• The People Post

សិស្សថ្នាក់ទី៩នៅអនុវិទ្យាល័យទួលថ្ម ផលិតសាប៊ូលាងចានធម្មជាតិ ដើម្បីជួយសិស្សក្រីក្រ

សិស្សថ្នាក់ទី៩ មួយក្រុម នៃអនុវិទ្យាល័យទួលថ្ម ខេត្តកំពង់ចាម បានផលិតសាប៊ូលាងចាន ដាក់លក់នៅក្នុងសាលា។ បើតាមយុវតី សំអាត សោម៉ាវត្តី សាប៊ូលាងចានធម្មជាតិនេះ បានប្រមូលកសិផលរបស់ពលរដ្ឋខេត្តកំពង់ចាម មកច្នៃជាសាប៊ូដើម្បីជួយដល់សិស្សក្រីក្

នាពិព័រណ៌របស់ជ័យលាភីទាំង១០ នៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ដែលរៀបចំនៅខេត្តប៉ៃលិន កាលពីថ្ងៃទី១៣ កញ្ញា អនុវិទ្យាល័យទួលថ្ម ដែលស្ថិតនៅខេត្តកំពង់ចាម បានយកស្នាដៃ និងសមិទ្ធផលជាច្រើនមកតាំងបង្ហាញ ក្នុងនោះក៏មានផលិតផលសាប៊ូលាងចានធម្មជាតិ។ សាប៊ូលាងចានធម្មជាតិនេះ កើតចេញពីស្នាដៃរបស់យុវសិស្ស សំអាត សោម៉ាវត្តី, ជា សុជាតា, ហ៊ុន រ៉ានុត, ហ៊ិន វ៉ាតុន និងរុន សុវណ្ណរិទ្ធ រួមទាំងការជួយបង្ហាត់បង្ហាញពីលោកគ្រូអ្នកគ្រូ។

ក្រូចឆ្មារ ក្រូចសើច ដែលដាំដុះលើទឹកដីខេត្តកំពង់ចាម ត្រូវបានយុវសិស្សវ័យក្មេងថ្នាក់ទី៩ បានរួមដៃគ្នា ផលិតជាសាប៊ូលាងចាន ដើម្បីជួយដល់សិស្សក្រីក្រ និងជួបការលំបាក។ យុវតី សំអាត សោម៉ាវត្តី បានប្រាប់សារព័ត៌មានថ្មីៗថា មូលហេតុដែលផលិតសាប៊ូលាងចាននេះ ដើម្បីរកចំណូលជួយសិស្សក្រីក្រក្នុងសាលា ជាពិសេសខេត្តកំពង់ចាម សម្បូរដោយកសិផលក្រូចឆ្មារ និងក្រូចសើច។

សិស្សថ្នាក់ទី៩រូបនេះ ក៏បានបង្ហាញពីធាតុផ្សំ ដែលកើតចេញពីផលិតផលធម្មជាតិ ដោយក្នុងនោះមាន ទឹកស្អាត, ក្រូចឆ្មារ ឬក្រូចសើច, អំបិល និងមេសាប៊ូ។ សាប៊ូលាងដែលជាស្នាដៃសិស្សអនុវិទ្យាល័យទួលថ្ម មានតម្លៃ ៣ពាន់រៀល ក្នុងមួយដប ដែលមាន៣ពណ៌ គឺពណ៌ស បៃតង និងលឿង។

យុវតីរូបនេះ បានធានាសាប៊ូនេះ មានសុវត្ថិភាពក្នុងការប្រើប្រាស់ និងមិនមានផលប៉ះពាល់។ មុនទទួលជោគជ័យដែលអាចដាក់លក់បាន យុវតី សំអាត សោម៉ាវត្តី ឱ្យដឹងថា ក្រុមពួកគេក៏ឆ្លងកាត់ផលលំបាកមួយចំនួនផងដែរ។ យុវតីរូបនេះ ក៏សំណូមពរឱ្យសាធារណជនជួយគាំទ្រស្នាដៃរបស់ក្រុមនាង ដែលមានបំណងជួយសិស្សក្រីក្រក្នុងសាលា៕