អ៊ីស្រាអែល និងក្រុមហេសបូឡា ប្តេជ្ញាបង្កើនការវាយប្រហារសងសឹក ខណៈUN ព្រមានមហន្តរាយធ្ងន់ធ្ងរ
អ៊ីស្រាអែល និងក្រុមហេសបូឡា បានគំរាមកំហែងគ្នាទៅវិញទៅមក ថានឹងបង្កើនការវាយប្រហារឆ្លងព្រំដែនរបស់ខ្លួនកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ទោះបីជាមានការអំពាវនាវជាអន្តរជាតិឱ្យពួកគេដកថយពីជម្លោះដើម្បីបញ្ចៀសការរីកធំនៃសង្រ្គាមនៅមជ្ឈិមបូព៌ា ក៏ដោយ។
ក្រុមមន្ត្រីលីបង់និយាយថា មនុស្ស៤៥នាក់បានស្លាប់ ក្នុងការវាយប្រហារនេះ រួមទាំងមេបញ្ជាការក្រុមហេសបូឡាលោក Ibrahim Aqil និងក្រុមយុទ្ធជនរបស់លោក១៥នាក់ទៀត។
យោធាអ៊ីស្រាអែលបាននិយាយថា គ្រាប់រ៉ូកែត មីស៊ីល និងអាវុធផ្សេងៗប្រហែល១៥០គ្រាប់ត្រូវបានបាញ់ទៅលើទឹកដីរបស់ខ្លួនកាលពីយប់ជ្រៅថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ ភាគច្រើនមកពីប្រទេសលីបង់។
អង្គការសហប្រជាជាតិបានព្រមានពីគ្រោះមហន្តរាយធ្ងន់ធ្ងរកើតចេញពីការប្រយុទ្ធគ្នារវាងភាគីទាំង២។ ប្រមុខអង្គការនេះ លោក Antonio Guterres បានប្រាប់ទូរទស្សន៍ CNN លោកបារម្ភថា អាចនឹងប្រែក្លាយលីបង់ទៅជាដែនដីហ្កាហ្សាមួយទៀត។
ចំនួនអាវុធដែលបានបាញ់ចូលទឹកដីអ៊ីស្រាអែលមានច្រើនជាងការវាយប្រហារមុនៗ ដែលបង្ខំឲ្យប្រជាពលរដ្ឋអ៊ីស្រាអែលគេចចេញពីគ្រាប់បែកទៅស្នាក់នៅជម្រកបណ្ដោះអាសន្ន ហើយលំនៅឋានមួយចំនួននៅក្បែរទីក្រុងហៃហ្វា (Haifa) ត្រូវបានរងការខូចខាត។
អ៊ីស្រាអែល បានបើកការវាយប្រហារលើគោលដៅនានានៅភាគខាងត្បូងលីបង់ ដែលខ្លួននិយាយថាបានបំផ្លាញជើងទម្របាញ់គ្រាប់រ៉ូកែតរាប់ពាន់គ្រឿងរបស់ក្រុមហេសបូឡា។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងចាត់វិធានការចាំបាច់គ្រប់យ៉ាងដើម្បីស្ដារសន្តិសុខឡើងវិញ ហើយបញ្ជូនមនុស្សត្រឡប់ទៅផ្ទះសម្បែងពួកគេវិញដោយសុវត្ថិភាពនៅតាមព្រំដែនអ៊ីស្រាអែល និងប្រទេសលីបង់៕