• The People Post

កូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់មីស៊ីល Taurus ជាលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ

ក្រុមមន្ត្រីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា កងទ័ពអាកាស បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដែលពាក់ព័ន្ធនឹងមីស៊ីល Taurus រយៈចម្ងាយឆ្ងាយពីអាកាសទៅដី ដែលជាសមយុទ្ធលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ ចំពេលមានការគំរាមកំហែងដោយនុយក្លេអ៊ែរ និងមីស៊ីលឥតឈប់ឈររបស់កូរ៉េខាងជើង។

នៅក្នុងការសាកល្បងដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ យន្តហោះចម្បាំង F-15K បានបាញ់មីស៊ីល Taurus ដែលហោះបានចម្ងាយ ៤០០គីឡូម៉ែត្រ និងបានបាញ់ដោយជោគជ័យលើគោលដៅដែលបានកំណត់ទុកជាមុន នៅសមុទ្រលឿង។ នេះបើយោងតាមមន្ត្រីកងទ័ពអាកាស។

ក្នុងឆ្នាំ ២០១៧ កូរ៉េខាងត្បូង បានធ្វើតេស្តបាញ់គ្រាប់ពិត ក្នុងការបង្ហាញកម្លាំងជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងបាញ់សាកល្បងនុយក្លេអ៊ែរលើកទី៦ របស់កូរ៉េខាងជើង។

មីស៊ីល Taurus មានសមត្ថភាពហោះហើរក្នុងល្បឿនអតិបរមា ១.១៦៣ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដើម្បីវាយប្រហារទីតាំងសំខាន់ៗ នៅទូទាំងប្រទេសកូរ៉េខាងជើង ក្នុងរយៈពេល ១៥ នាទី នៅពេលបាញ់ចេញពីក្បែរទីក្រុងសេអ៊ូល។

ដោយត្រូវបំពាក់ដោយបច្ចេកវិជ្ជាបំបាំងកាយ មីស៊ីលនេះ អាចធ្វើការវាយលុកយ៉ាងជាក់លាក់ ក្នុងចម្ងាយ ៣ម៉ែត្រពីគោលដៅ និងទម្លុះចូលទៅក្នុងជញ្ជាំងបេតុងរឹងមាំ ដោយអាចធ្វើឲ្យវាធ្វើការវាយប្រហារលេណដ្ឋានក្រោមដីរបស់កូរ៉េខាងជើងបាន។