បើតាមអាជ្ញាធរជាតិសំបូរព្រៃគុក តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានស្ថាបនាឡើងក្នុងរាជព្រះបាទឦសានវរ្ម័នទី១ ដែលជាព្រះរាជបុត្ររបស់ចិត្រាសេន។ ក្នុងរាជ្យរបស់ព្រះអង្គ សំណង់ជាស្នាដៃឯកដ៏វិចិត្រនៃសិល្បៈខ្មែរសម័យមុនអង្គររួមមានចម្លាក់ក្រឡោតលើឥដ្ឋ តួប្រាសាទឥដ្ឋរាង៨ជ្រុង ចម្លាក់លើកំបោរបាយអរ និងចម្លាក់ក្រឡោតក្នុងក្បាច់មេដាយ។ វិសាលភាពនៃសំណង់រក្សាទឹក ជាភស្តុតាងបន្ថែមទៀតដែលបង្ហាញពីសារៈសំខាន់របស់រាជធានី និងពីសមិទ្ធផលបច្ចេកវិទ្យារបស់ស្ថាបត្យករ និងវិស្វករនាសម័យនោះ។
ប្រាសាទខ្លះ ត្រូវបានកសាងឡើងមុនរាជព្រះអង្គ ដូចជាក្នុងរាជ្យរបស់ព្រះបាទភវវរ្ម័នទី១ មហេន្ទ្រវរ្ម័ន និងភវវរ្ម័នទី២ ដែលជាញ្ញាតិសន្តានរាជវង្ស។ ទោះបីជាមានការផ្លាស់ប្តូររាជធានីទៅតំបន់អង្គរ នៅសតវត្សរ៍ទី៩ក៏ដោយ ក៏សំបូរព្រៃគុក នៅជាមណ្ឌលសំខាន់មួយនៅសម័យអង្គរ ដោយមានការកសាងសំណង់សាសនាបន្ថែម និងជួសជុលសំណង់ចាស់ៗពីមុន។
ភស្តុតាងទាំងនោះ ត្រូវបានរកឃើញលើក្បាច់លម្អនៅប្រាសាទតោ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងសម័យកាលរបស់ព្រះបាទជ័យវរ្ម័នទី២។ ក្រុមប្រាសាទសំបូរ មានសិលាចារឹកក្នុងរាជ្យរបស់ព្រះបាទរាជេន្រ្ទវរ្ម័នទី២ នៅសតវត្សរ៍ទី១០ និងសិលាចារឹកនៅក្រុមប្រាសាទរបងរមាសចារក្នុងរាជ្យរបស់ព្រះបាទសុរិយាវរ្ម័នទី១។ តាមរយ:ការស្រាវជ្រាវកំណាយបុរាណវិទ្យា អ្នកជំនាញ ប្រទះឃើញនូវសំណល់បុរាណវត្ថុជាច្រើនដែលស្ថិតក្នុងសម័យក្រោយអង្គរផងដែរ។
សំណល់បុរាណជាច្រើននៅក្នុងរាជធានីឦសានបុរៈ គឺស្ថិតក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដូចជា ប្រាសាទឥដ្ឋ សិលាចារឹក សំណង់រក្សាទឹក កំពែងក្រុង និងទីសក្ការៈបូជាដទៃទៀត។ សំណង់ទាំងនោះ បានឆ្លុះបញ្ចាំងអំពីដំណាក់កាលនៃការរីកចម្រើនរបស់អារ្យធម៌ខ្មែរនាសម័យនោះ។ សំណង់ស្ថាបត្យកម្ម និងសិល្បៈបានបង្ហាញពីការទទួលឥទ្ធិពលវប្បធម៌ឥណ្ឌា ទន្ទឹមនឹងការរក្សានូវវប្បធម៌ក្នុងស្រុក ដែលនេះបញ្ជាក់ពីដំណើរនៃការទទួលឥទ្ធិពលឥណ្ឌា និងនាំមកនូវលក្ខណៈឯកនៃវប្បធម៌ខ្មែរ។
ស្ថាបត្យកម្ម និងក្បូរក្បាច់រចនានៃចម្លាក់នៅលើតួប្រាសាទរាង៨ជ្រុង ដែលអ្នកស្រាវជ្រាវហៅថាប្រាសាទអណ្តែត និងក្បាច់រចនាលម្អនៅលើផ្តែរមានរូបសត្វម្ករ គឺជាអត្តសញ្ញាណតែមួយគត់ក្នុងសិល្បៈខ្មែរ៕