រដ្ឋមន្ត្រីប្រចាំរដ្ឋ ស្នើសុំលាលែងពីតំណែង ខណៈវេជ្ជបណ្ឌិតបន្តការតវ៉ាជុំវិញករណីរំលោភនៅក្រុង Kolkata
រដ្ឋមន្ត្រីប្រចាំរដ្ឋ West Bengal លោកស្រី Mamata Banerjee បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា លោកស្រី បានត្រៀមខ្លួនដើម្បីលាលែងពីតំណែង បន្ទាប់ពីមានករណីរំលោភនិងសម្លាប់ វេជ្ជបណ្ឌិត ហាត់ការនៅក្នុងទីក្រុង Kolkata ហើយបានស្នើសុំក្រុមវេជ្ជបណ្ឌិតដែលកំពុងតវ៉ាឱ្យចូលធ្វើការវិញ។ ករណីរំលោភនិងសម្លាប់កាលពីថ្ងៃទី៩ ខែសីហា លើវេជ្ជបណ្ឌិតស្ត្រីវ័យ៣១ឆ្នាំ បានបង្កឱ្យមានកំហឹងនៅទូទាំងប្រទេស ជាការតវ៉ាដ៏រាលដាល ដោយក្រុមអ្នកធ្វើយុទ្ធនាការ និយាយថាស្ត្រីបន្តទទួលរងនូវអំពើហិង្សាផ្លូវភេទក្នុងកម្រិតខ្ពស់ ទោះបីជាមានច្បាប់តឹងរ៉ឹងក៏ដោយ។
តុលាការកំពូល កាលពីថ្ងៃច័ន្ទ ទី៩ ខែកញ្ញា បានស្នើឱ្យវេជ្ជបណ្ឌិតចូលធ្វើការវិញ ប៉ុន្តែក្រុមអ្នកតវ៉ាបានបំពានទៅនឹងកាលបរិច្ឆេទកំណត់ ហើយបានប្តេជ្ញាបន្តធ្វើកូដកម្ម ដរាបណាការទាមទាររបស់ពួកគេត្រូវបានបំពេញ។
កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Banerjee បានអំពាវនាវឱ្យមានការជួបគ្នាជាមួយវេជ្ជបណ្ឌិតដែលកំពុងតវ៉ា ប៉ុន្តែក្រោយមកបានបដិសេធមិនចូលរួមកិច្ចពិភាក្សានេះវិញ បន្ទាប់ពីរដ្ឋាភិបាល មិនយល់ព្រមចេញផ្សាយដំណើរការនីតិវិធី ដោយលើកឡើងថាបញ្ហានេះស្ថិតនៅក្រោមការពិចារណារបស់តុលាការ។
វេជ្ជបណ្ឌិតដែលកំពុងតវ៉ា បានទាមទារឱ្យលោកស្រី Banerjee លាលែងពីតំណែង ជុំវិញការគ្រប់គ្រងមិនបានល្អតាមដែលបានចោទប្រកាន់ចំពោះឧបទ្ទវហេតុនេះ។
ខណៈបាតុកម្មជាច្រើន នៅក្នុងរដ្ឋផ្សេងទៀត ត្រូវបានផ្អាកជាបណ្តើរៗ បន្ទាប់ពីតុលាការកំពូលបានបង្កើតក្រុមការងារសុវត្ថិភាពនៅមន្ទីរពេទ្យ ប៉ុន្តែក្រុមវេជ្ជបណ្ឌិតនៅរដ្ឋWest Bengal ជាកន្លែងឧបទ្ទវហេតុបានកើតឡើងនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ R.G. Kar និងមន្ទីរពេទ្យក្នុងទីក្រុង Kolkata បានបន្តការតវ៉ារបស់ពួកគេ។