បើធ្វើការបម្រើសង្គមដូចគ្នា មិនគួរឈ្លោះគ្នា!
ការឈឺឆ្អាល ការចេះដឹង ទឹកចិត្តស្រលាញ់សង្គម និងចង់ឲ្យប្រទេសរីកចម្រើន បានជំរុញឲ្យពលរដ្ឋ ជាពិសេសយុវជនចូលរួមយ៉ាងផុសផុលអភិវឌ្ឍសង្គមគ្រប់រូបភាព ដូចជាតាមរយៈការបង្កើតជាអង្គការ បង្កើតក្រុមយុវជន និងស្ថាប័នមិនរកប្រាក់ចំណេញ ហើយស្វែងរកមូលនិធិ និងអ្នកខ្លះចំណាយថរិកាផ្ទាល់ខ្លួន ដើម្បីធ្វើសកម្មភាពជួយសង្គមជាតិ។ ពួកគេលះបង់ទាំងកំលាំងចិត្ត កំលាំងកាយ ប្រាជ្ញាស្មារតី ដើម្បីបង្កើតគម្រោងផ្សេងៗជួយដល់សហគមន៍។
តែយ៉ាងណា នៅពេលពួកគេធ្វើការងារនោះ តែងជួបនៅបញ្ហាល្អក់កករនឹងគ្នា រហូតពេលខ្លះឈានទៅរកទំនាស់ទៀតផង។ ទំនាស់ទាំងអស់នោះកើតចេញពីការធ្វើការបែងចែកបក្សពួក ការមិនចេះអធ្យាស្រ័យគ្នា ការលាបពណ៌ និងម្យ៉ាងការងារទាំងអស់នោះគ្មានប្រាក់កំរៃទៀត ដែលជាហេតុបណ្តាលឲ្យមានទំនាស់នឹងគ្នា និងឈានទៅរកការបែកបាក់។ ជាទូទៅគ្មាននណាម្នាក់ចង់មានបញ្ហានោះឡើយ ប៉ុន្តែមនុស្សជាអ្នកបង្កើតបញ្ហា ហើយមនុស្ស ក៍អាចដោះស្រាយបញ្ហាបានដូចគ្នា។
ជាដំណោះស្រាយយើងទាំងអស់គ្នាដែលស្រលាញ់សង្គមត្រូវបើកចិត្តឲ្យទូលាយ ចេះស្តាប់គ្នា មិនមើលបំណាំគ្នា មានបញ្ហាត្រូវចេះពិភាក្សាគ្នា ហើយបុគ្គលជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័ន និងក្រុមមិនត្រូវលម្អៀងទៅខាងណាឡើង និងធ្វើការកាត់សេចក្តីត្រូវឈរលើភាពត្រឹមត្រូវក្នុងការសម្របសម្រួលបញ្ហាធំមកជាធំតូច និងបញ្ហាតូចមកជាគ្មាន និងបញ្ចាប់បញ្ហាដោយការមិនប្រកាន់គុំកួន សងសឹកគ្នាឡើយ។ ដូច្នេះទឹកចិត្តនិងទិសដៅនៃការស្រលាញ់សង្គមដូចគ្នា គួរណាស់ផ្តើមការស្រលាញ់ខ្លួនឯង ក្រុមគ្រួសារ និងមនុស្សនៅក្នុងស្ថាប័នដែលកំពុងបម្រើសង្គមដូចគ្នា៕