• The People Post

អុីស្រាអែល បើកការវាយប្រហារផ្លូវគោកលើតំបន់ភាគខាងត្បូងលីបង់

នៅក្នុងសេចក្តីប្រកាសចេញនៅថ្ងៃទី១ ខែតុលា យោធាអុីស្រាអែល បានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួន គឺមានការគាំទ្រដោយកងកាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាស ដោយផ្តោតលើក្រុមហេសប៉ូឡា នៅក្នុងភូមិក្បែរព្រំដែនរបស់ខ្លួន។

ក្នុងប្រតិបត្តិការនេះ អុីស្រាអែល បានចាត់ទុកជាសង្រ្គាមមានកម្រិត និងផ្តោតលើក្រុមហាសប៉ូឡាប៉ុណ្ណោះ ពោលគឺផ្ទុយពីប្រតិបត្តិការយោធានៅតំបន់កាហ្សា ដែលអុីស្រាអែល អះអាងថា ជាសង្រ្គាមពេញលេញ។

ជាសម្ព័ន្ធមិត្តដ៏សំខាន់ អាម៉េរិក បានបញ្ជាក់ថា អុីស្រាអែល បានបើកការវាយប្រហារនៅតាមព្រំដែន និងរំដោះសហគមន៍ជនជាតិអុីស្រាអែលនៅតំបន់ព្រំដែនភាគខាងជើង។ លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានបញ្ជាកថា ទីក្រុង Tel Aviv បានជូនដំណឹងក្រុងវ៉ាស៊ីនតោនរួចហើយ ដោយវាជាសង្រ្គាមមានកម្រិត។

សូមបញ្ជាក់ថា ក្រុមហេសប៉ូឡា ជាក្រុមប្រដាប់អាវុធមួយគាំទ្រដោយអុីរ៉ង់ ហើយបានវាយប្រហារលើអុីស្រាអែលជាញឹកញាប់ ដើម្បីតបនឹងប្រតិបត្តិការយោធាអុីស្រាអែលនៅតំបន់កាហ្សា ដែលផ្តោតលើក្រុមហាម៉ាស៕