• The People Post

តើលោកស្រី កាម៉ាឡា ហារីស ជានរណា?

តើលោកស្រី ហារីស ជានរណា? ហើយតើអ្នកនយោបាយស្រ្តីជនជាតិស្បែកខ្មៅរូបនេះ មានប្រវត្តិអស្ចារ្យបែបនេះ និងមានគោលនយោបាយអ្វីសម្រាប់ការបោះឆ្នោតខាងមុខ?

លោកស្រី ហារីស បានកើតនៅក្នុងឆ្នាំ១៩៦៤ ក្នុងនាមជាកូនស្រីច្បង ដោយមានឪពុកឈ្មោះ Donald J. Harris និងម្តាយ Shyamala Gopalan ដែលបានសិក្សានៅអាម៉េរិក។ ក្រោយពីម្តាយឪពុកបែកបាក់គ្នា លោកស្រី ហារីស នៅតែបន្តរស់នៅជាមួយម្តាយ ប៉ុន្តែលោកឪពុកតែមកមើលកូនស្រីនៅពេលចុងសប្តាហ៍។ បានន័យថា ជីវិតរបស់លោកស្រី មិនកំសត់ពេកនោះឡើយ ដ្បិតឪពុកនៅតែគិតគូរពីកូនស្រី។

នៅក្នុងឆ្នាំ១៩៨៦ ស្រ្តីមានដើមកំណើតជាអាស៊ីខាងត្បូងរូបនេះ បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ច នៅសកលវិទ្យាល័យ Howard។​ សកលវិទ្យាល័យ Howard នេះ ភាគច្រើនមាននិស្សិតជាជនជាតិស្បែកខ្មៅ។ អាម៉េរិក ជាសង្គមមួយមានការប្រកាន់ស្បែកសម្បុរ។ ហេតុនេះ ការសិក្សារបស់លោកស្រី ហារីស នៅសកលវិទ្យាល័យ Howard គឺជារឿងល្អមួយ។

ទោះជាជនជាតិស្បែកខ្មៅ ប៉ុន្តែលោកស្រី Harris បានបន្តការសិក្សាផ្នែកច្បាប់ នៅសលកវិទ្យាល័យ University of California College of the Law​ ដោយមុខវិជ្ជានេះ លោកស្រីបានបញ្ចប់ នៅក្នុងឆ្នាំ១៩៨៩។

បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ University of California College of the Law និស្សិតច្បាប់រូបនេះ បានចូលធ្វើការជារដ្ឋអាជ្ញារងនៅខណ្ឌមួយ ក្នុងក្រុង Oakland​ រដ្ឋ California។ នៅក្នុងការងារជារដ្ឋអាជ្ញា លោកស្រី ហារីស បានកាន់សំណុំរឿងយ៉ាងម៉ត់ចត់លើរឿងក្តីអំពើហិង្សាក្មេងទំនើង, ជួញដូរគ្រឿងញៀន និងការរំលោភបំពានផ្លូវភេទ។

រដ្ឋអាជ្ញានៅអាម៉េរិក ជាអ្នកអនុវត្តច្បាប់ ចាប់បង្ខំឱ្យអនុវត្តច្បាប់ និងអាចដឹកនាំសំណុំរឿង ប្រឆាំងនឹងបទល្មើសណាមួយ នៅចំពោះមុខតុលាការ ឬចំពោះមុខច្បាប់។ ព្រោះតែកាន់ការងារបានល្អ មន្រ្តីច្បាប់មានដើមកំណើតឥណ្ឌារូបនេះ បានឡើងតំណែងជារដ្ឋអាជ្ញា នៅក្នុងខណ្ឌមួយ ក្នុងរដ្ឋ California តែម្តង។

ទោះមានស្បែកខ្មៅក្តី នៅក្នុងឆ្នាំ២០១០ លោកស្រី ហារីស បានបំបែកកំណត់ត្រាថ្មីមួយ ដោយជាប់ឆ្នោតជាអគ្គរដ្ឋអាជ្ញាប្រចាំនៅរដ្ឋ California តែម្តង។ នេះជាលើកដំបូង ដែលស្រ្តីកាន់តំណែងមួយនេះ ហើយជាជនជាតិអាម៉េរិកស្បែកខ្មៅ ក្នុងការកាន់តំណែងជាអគ្គរដ្ឋអាជ្ញានៅអាម៉េរិក។

អាចថាជាសំណាង នៅក្នុងការបោះឆ្នោតជ្រើសតាំងជាអគ្គរដ្ឋអាជ្ញា លោកស្រី ហារីស ឈ្នះដៃគូប្រជែងតិចជាង ១ភាគរយប៉ុណ្ណោះ។

ទោះកាន់តំណែងកាន់តែធំ អគ្គរដ្ឋអាជ្ញាប្រចាំនៅរដ្ឋ California តែងរក្សាឯករាជ្យភាពនយោបាយ។ ជាក់ស្តែង លោកស្រីអគ្គរដ្ឋអាជ្ញា បានការពារឱ្យមានការរៀបការសម្រាប់ភេទដូចគ្នា បើទោះច្បាប់នៅរដ្ឋ California ហាមឃាត់ក៏ដោយ។

ជាស្ត្រីម្នាក់ដែលតែងការពារភាពស្របច្បាប់ លោកស្រីហារីស បានបង្ហាញមុខនៅសមាជជាតិបក្សប្រជាធិបតេយ្យ ក្នុងឆ្នាំ២០១២។ វត្តមាននៅលើឆាកដ៏ធំរបស់បក្សប្រជាធិបតេយ្យ កាន់តែលើកមុខមាត់អគ្គរដ្ឋអាជ្ញារូបនេះបន្ថែមមួយកម្រិតទៀត។ ដោយជាតារារះនៅក្នុងបក្ស អតីតនិស្សិតច្បាប់ដើមកំណើតអាស៊ីខាងត្បូង ត្រូវបានជ្រើសជាបេក្ខជនសមាជិកព្រឹទ្ធសភា ជំនួសឱ្យលោក Barbara Boxer ដែលបានចូលនិវត្តន៍។

ក្នុងយុទ្ធនាការបោះឆ្នោតជាសមាជិកព្រឹទ្ធសភា លោកស្រីហារីស បានសន្យាផ្តោតលើបញ្ហា អន្តោប្រវេសន៍, កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ពាក់ព័ន្ធឧក្រិដ្ឋកម្ម, បង្កើនប្រាក់ឈ្មួលអប្បបរមា និងសិទ្ធិស្រ្តីក្នុងការបង្កើតកូនជាដើម។ អ្នកនយោបាយស្រ្តីរូបនេះ បានជាប់ជាសមាជិកព្រឹទ្ធសភាដោយងាយស្រួល នៅក្នុងឆ្នាំ២០១៦។ លោកស្រីហារីស ជាជនជាតិអាម៉េរិកដើមកំណើតឥណ្ឌាដំបូង និងជាជនជាតិឥណ្ឌាទីពីរ ដែលកាន់តំណែងជាសមាជិកព្រឹទ្ធសភាសម្រាប់រដ្ឋ California។

រហូតដល់ឆ្នាំ២០១៩ លោកស្រីហារីស បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅក្នុងបក្សប្រជាធិបតេយ្យថែមទៀត ប៉ុន្តែត្រូវបោះបង់វិញ ក្រោយរងសម្ពាធពីសមាជិកបក្ស ដ្បិតលោកស្រីជារដ្ឋអាជ្ញា និងបំពេញយុទ្ធនាការបោះឆ្នោតមិនបានល្អ។

យ៉ាងណាក៏ដោយ រដ្ឋអាជ្ញារូបនេះ នៅតែមានកេរ្តិ៍ឈ្មោះក្នុងសង្គម ដោយសារបន្តផ្តោតលើការងារកំណែទម្រង់សង្គម និងប្រព័ន្ធយុត្តិធម៌។ ក្រោយហេតុការណ៍ករណីស្លាប់របស់ជនជាតិស្បែកខ្មៅ George Floyd ក្នុងពេលប៉ូលិសចាប់ខ្លួន សមាជិកបក្សប្រជាធិបតេយ្យ បានជំរុញឱ្យលោក ចូ បៃឌិន រើសយកលោកស្រី ហារីស ជាដៃគូ ក្នុងការបោះឆ្នោត​ និងធ្វើកំណែទម្រង់សង្គម-យុត្តិធម៌។​ នៅក្នុងឆ្នាំ២០២០ លោកស្រី ហារីស បានក្លាយជាអនុប្រធានាធិបតីស្រ្តីស្បែកខ្មៅដំបូងគេ។ អនុប្រធានាធិបតីអាម៉េរិក ក៏កាន់តំណែងជាប្រធានព្រឹទ្ធសភាផងដែរ។

ក្នុងតួនាទីជាអនុប្រធានាធិបតី ស្រ្តីដើមកំណើតអាស៊ីរូបនេះ បានផ្តោតលើការងារដូចជា ការកើនឡើងជនអន្តោប្រវេសន៍នៅតំបន់ព្រំដែនភាគខាងត្បូង, ការផ្តល់តម្លៃដល់ច្បាប់លើសិទ្ធិអ្នកបោះឆ្នោត និងការការពារសិទ្ធិស្រ្តីលើការរម្លូតកូន។

ជារឿងគួរឱ្យភ្ញាក់ផ្អើល និងជាការរបត់នយោបាយដ៏សំខាន់មួយ នៅពេលលោកប្រធានាធិបតី បៃឌិន បានដកខ្លួនចេញពីការឈរឈ្មោះបោះឆ្នោត នៅក្នុងខែកក្កដា ឆ្នាំ២០២៤។ ចាប់ពីពេលនោះមក លោកស្រីហារីស បានក្លាយជាបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យដ៏សំខាន់ និងបានកៀរគរលុយបានច្រើនលានដុល្លារសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត។ ដៃគូប្រជែងតំណែងប្រធានាធិបតី គឺលោកដូណាល់ ត្រាំ បេក្ខជនបក្សសាធារណរដ្ឋ។

ក្នុងនាមជាបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ លោកស្រីហារីស បានសន្យាសេដ្ឋកិច្ចអាម៉េរិកបន្ត និងកាត់បន្ថយថ្លៃចំណាយថ្លៃរស់នៅ ដ្បិតលោកស្រីយល់ថា សេដ្ឋកិច្ចអាម៉េរិក ពឹងផ្អែកយ៉ាងខ្លាំងលើប្រជាជនមានឋានៈកណ្តាល។ តាមវេបសាយយុទ្ធនាការឃោសនាបោះឆ្នោត លោកស្រីហារីស បានបញ្ជាក់ពីការកាត់បន្ថយពន្ធលើការងាររហូតដល់ ១០០លានការងារ និងរៀបចំសហគ្រាសឱ្យផ្តល់ប្រាក់បៀវត្សរ៍កាន់តែច្រើន។

លោកស្រីអនុប្រធានាធិបតី បានធានានាំយកឱកាសសម្រាប់ប្រជាជនអាម៉េរិកទាំងអស់ ហើយឈរនៅចំពោះមុខប្រជាជន ដើម្បីការពារពីក្រុមឆបោក ហើយធ្វើជាប្រធានាធិបតីសម្រាប់ប្រជាជនអាម៉េរិកទាំងអស់៕