• The People Post

ជប៉ុនប្រឈមកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ ដោយសារចំនួនមនុស្សចាស់កើនខ្ពស់

កាលពីថ្ងៃទី១៥ ខែកញ្ញា ជប៉ុនបានប្រារព្ធ«ទិវាគោរពមនុស្សចាស់ »ដែលជាឱកាសមួយសម្រាប់ប្រជាជនក្នុងប្រទេសដើម្បីបង្ហាញពីការគោរពចំពោះមនុស្សចាស់។ ពេលនេះ ចំនួនមនុស្សចាស់នៅជប៉ុនកាន់តែច្រើនឡើង កំពុងបង្កបញ្ហាប្រឈមជាច្រើនសម្រាប់សេដ្ឋកិច្ចជប៉ុន។

ស្ថិតិដែលចេញផ្សាយដោយរដ្ឋាភិបាលជប៉ុនមុន«ទិវាការគោរពមនុស្សចាស់» បានបង្ហាញថា ប្រជាជនរបស់ប្រទេសនេះដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ បានឈានដល់កម្រិតខ្ពស់បំផុតប្រមាណ ៣៦,២៥លាននាក់។ ទន្ទឹមនឹងការថយចុះនៃចំនួនប្រជាជនជប៉ុន បានធ្វើឲ្យចំនួនមនុស្សចាស់មានអត្រាប្រមាណ២៩,៣ភាគរយ ក្នុងចំណោមប្រជាជនសរុបដែលខ្ពស់ជាងប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។ នេះបើតាមការិយាល័យស្ថិតិនៃក្រសួងកិច្ចការផ្ទៃក្នុងជប៉ុន។

ទីប្រឹក្សាជាន់ខ្ពស់ Robrt Feldman នៃក្រុមហ៊ុន Morgan Stanley MUFG Securities បាននិយាយថា ទិន្នន័យខាងលើបង្កើនការព្រួយបារម្ភអំពីការផ្លាស់ប្តូរប្រជាសាស្រ្ត និងកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរនៅជប៉ុន។

កាលពីខែមុន លទ្ធផលនៃការស្ទង់មតិរបស់ធនាគារទិន្នន័យ Teikoku បានបង្ហាញថា ៥១ភាគរយនៃអាជីវកម្មនៅទូទាំងវិស័យក្នុងប្រទេសជប៉ុន មានកង្វះខាតកម្មករពេញម៉ោង។ បើតាមលោក Feldman កង្វះកម្លាំងពលកម្មគឺកាន់តែអាក្រក់ទៅៗ ជាពិសេសប៉ះពាល់ខ្លាំងលើកម្លាំងពលកម្មដូចជាវិស័យសេវាកម្មម្ហូបអាហារ។

គិតត្រឹមឆ្នាំ២០២៣ ក្នងរយៈពេល២០ឆ្នាំកន្លងមកនេះ ចំនួនកម្មករដែលមានអាយុពី ៦៥ឆ្នាំឡើងនៅជប៉ុនបានកើនចំនួ ៩,១៤លាននាក់។ នេះបើតាមទិន្នន័យពីក្រសួងកិច្ចការផ្ទៃជប៉ុន។ លោក Feldman ព្រមានថា នៅពេលដែលកម្មករវ័យចំណាស់ទាំងនេះដកខ្លួនចេញពីកម្លាំងពលកម្ម នោះនឹងមិនមានកម្មករវ័យក្មេងគ្រប់គ្រាន់ដើម្បីជំនួសពួកគេនោះទេ។

ផ្អែកលើនិន្នាការថ្មីៗ ចំនួនប្រជាជនវ័យចំណាស់របស់ជប៉ុនត្រូវបានគេរំពឹងថានឹងបន្តកើនឡើង ដោយឈានដល់ ៣៤,៨ភាគរយនៃចំនួនប្រជាជនសរុបនៅឆ្នាំ២០៤០។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិសុខសង្គម និងសុខុមាលភាពជាតិជប៉ុន។

ទន្ទឹមនេះ ការសិក្សាថ្មីមួយរបស់លោក Feldman បានប៉ាន់ប្រមាណថា ដោយផ្អែកលើនិន្នាការប្រជាសាស្រ្តនាពេលថ្មីៗនេះ កម្លាំងការងារសរុបរបស់ជប៉ុនអាចធ្លាក់ចុះពីប្រហែល ៦៩,៣លាននាក់នៅឆ្នាំ២០២៣ មកនៅត្រឹមប្រហែល ៤៩,១លាននាក់នៅឆ្នាំ ២០៥០។

រដ្ឋាភិបាលជប៉ុនបានដឹងយ៉ាងច្បាស់អំពីសក្តានុពលសេដ្ឋកិច្ច និងសង្គមពីនិន្នាការទាំងនេះ ហើយបានចាត់វិធានការមួយចំនួនដើម្បីឆ្លើយតប។

គោលនយោបាយមួយចំនួនត្រូវបានអនុវត្តដើម្បីលើកកម្ពស់អត្រាកំណើតដែលធ្លាក់ចុះ ដូចជាការផ្តល់មូលនិធិបន្ថែមសម្រាប់ការចិញ្ចឹមកូន និងការបង្កើនការគាំទ្រសម្រាប់មណ្ឌលថែទាំកុមារតូចទូទាំងប្រទេស។ រដ្ឋាភិបាលក្នុងតំបន់ថែមទាំងគាំទ្រកម្មវិធីណាត់ជួបសាធារណៈដែលមានគោលបំណងលើកទឹកចិត្តយុវជនឱ្យបង្កើនទំនាក់ទំនងដើម្បីរៀបការ និងបង្កើតកូន។

យ៉ាងណាក៏ដោយ ការបង្កើនអត្រាកំណើតនឹងមិនអាចដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងរយៈពេលខ្លីនោះទេ។ ជប៉ុនបានបន្តបើកទ្វារទទួលពលករអន្តោប្រវេសន៍កាន់តែច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

តាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ចំនួនពលករបរទេសដែលធ្វើការនៅជប៉ុនបានបំបែកកំណត់ត្រាចំនួន ២លាននាក់នៅឆ្នាំនេះ ហើយត្រូវបានគេរំពឹងថានឹងកើនឡើង សែននាក់ទៀតក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

បើតាមលោក Feldman ដើម្បីទូទាត់ការខាតបង់ប្រជាសាស្រ្តដែលរំពឹងថានឹងកើតឡើងនៅ ជប៉ុនក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ ប្រទេសនេះនឹងត្រូវនាំចូលកម្លាំងពលកម្មក្នុងអត្រាលឿនជាង ដែលអាចមានរហូតដល់រាប់សិបលាននាក់។ លោកបញ្ជាក់ប្រាប់ CNBC ថា៖ «ប៉ុន្តែខ្ញុំមិនគិតថារឿងនោះនឹងកើតឡើងទេ វាមានន័យថាការធ្លាក់ចុះកម្លាំងពលកម្មក្នុងស្រុកច្រើននឹងត្រូវប៉ះប៉ូវដោយផលិតភាពខ្ពស់ក្នុងចំណោមកម្មករវ័យក្មេងដែលនៅសេសសល់»។

អ្នកជំនាញរូបនេះបន្ថែមថា ការបង្កើតនូវកំណើនផលិតភាពបែបនេះ នឹងតម្រូវឱ្យមានដើមទុនបន្ថែមក្នុងការវិនិយោគលើផលិតភាព បន្ថែមពីលើការដាក់ពង្រាយបច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិមិត្ត (AI) និងស្វ័យប្រវត្តិកម្ម។

នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC សេដ្ឋវិទូជាន់ខ្ពស់របស់ UBP លោក Carlos Casanova បាននិយាយថា បច្ចេកវិទ្យា AI ជារឿយៗត្រូវបានគេចាត់ទុកថាជាដំណោះស្រាយចំពោះវិបត្តិប្រជាសាស្រ្តរបស់ជប៉ុន ប៉ុន្តែរហូតមកដល់ពេលនេះ AI បានធ្វើតិចតួចក្នុងការកាត់បន្ថយផលប៉ះពាល់នៃវិបត្តិនោះទេ។ លោក Casanova បានបន្ថែមថា ៖« យើងមានសង្គមដែលផ្តោតលើអ្នកប្រើប្រាស់កាន់តែច្រើនឡើង ដូច្នេះអ្វីដែលត្រូវការបំផុតគឺកម្លាំងពលកម្មដ៏ធំដែលរកបាន និងចំណាយប្រាក់ដើម្បីរក្សាសន្ទុះសេដ្ឋកិច្ច»។

«AI អាចជាផ្នែកមួយនៃដំណោះស្រាយ ប៉ុន្តែមានកិច្ចការផ្សេងទៀតដែលជប៉ុនត្រូវធ្វើ»។ លោក Casanova ពន្យល់ថា បន្ថែមពីលើការនាំចូលពលករបរទេស ប្រទេសនេះត្រូវធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធ និងសង្គម ដូចជាការបង្កើនអត្រាចូលរួមនៃកម្លាំងពលកម្មស្រ្តីជាដើម៕