• The People Post

ចិនដាក់ចេញនូវគោលនយោបាយជំរុញសេដ្ឋកិច្ចប្រទេសបន្ថែម

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៨ ខែតុលា លោក Zheng Shanjie ប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចចិន (NDRC) បានប្រកាសដោយសុទិដ្ឋនិយមថា ៖« យើងមានទំនុកចិត្តក្នុងការសម្រេចបាននូវគោលដៅសេដ្ឋកិច្ចសង្គមនៅឆ្នាំនេះ ស្របពេលនៅតែរក្សាបាននូវស្ថិរភាព សុខភាពល្អ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព»​។

ទីភ្នាក់ងារនេះ ក៏បានប្រកាសថាខ្លួននឹងបែងចែកថវិកា ២០០ពាន់លានយ័ន (២៨ពាន់លានដុល្លារ)សម្រាប់គម្រោងវិនិយោគរបស់រដ្ឋាភិបាលក្នុងតំបន់នៅឆ្នាំនេះ ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច។ ផែនការទាំងនេះ ត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ២០២៥។

នៅក្នុងខែមីនា មន្ត្រីចិនបានអះអាងថា ពួកគេបានកំណត់គោលដៅសម្រាប់កំណើនសេដ្ឋកិច្ច ៥ភាគរយសម្រាប់ឆ្នាំ ២០២៤។ យ៉ាងណាមិញ ទិន្នន័យនាពេលថ្មីៗនេះ ធ្វើឱ្យអ្នកសេដ្ឋកិច្ចមានការសង្ស័យថា គោលដៅនេះនឹងពិបាកសម្រេចបាន។ សេដ្ឋកិច្ចធំទីពីររបស់ពិភពលោក កំពុងប្រឈមមុខនឹងវិបត្តិអចលនទ្រព្យអូសបន្លាយ ការប្រើប្រាស់ខ្សោយ និងអត្រាអត់ការងារធ្វើរបស់យុវជនខ្ពស់។

អ្នកសេដ្ឋកិច្ច banរំពឹងថា ទីក្រុងប៉េកាំងនឹងបញ្ចេញប្រាក់ចំនួន ២ទ្រីលានយ័ន( ២៨៥ពាន់លានដុល្លារ) ក្នុងខែនេះ បន្ទាប់ពីប្រធានាធិបតីចិន ស៊ី ជិនភីង កាលពីខែមុនបានជំរុញឱ្យសម្រេចបាននូវគោលដៅកំណើន បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចធ្លាក់ចុះអស់ជាច្រើនខែ។

មន្រ្តីចិនបានខិតខំប្រឹងប្រែងច្រើនដើម្បីជំរុញសេដ្ឋកិច្ចប្រទេសឡើងវិញ។ យ៉ាងណាមិញ អ្នកវិនិយោគហាក់ខកចិត្តដោយសារតែព័ត៌មានលម្អិតអំពីគោលនយោបាយមិនត្រូវបានបង្ហាញ។ ការបន្ធូរបន្ថយសារពើពន្ធគឺចាំបាច់ ហើយអាចត្រូវបានប្រកាសនៅក្នុងខែនេះ។ លោក Fred Neumann ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីនៅធនាគារ HSBC ប្រាប់ទូរទស្សន៍ CNN បែបនេះ។

​មកដល់​ពេល​នេះ ចិន​បាន​ផ្តោត​តែ​លើ​គោលនយោបាយ​រូបិយវត្ថុ​ប៉ុណ្ណោះ។ នៅចុងខែកញ្ញា ធនាគារកណ្តាលចិន (PBOC) បានប្រកាសនូវ គោលនយោបាយបន្ធូរបន្ថយ ជាបន្តបន្ទាប់ ចាប់ពីការកាត់បន្ថយផលធៀបទុនបម្រុងដែលត្រូវការសម្រាប់ធនាគារ កាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះ រហូតដល់ការបញ្ចុះអត្រាការប្រាក់យោង។ នេះត្រូវបានគេរំពឹងថា នឹងទាញសេដ្ឋកិច្ចចេញពីសម្ពាធបរិត្តផរណា។

គោលនយោបាយទាំងនេះ មួយផ្នែកមានឥទ្ធិពលវិជ្ជមានទៅលើចិត្តសាស្រ្តនៃការវិនិយោគ និងការប្រើប្រាស់នៅក្នុងប្រទេស។ ទិន្នន័យពីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទបង្ហាញថា ការលក់ផ្ទះ និងការមើលផ្ទះនៅចិន បានកើនឡើងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិនៅដើមខែនេះ។ សន្ទស្សន៍ Shanghai Composite នៅលើទីផ្សារភាគហ៊ុនរបស់ប្រទេសក៏បានកើនឡើង ២០ភាគរយ ចាប់តាំងពី PBOC បានប្រកាសពីការបន្ធូរបន្ថយរូបិយវត្ថុ៕