• The People Post

ចិន៖ ការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យកោះតៃវ៉ាន់ រំលោភលើគោលការណ៍ចិនតែមួយ

លោក ចាង សៀវកាង (Zhang Xiaogang) អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយនៅថ្ងៃសុក្រ (២០ កញ្ញា) នេះថា ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យកោះតៃវ៉ាន់ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ «គោលការណ៍ចិនតែមួយ» របស់ប្រទេសចិន និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមរវាងចិន និងសហរដ្ឋអាមេរិក។

លោក Zhang បាននិយាយថា ចិនបានបញ្ជូនសារមិនពេញចិត្តតាមការទូតទៅកាន់ភាគីអាមេរិកជុំវិញបញ្ហានេះ។ ប្រទេសចិន កាលពីថ្ងៃពុធ បានប្រកាសជំហានប្រឆាំងនឹងក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងយោធាអាមេរិកចំនួន៩ ជុំវិញការលក់អាវុធរបស់អាមេរិក ទៅឱ្យតៃវ៉ាន់។

គួររម្លឹកថា ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា បានអនុម័តលទ្ធភាពនៃការលក់យុទ្ធោបករណ៍យោធាបរទេសទៅឱ្យកោះតៃវ៉ាន់ នូវគ្រឿងបន្លាស់ដែលមានតម្លៃប្រហែល ២២៨លានដុល្លារ ដែលយោធារបស់កោះតៃវ៉ាន់ និយាយថានឹងជួយរក្សាការត្រៀមខ្លួនប្រយុទ្ធក្នុងការប្រឈមមុខនឹងចិន។

អាមេរិកគឺជាអ្នកគាំទ្រ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ បើទោះបីជាខ្លួនមិនមានទំនាក់ទំនងផ្លូវការជាមួយកោះនេះក៏ដោយ។ ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងពេលប្រាំឆ្នាំចុងក្រោយនេះ ដើម្បីបញ្ជាក់ការអះអាងសិទ្ធិរបស់ខ្លួន ខណៈរិះគន់ទីក្រុងវ៉ាស៊ីនតោន លើការបន្តផ្គត់ផ្គង់សព្វាវុធឱ្យតៃវ៉ាន់៕