បណ្ដាប្រទេសនៅអាស៊ីផ្ដល់ជំនួយ និងសាមគ្គីភាព សម្រាប់ជនរងគ្រោះនៅវៀតណាម និងមីយ៉ាន់ម៉ា
រយៈពេល៨ថ្ងៃក្រោយព្យុះត្រូពិកYagi ដ៏មានឥទ្ធិពលវាយប្រហារភាគខាងជើងវៀតណាម ក្រុមអាជ្ញាធរកំពុងមមាញឹកជាមួយនឹងប្រតិបត្តិការសាងសង់ឡើងវិញ និងការសង្គ្រោះដ៏ធំ។ ទឹកជំនន់ និងបំណាក់ដីបង្កឡើងដោយព្យុះទីហ្វុងនេះបានបំផ្លិចបំផ្លាញភាគខាងជើងប្រទេសវៀតណាម ដោយបានឆក់យកជីវិតមនុស្ស ២៧៣នាក់ និង៧៨ នាក់នៅតែបាត់ខ្លួន ខណៈប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជា មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន ឡាវ និងភាគខាងត្បូងប្រទេសចិន ក៏រងផលប៉ះពាល់ផងដែរ ។
ទឹកជំនន់ និងបំណាក់ដីក៏បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២៦ នាក់និង ៧៧បាត់ខ្លួនផងនៅមីយ៉ាន់ម៉ា ដែលបណ្តាលឱ្យមានការរងទុក្ខយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសមួយដែលហែកហួរដោយសង្រ្គាម និងផលប៉ះពាល់នៃសេដ្ឋកិច្ចជាប់គាំងដោយសាររដ្ឋប្រហារ។
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានអំពាវនាវដល់សហគមន៍អន្តរជាតិជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការកសាងឡើងវិញជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ព្រមទាំងប្រទេសផ្សេងៗ។
ទន្ទឹមនឹងនេះ ឥណ្ឌាបានបញ្ជូនជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា វៀតណាម និងឡាវ ដែលជាសញ្ញានៃសាមគ្គីភាព។ ក្រសួងការបរទេសនៅទីក្រុងញូវដែលីបានប្រកាសថា ការផ្គត់ផ្គង់ជំនួយចំនួន ៣៥ តោនសម្រាប់វៀតណាម និង ១០ តោននៃជំនួយសង្គ្រោះសម្រាប់មីយ៉ាន់ម៉ា រួមទាំងអាហារក្រៀម សម្លៀកបំពាក់ និងថ្នាំពេទ្យត្រូវបានដឹកជញ្ជូនរួចរាល់។
ប្រទេសជាសមាជិកអាស៊ាន បានសម្តែងការរំលែកទុក្ខ និងសាមគ្គីភាពពេញលេញជាមួយប្រជាជនក្នុងប្រទេសដែលរងផលប៉ះពាល់ ដោយផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រតាមរយៈមជ្ឈមណ្ឌលសម្របសម្រួលគ្រោះមហន្តរាយអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ៕