• The People Post

UN អនុម័តកិច្ចព្រមព្រៀងសម្រាប់អនាគតដើម្បីឆ្លើយតបបញ្ហាប្រឈមពិភពលោក

អំឡុងវេទិកាសម្រាប់អនាគតពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា បណ្ដាប្រទេសសមាជិកបានសាទរលើការអនុម័តកិច្ចព្រមព្រៀងសម្រាប់អនាគត ដោយមិនឆ្លងកាត់ការបោះឆ្នោត ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់ពិភពលោកនៅពេលបច្ចុប្បន្ន និងអនាគត។

កិច្ចព្រមព្រៀងនេះ បានផ្ដួចផ្ដើមសកម្មភាពចំនួន៥៨ ដែលត្រូវចូលរួមគ្នាអនុវត្តដូចជាការតាំងចិត្តគាំទ្រកិច្ចសហការពហុនិយម ការដោះស្រាយបម្រែបម្រួលអាកាសធាតុ។ លើសពីនេះ កិច្ចព្រមព្រៀងក៏មានបញ្ចូលការធ្វើកំណែទម្រង់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិផងដែរ។​

លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជំរុញឱ្យប្រទេសទាំងអស់បង្ហាញទឹកចិត្តនិងទស្សនវិស័យយ៉ាងពេញទំហឹងក្នុងការ​លើកកម្ពស់ប្រសិទ្ធភាពនិងបរិយាបន្នរបស់អង្គការអន្តរជាតិនានា ក៏ដូចជាទំនាក់ទំនងពហុភាគី។ នេះបើតាមការផ្សាយភ្នាក់ងារ AFP។

អំឡុងការពិភាក្សា រុស្សីស្នើឱ្យកែសេចក្ដីព្រាងខ្លះ ហើយត្រូវបានគាំទ្រដោយ បេឡារុស កូរ៉េខាងជើង អ៊ីរ៉ង់ ស៊ីរី និងនីការ៉ាហ្កា។ លោក Sergey Vershinin អនុរដ្ឋមន្រ្តីការបរទេសរុស្សី បានលើកវិសោធនកម្មកិច្ចព្រមព្រៀង ដែលចែងឱ្យមានបញ្ចូល«គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃ» ។ ប៉ុន្តែវិសោធនកម្មនេះ រងការជំទាស់វិញពីប្រទេសផ្សេងទៀត។

«វាពិតជាគួរឱ្យរំខាន ដែលចុងបញ្ចប់រុស្សីនៅតែព្យាយាមបង្អាក់ដំណើរការម្ដងហើយម្ដងទៀត»។ លោក Olaf Scholz​ អធិកាបតីអាល្លឺម៉ង់បញ្ជាក់បែបនេះក្នុងសុន្ទរកថា។ អាល្លឺម៉ង់ ជាប្រទេសចូលរួមតាកតែងកិច្ចព្រមព្រៀង។

កិច្ចព្រមព្រៀងថ្មីនេះក៏រងការទិទៀនពីអ្នកស្រាវជ្រាវ និងក្រុមបរិស្ថានដែរ។ លោក Richard Gowan សមាជិកក្រុមវិបត្តិសកល បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាកំណែទម្រង់ក្នុងកិច្ចព្រមព្រៀងគឺគ្មានអ្វីថ្មីទេ។ រីឯក្រុមវេទិកាបរិស្ថាន៣៥០ បានលើកឡើងថា ប្រសិទ្ធភាពរបស់ការផ្ដួចផ្ដើមថ្មីនេះគឹស្ថិតលើការអនុវត្តឯណោះទេ មិនមែននៅលើអក្សរទេ៕