• The People Post

ជប៉ុន បារម្ភពីកំណើនមនុស្សចាស់ដែលគ្មានសាច់ញាតិ

មនុស្សដែលគ្មានសាច់ញាតិមានអាយុលើសពី៦៥ឆ្នាំ ត្រូវបានគេរំពឹងថានឹងកើនឡើង ១,៥ដងនៅឆ្នាំ ២០៥០ ដែលស្មើនឹង១០ភាគរយនៃក្រុមមនុស្សចាស់។ នេះបើយោងតាមការប៉ាន់ប្រមាណដោយវិទ្យាស្ថានស្រាវជ្រាវជប៉ុន។

ក្នុង​ចំណោមក្រុមមនុស្សចាស់ដែលមិនមានកូន ចៅ ឬសាច់ញាតិ នឹង​​កើនជិត ៤,៥ លាន​នាក់​ នៅ ឆ្នាំ២០៥០។ ពួកគេ​នឹង​គ្មាន​អ្នក​ណា​ឧបត្ថម្ភ​​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​ថែទាំ​ទេ ហើយ​ពេល​ពួកគេ​ ស្លាប់​ក៏​គ្មាន​អ្នក​ណា​ទទួល​សាកសព​ដែរ។
នៅឆ្នាំ២០២៤ ជប៉ុនមានមនុស្សចាស់ជាង ៣៦លាននាក់ ស្មើនឹង២៩ភាគរយនៃចំនួនប្រជាជន សរុប។ ក្នុង​ចំណោម​នោះ ចំនួន​មនុស្ស​គ្មាន​សាច់​ញាតិ ​មាន​ប្រហែល ២,៩លាន​នាក់។
ការថយចុះអត្រាអាពាហ៍ពិពាហ៍ ជាហេតុធ្វើឲ្យចំនួនប្រជាជនវ័យចំណាស់ដែលគ្មានសាច់ញាតិ កើនឡើង។ វិទ្យាស្ថានជប៉ុនសម្រាប់ការស្រាវជ្រាវចំនួនប្រជាជន និងសន្តិសុខសង្គម ប៉ាន់ប្រមាណ ថា មនុស្សចាស់ (មនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំ) នឹងកើនឡើងដល់ ៣៩លាននាក់ នៅឆ្នាំ ២០៥០។ ដើម្បីជម្នះបញ្ហានេះ ច្បាប់រដ្ឋប្បវេណីជប៉ុន បានដាក់ទំនួលខុសត្រូវ ក្នុងការជួយដល់ សាច់ញាតិទី៣ (មីង ពូ អ៊ំ) លើសាច់ញាតិ។
នៅជប៉ុន ការមានអ្នកធានាគឺមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះមណ្ឌលថែទាំ និងមន្ទីរពេទ្យ ត្រូវ ការវត្តមានសាច់ញាតិដើម្បីផ្តល់សេវា។ មានការព្យាករថា ចំនួនមនុស្សចាស់ដែលគ្មានសាច់ញាតិ ត្រូវការការថែទាំរយៈពេលវែង ក្រោមការធានារ៉ាប់រងសង្គម នឹងមានកំណើនចន្លោះពី ៣៤-៥៩ ម៉ឺន នាក់នៅឆ្នាំ២០៥០។ ម្យ៉ាង​ទៀត មនុស្សចាស់ដែលគ្មានសាច់ញាតិ កំពុងងាកទៅរកសេវាថែទាំឯក ជន។ រដ្ឋាភិបាល​ជប៉ុន​ បាន​ចេញ​បទប្បញ្ញត្តិ​ទូទៅ​ ដើម្បី​បញ្ចៀស​បញ្ហា​ដែលអាច​កើតមាន​នៅ​ កន្លែង​ទាំងនេះ។
ស្ថានភាពនេះត្រូវបានគេព្យាករថា នឹងកាន់តែធ្ងន់ធ្ងរទៅៗ។ គេប៉ាន់ប្រមាណថា ចំនួនអ្នកអត់កូន ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ នឹងកើនឡើងទ្វេដងពី ៤,៦លាននាក់ក្នុងឆ្នាំ ២០២៤ ដល់ ១០,៣លាននាក់ក្នុងឆ្នាំ២០៥០។ នៅក្នុងក្រុមនោះ ចំនួនមនុស្សដែលមិនធ្លាប់រៀបការ ត្រូវបានគេ រំពឹងថា នឹងកើនឡើងពី ៣,៧លាននាក់ទៅ ៨,៣លាននាក់។
ក្នុង​ករណី​ខ្លះ មនុស្ស​ចាស់ ​ក៏​មិន​អាច​ពឹង​លើ​សាច់​ញាតិ​បាន​ដែរ ដោយសារ​តែ​ទំនាក់ទំនង​ដ៏​តាន តឹង​ របស់​ពួក​គេ។ តួលេខពីវិទ្យាស្ថានស្រាវជ្រាវជប៉ុនបង្ហាញថា មនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំ មិនអាចពឹងផ្អែកលើជំនួយហិរញ្ញវត្ថុពីសាច់ញាតិក្នុងគ្រាអាសន្ន ទំនងជានឹងកើនឡើងពី ៧,៩លាននាក់ នៅឆ្នាំ២០២៤ ដល់ ៨,៩លាននាក់នៅឆ្នាំ២០៥០៕