មន្ត្រីក្រុមហេសបូឡានិយាយថា ការប្រយុទ្ធជាមួយអ៊ីស្រាអែល ទើបតែជាការចាប់ផ្តើម
ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ លោក Mohammed Afif បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីថ្ងៃសុក្រថា ក្រុមហេសបូឡា បានបដិសេធថាក្រុមនេះមានអាវុធដែលបានរក្សាទុកនៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ប្រទេសលីបង់។
លោក Afif និយាយថា អាទិភាពរបស់ក្រុមនៅពេលនេះ គឺការកម្ចាត់អ៊ីស្រាអែល ប៉ុន្តែខ្លួនក៏បើកចំហចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីបញ្ឈប់ «ការឈ្លានពាន»។
ការវាយលុកលើទីក្រុង Tel Aviv ទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយអ្វីដែលបានកើតឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅក្រុង Haifa, Acre, Nahariya និងក្រុងSafa បញ្ជាក់ថា យើងកំពុងស្ថិតក្នុងដើមដំបូងនៅឡើយ។
ជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហេសបូឡា បានផ្ទុះឡើងវិញកាលពីមួយឆ្នាំកន្លងទៅនេះ នៅពេលដែលក្រុមគាំទ្រដោយអ៊ីរ៉ង់ បានបើកការបាញ់ផ្លោងក្នុងគាំទ្រក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ក្នុងពេលចាប់ផ្តើមសង្រ្គាមនៅតំបន់ហ្កាហ្សា។
ការប្រយុទ្ធគ្នា បានកើនឡើងយ៉ាងខ្លាំងកាលពីខែមុន នៅពេលដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើរដ្ឋធានីបេរូត និងជ្រលងភ្នំBekaa របស់ប្រទេសលីបង់ ហើយបានបញ្ជូនកងទ័ពជើងគោកចូលទៅក្នុងភាគខាងត្បូងប្រទេស។ ទន្ទឹមនឹងនឹងនេះ ក្រុមហេសបូឡា បានបាញ់គ្រាប់រ៉ុក្កែតចូលជ្រៅទៅក្នុងប្រទេសអ៊ីស្រាអែល។