• The People Post

អ៊ីស្រាអែលសម្លាប់មេបញ្ជាការក្រុមហេសបូឡានៅលីបង់ ខណៈប្តេជ្ញាវាយប្រហារតាមអាកាសបន្ថែមទៀត

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុងបេរូត(Beirut)ប្រទេសលីបង់ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡាមួយរូប កាលពីថ្ងៃអង្គារ២៤ កញ្ញា ខណៈការវាយប្រហារដោយគ្រាប់រ៉ូកែតឆ្លងព្រំដែនដោយភាគីទាំងពីរបានបង្កើនក្ដីបារម្ភថា អាចផ្ទុះសង្រ្គាមពេញបន្ទុកនៅមជ្ឈិមបូព៌ា។

យោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារតាមអាកាសលើរដ្ឋធានីលីបង់បានសម្លាប់លោក អ៊ីប្រាហ៊ីម គូបៃស៊ី (Ibrahim Qubaisi) ដែលខ្លួនបាននិយាយថាជាមេបញ្ជាការកងកម្លាំងមីស៊ីល និងរ៉ូកែតរបស់ក្រុមប្រដាប់អាវុធហេសបូឡា។

ប្រភពសន្តិសុខពីរនៅក្នុងប្រទេសលីបង់បានហៅលោកថាជាឥស្សរជនឈានមុខគេនៅក្នុងផ្នែករ៉ូកែតរបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ។

ក្រោយមកយោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងអាកាសក៏បានបើកការវាយប្រហារយ៉ាងសន្ធាប់លើគោលដៅរបស់ក្រុមហេសបូឡា នៅទូទាំងភាគខាងត្បូងប្រទេសលីបង់ផងដែរ រួមទាំងឃ្លាំងស្តុកផ្ទុកអាវុធ និងជើងទម្របាញ់អាវុធរាប់សិបគ្រឿង ដែលមានគោលដៅលើទឹកដីអ៊ីស្រាអែល។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា ក្រុមហេសបូឡានៅថ្ងៃនេះមិនដូចក្រុមហេសបូឡាដែលយើងបានស្គាល់កាលពីមួយសប្តាហ៍មុននោះទេ ដោយលោកបានបន្ថែមថា អ៊ីស្រាអែល ប្ដេជ្ញាបើកការវាយប្រហារតាមអាកាសបន្ថែមទៀតលើក្រុមនេះ៕