មិនបានទេ ! រោគសញ្ញាជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួន
ភាគច្រើនមនុស្សសុទ្ធតែដឹងពីរោគសញ្ញាផ្នែកផ្លូវចិត្តនៃជំងឺបាក់ទឹកចិត្ត ប៉ុន្តែរោគសញ្ញាលើរាងកាយទាក់ទងនឹងជំងឺបាក់ទឹកចិត្តតែងតែត្រូវបានមើលរំលង ដោយសារតែរោគសញ្ញាទាំងនោះហាក់ដូចជាមិនមានការទាក់ទងជាមួយជំងឺនេះទេ ។
ដើម្បីអាចកត់សម្គាល់ពីជំងឺបាក់ទឹកចិត្ត អ្នកក៏ត្រូវដឹងពីរោគសញ្ញារបស់វាចំពោះរាងកាយផងដែរ ។ ដោយសារវាអាចជួយក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេល ។
សញ្ញានៃជំងឺបាក់ទឹកចិត្តដែលអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ ៖
១-ស្រក ឬឡើងទម្ងន់
ជំងឺបាក់ទឹកចិត្តប៉ះពាល់ដល់អ៊័រម៉ូនដែលគ្រប់គ្រងចំណង់អាហារ និងអាចធ្វើឱ្យអ្នកចង់ញ៉ាំច្រើន ឬតិចជាងធម្មតា ។ ស្របពេលគ្នានេះដែរ បញ្ហាដំណេកដែលទាក់ទងទៅនឹងជំងឺបាក់ទឹកចិត្តក៏អាចធ្វើឱ្យមានបញ្ហានេះផងដែរ ដោយសារតែការគេងមិនគ្រប់គ្រាន់អាចធ្វើឱ្យអ៊័រម៉ូននៃការឃ្លាន និងឆ្អែតដំណើការខុសប្រក្រតី ។
ប្រសិនបើអ្នក ឬនរណាម្នាក់មានការប្រែប្រួលទម្ងន ់ភ្លាមៗ ចូរទៅជួបគ្រូពេទ្យដើម្បីស្វែងរកមូលហេតុ រួមទាំងលទ្ធភាពនៃការកើតជំងឺបាក់ទឹកចិត្ត ។
២-ការឈឺចាប់
ជួនកាលការឈឺសាច់ដុំ ឬសន្លាក់អាចបណ្តាលមកពីជំងឺបាក់ទឹកចិត្ត ។ នៅពេលដែលអ្នកលាក់អារម្មណ៍របស់អ្នក ពួកវានឹងសម្តែងចេញមកខាងក្រៅតាមរយៈការឈឺចាប់លើរាងកាយ ។ មិនថាវាជាការឈឺក្បាល ឬឈឺចង្កេះការរំញោចអារម្មណ៍អាចបង្ហាញឱ្យឃើញពីការឈឺចាប់ផ្នែករាងកាយ ។
ក្នុងករណីខ្លះការឈឺចាប់ក៏នាំឱ្យមានជំងឺបាក់ទឹកចិត្តផងដែរ ។ ឧទាហរណ៍ប្រសិនបើអ្នកមានការឈឺចាប់ខ្លាំងនៅពេលដើរ ឬពេលធ្វើការងារផ្ទះវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ពិបាកចិត្តខ្លាំង ។
៣-បញ្ហាប្រព័ន្ធរំលាយអាហារ
ជំងឺបាក់ទឹកចិត្តក៏មានការទាក់ទងយ៉ាងខ្លាំងជាមួយបញ្ហានៃការរំលាយអាហារ ដូចជាការហើមពោះ ទល់លាមក រលាកពោះវៀន និងជំងឺដទៃទៀត ។ លើសពីនេះអ្នកដែលមានជំងឺបាក់ទឹកចិត្តមានទំនោរទទួលទានអាហារដែលមានជាតិស្ករច្រើន បណ្តាលឱ្យមានការរលាកក្នុងខួរក្បាល និងធ្វើឱ្យមានអតុល្យភាពនៃបាក់តេរីល្អ និងអាក្រក់ក្នុងពោះវៀន ។
៤-មានបញ្ហាក្នុងការគេង
ជំងឺបាក់ទឹកចិត្តអាចបណ្តាលឱ្យមានរោគសញ្ញានៃការគេងមិនលក់ជាច្រើនរួមទាំងការពិបាកក្នុងការគេងលក់ គេងភ្ញាក់ច្រើនដង និងងងុយគេងនៅពេលថ្ងៃ ។
ការគេងមិនបានលក់ល្អក៏អាចនាំឱ្យមានជំងឺថប់អារម្មណ៍ និងធ្វើឱ្យស្ថានភាពនៃជំងឺបាក់ទឹកចិត្តរបស់អ្នកកាន់តែយ៉ាប់យ៉ឺន ។
៥-បញ្ហាស្បែក
អ៊័រម៉ូនស្ត្រេសអាចបំផ្លាញស្បែករបស់អ្នក ។
ជំងឺបាក់ទឹកចិត្តមានការទាក់ទងទៅនឹងការកើនឡើងកម្រិតអ៊័រម៉ូនស្ត្រេស ដូច្នេះវាជារឿងធម្មតាដែលយើងតែងតែឃើញថាបញ្ហាស្បែកច្រើនកើតលើអ្នកដែលមានជំងឺបាក់ទឹកចិត្ត ។ ជំងឺនេះក៏អាចធ្វើឱ្យស្ថានភាពនៃជំងឺស្បែកមួយចំនួនកាន់តែធ្ងន់ដូចជាជំងឺស្បែកឡើងសរសៃក្រហម ជំងឺរបកស្បែក និងមុន ៕