• The People Post

បុណ្យភ្ជុំបិណ្ឌ ៖ ពុទ្ធបរិស័ទ្ធគួរស្វែងយល់ពីតេយ្យវត្ថុ និងគ្រឿងកំប៉ុងផ្អែមមុនធ្វើការប្រគេនព្រះសង្ឃ

ជាទូទៅ​នាឱកាសពិធីបុណ្យព្រះពុទ្ធសាសនា ពុទ្ធបរិស័ទ្ធតែងតែរៀបចំបាយម្ហូប ឬចង្ហាន់ជូនដូនតា អ្នកមានគុណ និងឪពុកម្ដាយជាព្រះរស់ក្នុងផ្ទះ ដើម្បីជាការបង្ហាញនូវការដឹងគុណ និងក្ដីគោរពចំពោះពួកគាត់។ ជាមួយគ្នានេះ ការរៀបចំគ្រឿងរណ្ដាប់ បាយម្ហូបអាហារ សម្ភារៈផ្សេងៗសម្រាប់យកទៅវត្តអារាមទៀតសោត ក៏គួរ​ត្រូវគិតគូរពីផលប្រយោជន៍ គុណសម្បត្តិ និងគុណវិបត្តិដែលអាចបង្កជាផលប៉ះពាល់ដល់អ្នកទទួលទានផងដែរ។

ឯកឧត្ដម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ការរៀបចំគ្រឿងរណ្ដាប់ ឬចង្ហាន់ទៅវត្តអារាមនាឱកាសបុណ្យទាន នៃបុណ្យព្រះពុទ្ធសាសនានេះ ជាទំនៀមទម្លាប់របស់ពុទ្ធសាសនិកដែលមិនអាចខ្វះបាន ប៉ុន្តែក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពុទ្ធបរិស័ទ្ធមិនតម្រូវរៀបចំគ្រឿងរណ្ដាប់ ឬចង្ហាន់ផ្សេងៗឱ្យដូចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនោះទេ។ ប៉ុន្តែពុទ្ធសាសនិកគួរតែរៀបចំខ្លួនទៅវត្តនៅតាមការកាន់បិណ្ឌនៃវត្តនីមួយៗវិញ ដោយការរៀបចំកន្លែងសក្ការៈបូជាឱ្យបានល្អ និងស្អាតដូចជា ចេតិយ ស្ដូក កុដិ សាលាឆាន់ និងព្រះវិហារ ហើយជាពិសេសគឺបរិស្ថានទាំងនៅក្នុងទីវត្តអារាម នៅផ្ទះ និងគ្រប់ទីកន្លែងសាធារណៈផងដែរ។

កឧត្ដមបន្តថា ក្រៅពីការរៀបចំកន្លែង ឬទីតាំងនានា ពុទ្ធសាសនិកគ្រប់រូបគួរតែស្លៀកពាក់ឱ្យបានសមរម្យដែលបង្ហាញអំពីអត្ថសញ្ញាណជាតិ ដែលអាចបង្ហាញតាមរយៈការស្លៀកសម្លៀកបំពាក់ហូលផាមួងខ្មែរជាដើម។ អ្នកនាំពាក្យរូបនេះបន្ថែមថា ការយល់ដឹងអំពី​ទេយ្យទាន ឬ ទេយ្យវត្ថុ ដែលនឹងយកទៅប្រគេនព្រះសង្ឃក៏ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ការផ្គត់ផ្គង់ដល់ព្រះសង្ឃ និងការឧទ្ទិសជូនបុព្វការីជនដែលបានចែកឋាន ជាពិសេសការចែករំលែកតេយ្យទានទៅដល់ជនចាស់ជរា និងទុរគតជន ក្មេងកំព្រា ជនមានពិការភាព ដែលមិនមានទីពំនាក់។

ឯកឧត្ដម ឆាត សុឆេត បានសង្កត់ធ្ងន់ថា លើសពីនេះការរៀបចំគ្រឿងតេយ្យទានទាំងនេះ ពុទ្ធបរិស័ទ្ធត្រូវតែកាត់បន្ថយការប្រគេនជូននូវគ្រឿងកំប៉ុងផ្អែមដែលអាចបង្កជាផលប៉ះពាល់ដល់សុខភាពរបស់ព្រះសង្ឃ ឬអ្នកទទួលទានរបស់អ្នកស្នាក់នៅវត្តអារាម ព្រោះវាអាចបង្កជាគ្រោះថ្នាក់ចំពោះសុខភាពជាខ្លាំង ដែលជាកត្តាកង្វល់ដ៏ធំរបស់ពួកយើងទាំងអស់គ្នាក្នុងការជួយចូលរួមដោះស្រាយ។

អ្នកនាំពាក្យរូបនេះបន្ថែមថា បញ្ហាគ្រឿងកំប៉ុងផ្អែមនេះ ពុទ្ធបរិស័ទ្ធគួរកាត់បន្ថយក្នុងប្រគេន ចំណែកព្រះសង្ឃផ្ទាល់គួរកាត់បន្ថយក្នុងការឆាន់របស់ផ្អែម និងរបស់ផ្អាប់ជាដើមដែលអាចបង្កជាជំងឺប្រចាំកាយ ឬជំងឺរាំរៃនានា ដូចនេះពុទ្ធបរិស័ទ្ធត្រូវតែគិតគូរ មុនសម្រេចចិត្តប្រគេនចង្ហាន់ ឬតេយ្យវត្ថុផ្សេងៗ។

បច្ចុប្បន្ននេះជំងឺទឹកនោមផ្អែម បានក្លាយជាបញ្ហាសុខភាពដែល​កំពុងកើតឡើង​នៅ​លើប្រជាពលរដ្ឋ​ទូទៅនៅ​កម្ពុជា ប៉ុន្តែ​មិន​មានទិន្នន័យ​ច្បាស់លាស់ចំពោះ​ករណីជំងឺទឹកនោមផ្អែមដែល​កើតមានទៅលើព្រះសង្ឃនោះទេ។ តែយ៉ាងណា ជុំវិញ​ការ​ថែទាំ​សុខភាព​របស់ព្រះសង្ឃ អង្គការ​ដែល​ធ្វើការងារ​ទៅលើសុខភាពមួយចំនួន បានចាប់ផ្តើម​បង្កើត​ឱ្យ​មានកម្មវិធីអប់រំ និង​បង្ការ​ជំងឺទឹកនោមផ្អែម​ទៅកាន់ព្រះសង្ឃ តាមរយៈ​ការ​ជំរុញ​ការ​ប្រើប្រាស់​អាហារ​ដែលមាន​តុល្យភាព និង​ការ​ចូលរួម​ពិនិត្យសុខភាពឱ្យបានទៀងទាត់៕