អុីស្រាអែលរិះគន់ UN និងសន្យាប្រយុទ្ធលុះត្រាដណ្ដើមចំណាប់ខ្មាំងមកវិញ
ក្នុងថ្ងៃគម្រប់ខួប១ឆ្នាំនៃការវាយប្រហារក្រុមហាម៉ាសលើអុីស្រាអែល ឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិ លោក Danny Danon បានប្រកាសគោលជំហររបស់ខ្លួន ក្នុងការដណ្ដើមយកចំណាប់ខ្មាំងពីក្រុមហាម៉ាសមកវិញ។
ទាំងមេដឹកនាំ និងប្រជាជនអុីស្រាអែលមួយចំនួន បានគាំទ្រឱ្យបន្តសង្គ្រាម ក្នុងបំណងនាំយកចំណាប់ខ្មាំងត្រឡប់មកវិញ។ តាមការបញ្ជាក់របស់យោធាអុីស្រាអែល ចំណាប់ខ្មាំងជាង១០០នាក់ទៀត កំពុងនៅក្នុងដៃក្រុមហាម៉ាស។
«UN បានបរាជ័យលើកាតព្វកិច្ច ដ៏សាមញ្ញរបស់ខ្លួនក្នុងការការពារជនស្លូតត្រង់ និងការថ្កោលទោសមនុស្សអាក្រក់(ក្រុមហាម៉ាស)»។ ឯកអគ្គរដ្ឋទូតអុីស្រាអែល បានបង្ហាញការខកចិត្តបែបនេះ នៅថ្ងៃទី៧ ខែតុលា។
ស្របគ្នានេះ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំ UN ក៏បានលើកឡើងស្រដៀងគ្នានៅក្នុងខួប១ឆ្នាំនៃការវាយប្រហាររបស់ក្រុមហាម៉ាសលើអុីស្រាអែលដែរ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានស្នើសេចក្តីសម្រេចពាក់ព័ន្ធលើការផ្តល់ជំនួយទៅកាហ្សា និងការថ្កោលទោសក្រុមហាម៉ាស។
យ៉ាងណាមិញ អាម៉េរិក បានប្រើសិទ្ធិវ៉េតូជំទាស់លើដំណោះស្រាយនេះ ព្រោះគ្មានលើកឡើងពីការគាំទ្រសិទ្ធិការពារខ្លួនរបស់អុីស្រាអែល។
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានគោរព្វវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា។ លោក បៃឌិន ក៏មិនភ្លេចបង្ហាញពីការគាំទ្ររបស់រដ្ឋបាលខ្លួន ទៅកាន់អុីស្រាអែលដែរ។
គួរបញ្ជាក់ថា ក្រុមហាម៉ាសបានបើកប្រតិបត្តិការវាយប្រហារលើអុីស្រាអែលចេញពីតំបន់កាហ្សា ដោយបានបាញ់មីស៊ីលជាច្រើនគ្រាប់ និងចូលទៅសម្លាប់ប្រជាជនប្រមាណ១២០០នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ លើសពីនេះ ក្រុមប្រយុទ្ធហាម៉ាស ក៏បានចាប់ពលរដ្ឋអុីស្រាអែលជាចំណាប់ខ្មាំងប្រហែល២៥០នាក់ ផងដែរ៕