• The People Post

លោក ត្រាំ ច្រានចោលលទ្ធភាពឈរឈ្មោះប្រធានាធិបតីឆ្នាំ២០២៨ ប្រសិនចាញ់ឆ្នោត

បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ​ បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី២២ខែកញ្ញាថា ៖«ទេខ្ញុំនឹងមិនធ្វើបែបនោះទេ។ ខ្ញុំមិនគិតថាវានឹងកើតឡើងទេ»។ លោក ត្រាំ បញ្ជាក់បែបនេះនៅពេលត្រូវបានសួរថា តើលោកនឹងបន្តឈរឈ្មោះនៅឆ្នាំ ២០២៨ ប្រសិនបើចាញ់នៅក្នុងការប្រជែងតំណែងសេតវិមាននៅឆ្នាំនេះ។

អតីត​ប្រធានាធិបតី​អាម៉េរិក​រូប​នេះ​​សង្កត់ធ្ងន់​ថា លោករំពឹង​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ ថ្ងៃ​បោះឆ្នោត​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ខាងមុខនេះ។ រដ្ឋធម្មនុញ្ញរបស់អាម៉េរិកបានចែងថា ប្រធានាធិបតីនីមួយៗ អាចកាន់អំណាចបានត្រឹមតែ២អាណត្តិប៉ុណ្ណោះ។ ដូច្នេះលោក ត្រាំ មិនត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះ សម្រាប់តំណែងម្ចាស់សេតវិមាននៅឆ្នាំ២០២៨ ប្រសិនបើជាប់ឆ្នោតនៅឆ្នាំនេះ។

លោក ត្រាំ ដែលមានអាយុ ៧៨ឆ្នាំ ជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ កំពុងប្រកួតប្រជែងជាមួយនឹងគូប្រជែងគណបក្សប្រជាធិបតេយ្យ គឺអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស មានអាយុ៥៩ឆ្នាំ។ ការស្ទង់មតិបង្ហាញថា រវាងបេក្ខជនទាំងពីរ មានការគាំទ្រប្រហាក់ប្រហែលគ្នា។

លោក ត្រាំ បានឈរឈ្មោះជាប្រធានាធិបតីជាលើកដំបូង ក្នុងឆ្នាំ២០១៦ ហើយបានយកឈ្នះគូប្រជែងបក្សប្រជាធិបតេយ្យ គឺអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី ហ៊ីលឡារី គ្លីនតុន។ នៅឆ្នាំ២០២០ លោកបានឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ ប៉ុន្តែបានចាញ់បេក្ខជនបក្សប្រជាធិបតីលោក ចូ បៃឌិន ដែលកាន់អំណាចបច្ចុប្បន្ន​។

អតីតប្រធានាធិបតី ត្រាំ នៅពេលនោះមិនបានទទួលស្គាល់លទ្ធផលឆ្នោតនេះទេ ហើយបានអះអាងថា ការបោះឆ្នោតជាការក្លែងបន្លំ ប៉ុន្តែមិនបានផ្តល់ភស្តុតាងឡើយ។ អ្នកគាំទ្ររបស់លោក ត្រាំ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានសម្រុកចូលសភាអាម៉េរិក ដើម្បីរារាំងសមាជិកសភា ពីការទទួលស្គាល់ជ័យជម្នះរបស់លោក បៃឌិន។ កុបកម្ម​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ និង​មន្ត្រី​ប៉ូលិស​ជាង​១៧០​នាក់​រង​របួស៕