• The People Post

៤គន្លឹះនៃការចាប់ផ្តើមកិច្ចសន្ទនាជាទូទៅ

 

 

ក្នុងកម្មវិធីជួបជុំនីមួយៗ មនុស្សម្នា ប្រឹងប្រែងប្រើប្រាស់ពាក្យពេចន៍ និងសំណួរប្លែកៗ ដើម្បីទំនាក់ទំនងគ្នា ជាពិសេស គឺព្យាយាមនិយាយជាមួយមនុស្សដែលមិនធ្លាប់ស្គាល់គ្នាពីមុនមក។ ការបង្កើតបរិយាកាសមួយឱ្យមានផាសុកភាពចំពោះកិច្ចសន្ទនាថ្មីៗ គេត្រូវការគន្លឹះ ឬវិធីសាស្រ្តសម្បូរបែប រួមទាំងយល់អំពីសារៈសំខាន់នៃការចាប់ផ្តើមកិច្ចសន្ទនាជាមុនសិន។ កិច្ចសន្ទនាដែលល្អ មិនមែនផ្តោតតែទៅលើការប្រមូលព័ត៌មានពីគ្នាតែមួយមុខនោះទេ នៅមានជាប់ទាក់ទងនឹងមូលដ្ឋានគ្រឹះនៃការកសាងមិត្តភាព សហប្រតិបត្តិការភាពជាដៃគូ រួមទាំងការបង្កើនវិសាលភាពនៃឱកាសការងារ។ ការមានជំនាញសន្ទនាល្អ ដើរតួនាទីសំខាន់ជួយបង្កើនភាពរីកចម្រើនក្នុងអាជីពការងារ បង្កឱ្យបរិយាកាសមានផាសុកភាព បង្កើនក្ដីរីករាយនៅកន្លែងការងារ និងបំផុសអារម្មណ៍សុវត្ថិភាពទៅកាន់មនុស្សជុំវិញខ្លួន។
អ្វីដែលគួរឱ្យយកចិត្តទុកដាក់ ឬកត់សម្គាល់បន្ថែមនោះ គឺ មិនមែនមនុស្សគ្រប់គ្នាសុទ្ធសឹងតែត្រូវការរបៀបសន្ទនាមួយដែលប្រកប​ដោយភាពមាំទាំ ឬក៏និយាយបែបផ្លូវការរហូតនោះទេ។ មនុស្សមួយចំនួន ត្រូវការរបៀបទំនាក់ទំនងបែបកំប្លុកកប្លែង សាមញ្ញៗ។ ដូច្នេះក្នុងនាមជាបុគ្គលម្នាក់ ដែលមានបំណងញ៉ាំងកិច្ចសន្ទនាឱ្យមានភាពល្អប្រសើរ ត្រូវកត់ចំណាំអំពីភាពខុសគ្នា ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ រួមទាំងភាពចម្រុះនៃបរិយាកាសផងដែរ។ តាមរយៈគេហទំព័រ Best Life បានបង្ហាញគន្លឹះ៤ចំណុចជួយឱ្យការចាប់ផ្តើមទំនាក់ទំនងជាមួយក្រុមមនុស្សថ្មីៗ។
១. រៀបចំខ្លួនមុននឹងចាប់ផ្តើមកិច្ចសន្ទនា ៖ អ្នកអាចនឹងទទួលបាននូវបទពិសោធន៍ ដោយស្ថិតនៅក្នុងទីចំណោមមួយ ពោរពេញដោយអារម្មណ៍ហេលហាល ព្រោះមិនដឹងថាត្រូវនិយាយអ្វី ឬចាប់ផ្តើមដោយរបៀបណា? ប្រសិនបើស្ថិតក្នុងស្ថានការណ៍បែបនេះ ញឹកញយ លោកអ្នកគួរតែត្រៀមខ្លួនក្នុងការចាប់ផ្តើមពាក្យពេចន៍ ឬសំណួរ មុននឹងចាប់ផ្តើមនិយាយទៅកាន់នរណាម្នាក់។
ការចាប់ផ្តើម ត្រូវតែត្រៀមខ្លួនឱ្យរួចរាល់ក្នុងការណែនាំខ្លួនឯងទៅកាន់អ្នកដទៃ មានដូចជា ឈ្មោះ និងព័ត៌មានមួយចំនួនដើម្បីឱ្យគេអាចស្គាល់អំពីអ្នកបន្ថែម រួមទាំងផ្តល់ភាពងាយស្រួលក្នុងការឱ្យអ្នកដទៃមានឱកាសសួរនាំអ្នកវិញ។ បន្ថែមពីនោះ ការតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃក្នុងសង្គម ឬពិភពលោក ក៏ជាចំណែកមួយជួយឱ្យអ្នកមានទំនុកចិត្តក្នុងការសន្ទនា ក៏ដូចជាការជជែកឆ្លើយឆ្លងជាមួយអ្នកដទៃ។
២. ប្រើប្រាស់សំណួរបើក ៖ សំណួរបើកត្រង់ចំណុចនេះ ចង់សំដៅលើ ការចាប់ផ្តើមសួរសំណួរសាមញ្ញៗ ងាយយល់ និងធ្វើយ៉ាងណាទុកឱកាសឱ្យអ្នកឆ្លើយ មានអារម្មណ៍ថាងាយស្រួយក្នុងការយល់ន័យសំណួរ។ ការបើកឱកាស និងលើកទឹកចិត្តឱ្យភាគីនីមួយៗ ចែករំលែកការគិត និងបទពិសោធន៍ក៏ជាចំណុចពិសេសក្នុងការចាប់ផ្តើមដែរ។ អ្វីដែលគួរតែជៀសវាងក្នុងកិច្ចសន្ទនាដំបូងនោះគឺ ការសួរសំណួរដែលរុញឱ្យអ្នកដទៃត្រូវឆ្លើយបានត្រឹមប្រយោគ ចាស ឬបាទ។
៣. សួរអំពីបទពិសោធន៍ជីវិត ៖ ភាពស៊ីជម្រៅនៃកិច្ចសន្ទនា មិនមែនគ្រាន់តែមនុស្សចេះនិយាយច្រើន ឬក៏សួរសំណួរបានច្រើនក៏គ្រប់គ្រាន់នោះទេ ទន្ទឹមគ្នានោះគឺត្រូវបង្ហាញអំពីស្មារតីស្មោះត្រង់សួរទៅកាន់ភាគីម្ខាងទៀត សួរអំពីបទពិសោធន៍នៃការរស់នៅរបស់ពួកគេ និងបង្ហាញការចាប់អារម្មណ៍របស់អ្នកទៅកាន់មនុស្សដែលកំពុងតែនិយាយជាមួយ។
៤. ស្វែងរកភាពដូចគ្នា ឬប្រហាក់ប្រហែលគ្នា ៖ ការចែករំលែកអំពីចំណាប់អារម្មណ៍ និងបទពិសោធន៍ គឺជាជំហានដ៏មុតស្រួចនាំទំនាក់ទំនងដើរទៅមុខបានល្អ។ ហើយបើរកឃើញចំណុចដូចគ្នាច្រើន គឺនឹងកាន់តែជំរុញកិច្ចសន្ទនាឱ្យមានភាពប្រទាក់ក្រឡាគ្នា និងភាពរីករាយបន្ថែម៕