នាយករដ្ឋមន្រ្តីថៃទទូចឱ្យអាស៊ានជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា មុនកិច្ចប្រជុំកំពូល
ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងការដឹកនាំរបស់រដ្ឋាភិបាលយោធា មុននឹងក្រុមយោធាប៉ះទង្គិចជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច។ ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្រ្តីថៃ ទទូចឱ្យអាស៊ាន ជួយបញ្ចប់សង្រ្គាមស៊ីវិល ស្របពេលកិច្ចប្រជុំកំពូលរៀបចំនៅឡាវ។
«អាស៊ាន ត្រូវតែដើរតួនាទីដ៏សំខាន់ក្នុងការនាំយកសន្តិភាពត្រលប់ទៅមីយ៉ាន់ម៉ាឱ្យបានឆាប់បំផុត»។ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ប្រមុខរដ្ឋាភិបាលថៃ បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៧ ខែតុលា។ បើតាមប្រមុខរដ្ឋាភិបាលរូបនេះ ថៃ នឹងសហការជាមួយម៉ាឡេស៊ី ដែលនឹងក្លាយជាប្រធានផ្លាស់វេនអាស៊ាននៅឆ្នាំ២០២៥ ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
កន្លងមក វិបត្តិនៅមីយ៉ាន់ម៉ា បានធ្វើឱ្យប្រជាជនជាច្រើនម៉ឺននាក់ភៀសខ្លួនរកកន្លែងសុវត្ថិភាព ជាពិសេសភៀសខ្លួនចូលព្រំដែនថៃ។ ដើម្បីទប់ស្កាត់ និងការពារសុវត្ថិភាពតាមព្រំដែន ថៃបានពង្រាយយោធា និងគ្រឿងបរិក្ខាផ្សេងៗ នៅតាមតំបន់ព្រំដែន។
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវបានរៀបចំនៅទីក្រុងវៀងចន្ទន៍ ចាប់តាំងពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែតុលា។ វិបត្តិមីយ៉ាន់ម៉ា នឹងក្លាយជាប្រធានបទដ៏សំខាន់មួយ ក្នុងចំណោមប្រធានបទក្តៅៗជាច្រើនទៀត។
ទន្ទឹមនេះ របបសឹកមីយ៉ាន់ម៉ា នឹងបញ្ជូនតំណាងពីក្រសួងការបរទេសរបស់ខ្លួនលើកដំបូង ទៅចូលរួមកិច្ចប្រជុំនៅឡាវ។ យ៉ាងណាមិញ ការអនុញ្ញាតឱ្យតំណាងយោធាមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំ បានធ្វើឱ្យអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលស្រមោល រិះគន់យ៉ាងខ្លាំង៕