• The People Post

មេបក្សប្រឆាំងនិរទេសខ្លួនរបស់វ៉េណេហ្ស៊ុយអេឡា ចូលរួមបាតុកម្មប្រឆាំងលោក Maduro នៅទីក្រុងម៉ាឌ្រីដ

មេដឹកនាំបក្សប្រឆាំងវ៉េណេហ្ស៊ុយអេឡា លោក Edmundo Gonzalez (អេម៉ុនដូ ហ្កនហ្សាលេស) បានចូលរួមនៅក្នុងការតវ៉ា នាទីក្រុង Madrid (ម៉ាឌ្រីដ) ប្រទេសអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ (ទី២៨ ខែកញ្ញា) ដោយទាមទារឲ្យមានការទទួលខុសត្រូវ ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាសរបស់ប្រទេសវេណេហ្ស៊ុយអេឡា។

លោក Gonzalez ដែលបានរស់នៅនិរទេសខ្លួន ក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពីរងការគំរាមកំហែងពីការចាប់ខ្លួន បានដើរនៅក្នុងចំណោមអ្នកគាំទ្ររបស់លោក លើកដៃស្វាគមន៍ពួកគេ ហើយគ្រវីទង់ជាតិវ៉េណេហ្ស៊ុយអេឡា មុនពេលចាកចេញពីវេទិកា ដោយមិនមានការថ្លែងសុន្ទរកថាអ្វីឡើយ។

គួរបញ្ជាក់ថា រយៈពេល ២ខែបន្ទាប់ពីការប្រកាសលទ្ធផលដ៏ចម្រូងចម្រាស ពលរដ្ឋវ៉េណេហ្ស៊ុយអេឡាដែលរស់នៅអេស្ប៉ាញ បានបន្តសម្តែងការខឹងសម្បា ដោយអះអាងថា ការបោះឆ្នោត មានការក្លែងបន្លំ។

គណបក្សប្រឆាំងរបស់វ៉េណេហ្ស៊ុយអេឡា និយាយថា ការបោះឆ្នោតខែកក្កដា បានផ្ដល់ជ័យជម្នះក្នុងសំឡេងយ៉ាងលើសលប់ដល់លោក Gonzalez ដែលមានវ័យ ៧៥ឆ្នាំ ហើយពួកគេបានផ្សព្វផ្សាយចំនួនសន្លឹកឆ្នោតតាមប្រព័ន្ធអ៊ីនធឺណិត ដែលបង្ហាញថា លោកគឺជាអ្នកឈ្នះ។ តែលោកប្រធានាធិបតី Nicolas Maduro បានច្រានចោលរាល់ការអះអាងបែបនេះ ហើយនិយាយថា ក្រុមស្តាំនិយមមានគ្រោងការ ដើម្បីបំផ្លាញរដ្ឋាភិបាលរបស់លោក៕