• The People Post

ពាណិជ្ជករថៃ ជំរុញឲ្យធនាគារកណ្តាលរក្សាស្ថិរភាពប្រាក់បាត

ប្រាក់​បាតថៃ​ បាន​ឡើង​ថ្លៃ​លឿន​ជាង​ការ​រំពឹង​ទុក ហើយ​កំពុង​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ និង​វិស័យទេសចរណ៍​។​ អនុប្រធាន​សភាពាណិជ្ជកម្មថៃ ​លោក Phot Aramwattananon បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ នៅថ្ងៃទី២៣​ ខែកញ្ញា បែបនេះ​។

វិស័យទាំងពីរនេះ ជាកត្តាជំរុញដ៏សំខាន់ដល់សេដ្ឋកិច្ចថៃ ដែលជាមហាអំណាចទី២ របស់ អាស៊ីអាគ្នេយ៍ កំពុងប្រឹងងើបឡើងវិញ ចាប់តាំងពីជំងឺរាលដាលកូវីដ-១៩។ ផលប៉ះពាល់នៃ ការពង្រឹងរបស់ថៃ បានប៉ះពាល់ដល់ការប្រកួតប្រជែង នៃការនាំចេញ ជាពិសេសនៅក្នុង វិស័យកសិកម្ម និងផលិតផលម្ហូបអាហារ។

មើលឃើញដូច្នេះ ក្រុមពាណិជ្ជករថៃបានរំលឹកធនាគារកណ្តាល គួរតែត្រួតពិនិត្យស្ថិរភាព ប្រាក់បាត ដើម្បីឱ្យវាស្របតាមលក្ខខណ្ឌសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុក។ នេះបើតាម លោក Phot Aramwattananon។

នៅព្រឹកថ្ងៃ២៣ ខែកញ្ញា ប្រាក់បាតបានហក់ឡើងដល់តម្លៃ ៣២,៨បាតក្នុងមួយដុល្លារ អា ម៉េរិក ដែលការជួញដូរកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង ១៩ខែ។ វាបានកើនឡើង ១៣ ភាគរយធៀបនឹងប្រាក់ដុល្លារ ចាប់តាំងពីកម្រិតទាបនៅក្នុងខែមេសា ដែលមានតម្លៃ ៣៧,១៧បាត ក្នុងមួយដុល្លារ។

លោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារកណ្តាលថៃ (BOT) បានលើក ឡើងនៅថ្ងៃទី២០ ខែកញ្ញា ថាធនាគារកណ្តាល កំពុងត្រួតពិនិត្យប្រាក់បាតជាប្រចាំ។ លោក បន្តអះអាងថា ប្រាក់បាតមានភាពរឹងមាំ ហើយងាយផ្លាស់ប្តូរ ដោយសារប្រាក់ដុល្លារ ធ្លាក់ចុះ។

ទោះជាយ៉ាងណាក៏ដោយ បើតាមប្រមុខធនាគារកណ្តាលរូបនេះ ភាពរឹងមាំរបស់ប្រាក់បាត មិនប៉ះពាល់ដល់ការនាំចេញច្រើនទេ ប៉ុន្តែ BOT ចង់ធានាថាវាមិនមានការបម្រែបម្រួល ខ្លាំងពេកនោះទេ។

សភាពាណិជ្ជកម្មថៃ បានកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ច ឆ្នាំ២០២៤ ពី ២,៥ភាគរយ ពីមុន មកនៅចន្លោះពី ២,៦-២,៨ ភាគរយ ដោយសារគោលនយោបាយរបស់រដ្ឋាភិបាល ថ្មីក្នុងការធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ៕