក្នុងមួយថ្ងៃ អាចជំរុញឱ្យអ្នកមានអារម្មណ៍ធូរស្បើយភា្លមៗ។ ការស្រូបយកខ្យល់អាកាសបរិសុទ្ធ ពន្លឺ ធម្មជាតិ និងធ្វើចលនារាងកាយ នឹងធ្វើឱ្យសុខុមាលភាពរបស់អ្នកប្រសើរឡើង។ ការអនុវត្តវិធីសាស្ត្រសម្រាកខ្លីៗ ដើម្បីបន្ធូរអារម្មណ៍ សង្កេតមើលអ្វីៗជុំវិញខ្លួន និងភ្ជាប់ខ្លួនជាមួយខ្យល់អាកាសបន្តិច ជាផ្នែកមួយដ៏សំខាន់ ដែលអាចកាត់បន្ថយអារម្មណ៍តានតឹង៕