• The People Post

ប៉ូឡូញ អាល្លឺម៉ង់ និងបារាំងប្រកាសគាំទ្រម៉ុលដាវីចូលរួមសហភាពអឺរ៉ុប

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radosław Tomasz Sikorski និងសមភាគីអាល្លឺម៉ង់ និងបារាំងនាថ្ងៃទី១៧ កញ្ញា បានចេញសេចក្តីថ្លែងការណ៍រួមគាំទ្រដល់ម៉ុលដាវី ក្នុងការចូលរួមជាសមាជិកសហភាពអឺរ៉ុប (EU)។

សេចក្តីថ្លែងការណ៍រួមនេះត្រូវបានចេញក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ម៉ុលដាវី និងការចូលរួមក្នុងវេទិកាភាពជាដៃគូម៉ុលដាវីលើកទី៥ របស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញ អាល្លឺម៉ង់ និងបារាំង។

លោក Sikorski និងសមភាគីអាល្លឺម៉ង់ និងបារាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលម៉ុលដាវីសម្រេចបានក្នុងការអនុវត្តគោលដៅចូលរួមសហភាពអឺរ៉ុប។ ដំណើរការនៃការចូលរួមសហភាពអឺរ៉ុប គឺអាចធ្វើទៅបានដោយសារកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ ភាពក្លាហានរបស់មេដឹកនាំនយោបាយ និងការប្តេជ្ញាចិត្តរបស់ប្រជាជនម៉ុលដាវី។

យោងតាមសេចក្តីថ្លែងការណ៍រួមខាងលើ ប៉ូឡូញ អាល្លឺម៉ង់ និងបារាំងនឹងបន្តគាំទ្រម៉ុលដាវី ក្នុងការសម្រេចបាននូវគោលដៅនៃការក្លាយជាសមាជិកសហភាពអឺរ៉ុប រួមទាំងការធានានូវការគោរពចំពោះតម្លៃជាមូលដ្ឋានរបស់សហភាពអឺរ៉ុប ដូចជាអធិបតេយ្យភាព សិទ្ធិពលរដ្ឋ និងនីតិរដ្ឋជាដើម។

ទាក់ទិននឹងសមត្ថភាពការពារទឹកដី រដ្ឋមន្ត្រីការបរទេសទាំងបីបានយល់ស្របថា កងកម្លាំងប្រដាប់អាវុធម៉ុលដាវី និងកងកម្លាំងពាក់ព័ន្ធផ្សេងទៀត ចាំបាច់ត្រូវបំពាក់យ៉ាងពេញលេញ និងបង្កើនសមត្ថភាពការពារទឹកដី។ ដូច្នេះ ប៉ូឡូញ អាល្លឺម៉ង់ និងបារាំង នឹងបន្តផ្តល់ការគាំទ្រក្នុងវិស័យសន្តិសុខ និងកិច្ចសហប្រតិបត្តិការការពារជាតិ ទាំងទ្វេភាគី និងតាមរយៈស្ថាប័នសន្តិភាពអឺរ៉ុប។

សេចក្តីថ្លែងការណ៍រួមក៏បានស្វាគមន៍ចំពោះជោគជ័យរបស់ម៉ុលដូវ៉ាក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងសមត្ថភាពរបស់ប្រទេសក្នុងការប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខដែរ។

សម្រាប់ភាគីម៉ុលដាវីវិញ ប្រធានាធិបតីលោកស្រី Maia Sandu បានកោតសរសើរចំពោះវត្តមានរបស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញ អាល្លឺម៉ង់ និងបារាំង ហើយបានសង្កត់ធ្ងន់ថា នេះនឹងបង្កើតការលើកទឹកចិត្តសម្រាប់ម៉ុលដាវីក្នុងការបន្តអនុវត្តគោលដៅនៃសមាហរណកម្មអឺរ៉ុប។ លោកស្រីអះអាងថា ម៉ុលដូវ៉ាដឹងយ៉ាងច្បាស់ថាអនាគតរបស់ប្រទេសគឺការក្លាយជាសមាជិកសហភាពអឺរ៉ុប ដែលប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងសន្តិភាព វិបុលភាព និងសុវត្ថិភាព។

ម៉ុលដាវីត្រូវបានផ្តល់ឋានៈជាបេក្ខភាពឱ្យចូលជាសមាជិកសហភាពអឺរ៉ុបនៅខែមិថុនាឆ្នាំ២០២២ បន្ទាប់មកនៅថ្ងៃទី២៥ ខែមិថុនា សហភាពអឺរ៉ុបបានបើកការចរចាជាផ្លូវការជាមួយម៉ុលដាវីលើបញ្ហាសមាជិកភាព។ គេរំពឹងថា ម៉ុលដាវីនឹងធ្វើប្រជាមតិលើបញ្ហានៃការចូលជាសមាជិកសហភាពអឺរ៉ុបនៅថ្ងៃទី២០ ខែតុលា ដែលចំថ្ងៃការបោះឆ្នោតប្រធានាធិបតីនៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ។

សហភាព​អឺរ៉ុប ដែល​ហៅ​កាត់​ថា EU ជា​អង្គការ​អន្តរជាតិ និង​ជា​អង្គការ​អន្តររដ្ឋាភិបាល​មួយ​ប្រចាំ​តំបន់​អឺរ៉ុប ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៥៨ ពោលគឺ បន្ទាប់ពី​ការបញ្ចប់​សង្គ្រាមលោកលើកទី​២។ បច្ចុប្បន្ន សហភាពអឺរ៉ុបមានប្រទេសជាសមាជិកចំនួន ២៧ប្រទេសរួមមាន ១. អូទ្រីស ២. បែលហ្ស៊ិក ៣. ប៊ុល​ហ្ការី ៤. ក្រូ​អាស៊ី ៥. ស៊ី​ប ៦. សាធារណរដ្ឋ​ឆែក ៧. ដា​ណឺ​ម៉ាក ៨. អេ​ស្តូ​នី ៩. ហ្វាំ​ង​ឡង់ ១០. បារាំង ១១. អាល្លឺម៉ង់ ១២. ក្រិ​ក ១៣. ហុង​គ្រី​ ​១៤. អៀរ​ឡង់ ១៥. អ៊ីតាលី ១៦. ឡេ​តូ​នី ១៧. លី​ទុយ​អា​នី ១៨. លុច​សំបួ ១៩. ម៉ា​ល់​ត៌ ២០. ហូ​ឡង់ ២១. ប៉ូឡូញ ២២. ព័រទុយហ្កាល់ ២៣. រ៉ូ​ម៉ា​នី ២៤. ស្លូ​វ៉ា​គី ២៥. ស្លូ​វេ​នី ២៦. អេស្បាញ ២៧. ស៊ុយ​អ៊ែត ៕