• The People Post

ទីប្រឹក្សាសន្តិសុខមាតុភូមិអាមេរិក៖ អាចនឹងមានអ្នកស្លាប់រហូតដល់ ៦០០នាក់ ដោយសារព្យុះ Helene

ទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក លោកស្រី Liz Sherwood-Randall កាលពី​ថ្ងៃ​ចន្ទ (ទី៣០ ខែកញ្ញា) បាននិយាយថា អាចមានអ្នកស្លាប់រហូតដល់ ៦០០នាក់ ដោយសារ​ព្យុះ​សង្ឃរា Helene ដែលបានបោកបក់ចូលរដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍​កណ្ដាល​សប្ដាហ៍​កន្លង​មក ហើយបានធ្វើដំណើរឆ្ពោះទៅភាគខាងជើង ដោយបានបំផ្លិចបំផ្លាញបណ្តាញអគ្គិសនី និង​ជន់​លិច​ទីក្រុងនានា នៅទូទាំងតំបន់លាតសន្ធឹងដ៏ធំល្វឹងល្វើយនៃភាគអាគ្នេយ៍។

លោកស្រី Sherwood-Randall បានប្រាប់ថា «ទិន្នន័យបច្ចុប្បន្នដែលយើងមាន គឺថា វាមើល​ទៅ​ដូច​ជា​អាចមានអ្នកបាត់បង់ជីវិតរហូតដល់ ៦០០នាក់» ដោយលោកស្រីបន្ថែមថា តួលេខនេះ​មិន​ទាន់​ត្រូវ​បានបញ្ជាក់ច្បាស់លាស់នៅឡើយទេ។

តែយ៉ាងណាក្ដី ចំនួនអ្នកស្លាប់បានកើនឡើងលើស ១០០នាក់រួចហើយ នៅក្នុងរដ្ឋ Carolinas, Georgia (ចចចៀ), Florida, Tennessee និងរដ្ឋ Virginia ហើយក្រុមមន្ត្រីភ័យខ្លាចថា សព​នឹង​ត្រូវ​បានរកឃើញបន្ថែមទៀត។

ដោយ​បង្គោលសេវាទូរសព្ទចល័តដួលរលំ នៅទូទាំងតំបន់ មនុស្សរាប់​រយ​នាក់​មិន​ទាន់​អាច​ទាក់​ទង​ជាមួយ​មនុស្សជាទីស្រលាញ់របស់ពួកនៅឡើយទេ ហើយត្រូវបានចុះបញ្ជីជាអ្នកបាត់ខ្លួន។

ជា​មួយគ្នានេះ ក្រុមហ៊ុនធានារ៉ាប់រង និងអ្នកព្យាករណ៍ បានឲ្យដឹងកាលពីចុងសប្តាហ៍ថា ការ​ប៉ាន់​ប្រមាណ​ពីការខូចខាតមានចាប់ពី ១៥ពាន់លានដុល្លារ ដល់ជាង ១០០ពាន់លានដុល្លារ ដោយសារ​ប្រព័ន្ធ​ទឹក ទំនាក់ទំនង និងផ្លូវដឹកជញ្ជូនសំខាន់ៗ ត្រូវរងផលប៉ះពាល់ទាំងអស់៕