នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿង ក្នុងចំណោមពីរគ្រឿង បានចាកចេញពីតំបន់មជ្ឈិមបូព៌ា
ក្រសួងការពារជាតិសហរដ្ឋអាមេរិកនិយាយថា នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿងក្នុងចំណោមពីរគ្រឿង ដែលត្រូវបានដាក់ពង្រាយនៅតំបន់មជ្ឈិមបូព៌ា បានចាកចេញពីតំបន់នេះ ប៉ុន្តែនឹងបន្តតាមដានសកម្មភាពរបស់ប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់ នៅតែនិយាយព្រលយពាក្យពីការវាយប្រហារសងសឹក លើអ៊ីស្រាអែល។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ផាត រ៉ាយឌ័រ(Pat Ryder) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាផ្ទុកយន្តហោះ យូអេសអេស ស្សេអូឌ័រ រូសេវែល(USS Theodore Roosevelt) បានចាប់ផ្តើមធ្វើដំណើរទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ក្រុមនេះ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា តាំងពីមុនពេលនៃការមកដល់ក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះ យូអេសអេស អាប្រាហាម លីនខូល(USS Abraham Lincoln) ក្នុងខែសីហា។ Abraham Lincoln ត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh កាលពីខែកក្កដាក្នុងទីក្រុងតេអេរ៉ង់។ អ៊ីរ៉ង់ បានប្រកាសថា ខ្លួននឹងវាយប្រហារអ៊ីស្រាអែល ជាការសងសឹក។
នៅក្នុងសន្និសីទសារព័ត៌មាន អ្នកសារព័ត៌មានម្នាក់បានកត់សម្គាល់ថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមាននៅសល់នាវាផ្ទុកយន្តហោះមួយគ្រឿងនៅក្នុងតំបន់ ហើយបានសួរលោក រ៉ាយឌ័(Ryder) ថាតើ នេះជាការបង្ហាញថា មន្ទីរបញ្ចកោណ គិតថាភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលនឹងធូរស្រាលដែរឬទេ។ លោក Ryder បានឆ្លើយតបថា ក្រសួងរបស់លោកនឹងបន្តទទួលយកការគំរាមកំហែងរបស់អ៊ីរ៉ង់តាមជាក់ស្តែង។ លោក និយាយថា យោធាអាមេរិក តែងតែមាន «សមត្ថភាពបង្កើនកម្លាំង ឬសមត្ថភាពនៅគ្រប់ទីកន្លែង ក្នុងពិភពលោក»។