លោក Putin ព្រមានលោកខាងលិចពីការប្រឈមសង្រ្គាម បើគាំទ្រអ៊ុយក្រែនឲ្យវាយប្រហារចូលជ្រៅក្នុងដីរុស្ស៊ី
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានលោកខាងលិចកាលពីថ្ងៃព្រហស្បតិ៍១២កញ្ញាសប្ដាហ៍នេះថាការបើកដៃឱ្យអ៊ុយក្រែនប្រើអាវុធចម្ងាយឆ្ងាយវាយប្រហារគោលដៅនានានៅក្នុងប្រទេសរបស់លោក នឹងដាក់អង្គការណាតូឲ្យធ្វើសង្រ្គាមជាមួយរុស្ស៊ីហើយ។
ការព្រមានយ៉ាងម៉ឺងម៉ាត់នេះ បានកើតឡើងនៅពេលក្រុមមន្ត្រីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានពិភាក្សាអំពីការទាមទាររបស់ទីក្រុង Kyiv ដើម្បីឱ្យបន្ធូរបន្ថយលក្ខខណ្ឌលើការប្រើប្រាស់អាវុធរបស់លោកខាងលិចវាយប្រហារចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី ខណៈការលុកលុយរបស់ទីក្រុងមូស្គូចូលអ៊ុយក្រែន មានរយៈពេលជាងពីរឆ្នាំកន្លះហើយ។
ទន្ទឹមនឹងនោះ ទីក្រុងមូស្គូ ក៏បានអះអាងដែរថា ខ្លួនបានដណ្តើមយកមកវិញនូវទឹកដីមួយភាគធំនៅក្នុងតំបន់ ឃើស (Kursk) ភាគខាងលិចរបស់ខ្លួន ជាទីដែលកងកម្លាំងអ៊ុយក្រែន បានវាយរុលទៅមុខក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ការលើកឡើងបែបនេះរបស់លោក Putin បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានសន្យាថា ទីក្រុងវ៉ាស៊ីនតោន នឹងពិនិត្យឡើងវិញឲ្យបានឆាប់នូវសំណើដ៏យូររបស់ទីក្រុង Kyiv សម្រាប់ការកំណត់បន្ថែមទៀតក្នុងការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចដើម្បីវាយប្រហារគោលដៅនៅក្នុងទឹកដីរបស់រុស្ស៊ី។
លោកប្រធានាធិបតីរុស្ស៊ី រូបនេះ បានប្រាប់អ្នកសារព័ត៌មានទូរទស្សន៍រដ្ឋថា ការរុញរបស់លោកខាងលិចនឹងផ្លាស់ប្តូរស្ថានភាពជម្លោះដ៏សំខាន់។
លោកបានបន្តថា បើមានការផ្ដល់អាវុធរយៈចម្ងាយឆ្ងាយមែន នោះនឹងមានន័យថាបណ្ដាប្រទេស សម្ព័ន្ធយោធាណាតូ អាមេរិក ក៏ដូចជាបណ្តាប្រទេសអឺរ៉ុប កំពុងមានសង្គ្រាមជាមួយរុស្ស៊ីដោយផ្ទាល់ហើយ៕