• The People Post

សម្រាន្ត​ក្នុងទីងងឹត ចម្រើនដល់​សុខភាព​?

លោកអ្នកមាន​បញ្ហាដំណេកមែនទេ? សូម​សាកល្បង​ ពន្លត់​ភ្លើង បិទ​អំពូល បិទ​វាំងនន បិទ​ទូរស័ព្ទ ទូរទស្សន៍… កុំ​ទុក​ឱ្យ​មានសល់ពន្លឺនៅក្នុង​បន្ទប់គេង សាក​ល​មើល៎។

បើតាមលទ្ធផល​ស្រាវជ្រាវ​​របស់​អ្នកស្រាវជ្រាវ​វេជ្ជសាស្ត្រ ​ការសម្រាន្ត​ក្នុង​បន្ទប់​ងងឹត​ឈឹង​ គ្មាន​ពន្លឺ​សោះ នឹង​ធ្វើ​ឱ្យ​អ្នក​ឆាប់​ងងុយ និង​លង់លក់​យ៉ាង​ស្កប់ស្កល់​ខ្លាំង។ យើង ធ្លាប់ ឮ និយាយច្រើន ​អំពី​ការ​រំខាន​របស់​សំឡេង ដូច​ជា​ថ្លង់​ពេក ​គេង​មិន​លក់​ គេ​មិន​បានជា​ដើម។ មែន​! សំឡេង​រំខាន​ខ្លាំងណាស់ អាចដាស់ បង្អាក់ដំណេក។ អ្នក​មាន​ដំណេក​ស្រាល អាច​ភ្ញាក់​ដោយ​គ្រាន់​តែ​ឮសំរិប​អ្វី​បន្តិច។ ប៉ុន្តែ​ពន្លឺ​ក្នុងពេល​យប់​ ក៏ជា​ប្រភព​បំពុល​បរិយាកាស​ដំណេក​ដ៏​ចម្បង​ដែល​ជះឥទ្ធិពលអវិជ្ជមាន​ ដោយ​ស្ងប់ស្ងាត់ និងដោយ​គេពុំ​សូវ​លើក​មក​និយាយទេ។ តែដោយ​ពិតជាក់ស្តែងទៅ​នោះ ពន្លឺ​ជា​ការ​រំខានដំណេកមនុស្សលោកខ្លាំង ណាស់។ នៅ​ប្រទេស​បារាំង មួយ​ភាគបួននៃប្រជាពលរដ្ឋ រស់​ប្រឈម​នឹង​ពន្លឺ​អំពូល​ភ្លើង​សាធារណៈ។

តើពន្លឺបង្កបញ្ហា​ដល់​ដំណេកយ៉ាង​ដូចម្តេច?

ទោះបី​ជាខ្សោយ និង​ភ្លឺ​តិច​យ៉ាងណា​ក៏​ដោយ ក៏ពន្លឺអាច​ប៉ះពាល់ដល់យន្តការ​ដំណេក​ដែរ។ ដើម្បី​​ងងុយ និង​លង់លក់ សរីរាង្គកាយ​មនុស្សត្រូវ​ការ​​អ័រម័ន​ម្យ៉ាង​ ដែល​ផលិត​តែនៅពេល យប់ គឺ អ័រមូន មេឡាតូនីន។ នៅក្នុង​ការសិក្សារបស់​អ្នក​វិទ្យាសាស្ត្រអូស្ត្រាលី ទើប​ចេញ ផ្សាយ​ក្នុង​ពេល​ថ្មីៗ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ពន្លឺក្នុង​កំរិត​ដ៏​ខ្សោយបំផុត​ ប៉ុនកូនពន្លឺគ្រឿង​អេឡិចត្រូវនិកបិទហើយសោះ អាច​ពន្យឺតយន្តការផលិតអ័រម័នមេឡាតូនីនប្រមាណ ២០ នាទី និង​ពន្យឺតភាព​ងងុយ ​និង​ការលង់​លក់​ប្រមាណ២០នាទី​ដែរ។

មានន័យ​ថា ពន្លឺ​រំខាន​ដល់​ចង្វាក់ធម្មជាតិរបស់​មនុស្ស ដោយ​អាច​បង្ខិត ឬ​រំកិល​ចង្វាក់​ដំ ណេក។ បើ​សរីរាង្គ​មាន​ដំណើរការ​ខុស​ចង្វាក់យូរៗទៅ ផលវិបាកសុខភាពនឹង​លេច​ឡើង​។​ ពោលគឺ បើ​សរីរាង្គ​ដើរ​ខុស​ចង្វាក់ជីវសាស្ត្រ ប្រព័ន្ធ​មេតាបូលិក ប្រព័ន្ធការពារ​ខ្លួន​ ក៏​​ត្រូវ​ដើរ​ខុស​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ហានិភ័យធ្លាក់​ខ្លួន​ឈឺ នូវ​ជំងឺ​មេតាបូលិកជា​ច្រើន​​ដូច​យ៉ាង ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺមហារីក។

ពន្លឺអាច​មាន​ឥទ្ធិពលអវិជ្ជមាន​យ៉ាង​នេះ ក៏​ដោយ​សារ​ថា គ្រប់​ប្រព័ន្ធ​ដំណើរការ​របស់សរីរាង្គកាយ (ប្រព័ន្ធអរមូន ប្រព័ន្ធ​កម្តៅ …) សុទ្ធ​តែ​គ្រប់គ្រង​ចាត់ចែង​ទៅ​តាម​ចង្វាក់​ថ្ងៃយប់ នៃវដ្តដែលមាន​២៤ម៉ោង ហើយ​ធ្វើសមកាលកម្មដោយ​ពន្លឺ។

​ដោយសារ​តែ​ខុស​ចង្វាក់ធម្មជាតិ​ដំណេកនេះ​ហើយ បាន​ជា​ការ​សិក្សា​ជាច្រើនទៀត រកឃើញ​ថា​មានកំណើន​គ្រោះ​ហានិភ័យ​​កើត​ជំងឺ​វង្វេង​វង្វាន់​អាល់ហ្សៃមែរ ដោយការប្រឈម​នឹង​ពន្លឺ​នៅ​យប់។

កាលពី​​ឆ្នាំ២០២២ ការ​សិក្សា​របស់​អ្នកស្រាវជ្រាវ​អាមេរិក​បាន​អះអាង​អំពី​ចំណ​ង​ទំនាក់ទំនង​រវាង​ការ​ប្រឈមនឹង​ពន្លឺ​ច្រើននៅពេលយប់ និង​គ្រោះ​កើត​ជំងឺទឹកនោមផ្អែម​ប្រភេទទីពីរ។ ឥឡូវ​អ្នក​ជំនាញ​ផ្នែក​ដំណេក​អូស្ត្រាលី លោក អ៊ីនឌ្រូ ហ្វីលីព ​បាន​អនុម័ត​​សម្មិតិកម្ម​នោះ និង​បាន​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​សុខភាព​អឺរ៉ុប​ដ៏​ល្បីល្បាញ​ជា​ទីទុក​ចិត្ត​បំផុត ថា គ្រោះ​កើត​ជំងឺ​ទឹកនោមផ្អែម ដោយ​ហេតុ​តែ​សម្រាន្ត​​យប់​ដោយ​ទុក​ភ្លើង​ មាន​កំរិត​ពន្លឺ​ត្រឹម​អំពូលទូរទស្សន៍​បិទ​ហើយ បានកើន​ឡើង​២៩%-៣៩% និង​ដល់​៥៣%​បើ​អំពូល​ភ្លឺខ្លាំង។

នៅពេល​សម្រាន្ត ទោះបី​ជាយើង​បិទ​ភ្នែក​ជិត​ឈឹង​ក៏​ដោយ ក៏​ពន្លឺ​នៅ​តែ​អាច​ជ្រៀត​ចាំងចូល​តាម​ត្របក​ភ្នែក​បាន​ដែរ។ យើងអាច​មាន​អារម្មណ៍​ថា​សម្រាន្ត​ពេល​យប់លក់​ស្រួលគ្មាន​អ្វី​រំខាន​មែន តែពន្លឺ ការបើក​​​ទូរទស្សន៍ ​ទុក​អំពូល​ភ្លើង​ឱ្យ​នៅ​ឆេះ​ចោល​ពេល​ដេកយប់ មិនមែន​ជា​ទម្លាប់​ល្អ​ទេ។

ការសិក្សា​ពន្យល់ថា នៅពេល​ដេកក្នុងទី​ភ្លឺ សរីរាង្គកាយ​យើង​ស្ថិ​តក្នុង​ស្ថានភាព​ប្រុងត្រៀមតែ​រហូត ហើយទៅ​បំប៉ន​ប្រព័ន្ធប្រសាទឱ្យ​នៅស្វាហាប់ជានិច្ច។ ជាហេតុធ្វើ​ឱ្យ​បេះដូង​ប្រឹង​លោត​ញាប់ដដែល ដែលជាទូទៅចង្វាក់បេះដូង​ត្រូវ​លោត​រង្វើល​នៅពេលយប់ និង​ជាហេតុធ្វើឱ្យ​ចំណាត់ការ​ចែកចាយជាតិស្ករ​ក្នុងឈាម​មិន​បាន​ល្អ ដែល​អាច​​ជាចំណុច​ចាប់​ផ្តើម​នៃ​ជំងឺ​ទឹកនោមផ្អែម និង​ជា​​ទម្លាប់អាក្រក់ ធ្វើ​ឱ្យ​ខ្លួនប្រាណ​និង​សរីរាង្គ​កាយ​ទាំងមូល លែងមាន​សណ្តាប់។

នេះ​ជា​សារ​រំលឹក​អំពី​ភាព​ចាំបាច់ ដែល​យើង​ត្រូវ​ចេះ​ស្តាប់​សេចក្តីត្រូវការ​របស់​សរីរាង្គកាយ និង​គោរព រក្សាចង្វាក់ធម្មជាតិ​ដែល​មានពី​ដំណាក់កាលឆ្លាស់​គ្នា គឺ​ពេល​ថ្ងៃ​សកម្ម និង​ពេលយប់​សំរាក។ សំរាក​ដោយត្រឹម​ត្រូវ ដោយ​គ្មានពន្លឺ​រំខាន។

សម្រាន្តក្នុងទីងងឹតមានគុណប្រយោជន៍​យ៉ាងណា?

នៅ​ពេល​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​ទី​ជនបទ តាម​ខេត្ត​ឆ្ងាយៗ តើ​លោក​អ្នក​មានអារម្មណ៍​ថា​សម្រាន្ត​លក់​ស្រួល​ មាន​កម្លាំង​ ស្រលះមុខ​មាត់ ពេល​ព្រឹក​ឡើងទេ? ហេតុ​អ្វី​បាន​ជា​យើង​មាន​អារម្មណ៍​យ៉ាង​ដូច្នេះ? ទំនង​មកពីលោក​​អ្នក​ឆាប់​ចូល​ដំណេក​ និង​ពុំ​រង​ពន្លឺ​សិប្បនិម្មិត​ច្រើន​ដូច​នៅ​ក្រុងហើយ។​

ភាព​ងងឹត​មិន​សុទ្ធ​តែ​អាក្រក់​ទេ។ អ្នក​វិទ្យាសាស្ត្រ​កាន់​តែ​ច្រើនឡើងៗ ណែនាំ​ឱ្យ​មនុស្ស​គ្រប់​រូប​ជ្រើសរើស​សម្រាន្ត​ក្នុង​ភាព​ងងឹត ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព និង​ដើម្បី​មាន​សុខមាលភាព​ល្អ។

ក្រៅ​អំពីឆាប់ងងុយ លង់​លក់​  ដំណេកក្នុង​ទីងងឹត​ឈឹងនឹង​ស្កប់ស្កល់ល្អ។ បើ​លក់​ស្កប់ស្កល់​ល្អ វា​នឹង​​ផ្តល់​គុណប្រយោជន៍​ច្រើនទៀត​ណាស់​សម្រាប់​សុខភាព​។

គេង​ក្នុង​ទី​ងងឹត​ឈឹង ជា​ការ​ចេះ​ស្តាប់​និង​​គោរព​ចង្វាក់​ធម្មជាតិ​​របស់​សរីរាង្គកាយ (យប់​ងងឹត​ដេក ​​ភ្លឺឡើង​ភ្ញាក់​ធ្វើ​សកម្មភាព) ​ដែល​នឹងធ្វើឱ្យ​យន្តការ​មេតាបូលិស​ដំណើរការល្អ​ ពោល​គឺ​ខ្លួន​ប្រាណ​ក៏​មានដំណើរការ​ល្អ​ ដោយ​ជួយ​មិន​ឱ្យ​ឡើង​ទម្ងន់ ជួយ​កោសិកានិង​ជាលិកា​នៃ​ប្រព័ន្ធការពារ​ខ្លួនឱ្យ​មាន​ពេល​ដុះ​លូតលាស់​បំពេញ​កម្លាំង​ដែល​ចំណាយ​អស់​កាលពី​ពេល​ថ្ងៃ។

សម្រាន្ត​ក្នុង​ភាព​ងងឹត ​នឹង​កាត់​បន្ថយ​គ្រោះ​ធ្លាក់​ខ្លួន​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជួយ​រក្សា​ជាតិ​ស្ករ​អាំងស៊ូលីនឱ្យ​នៅ​នឹង​ល្អ។ សម្រាន្ត​ដោយ​គ្មាន​ពន្លឺ ល្អ​ខ្លាំង​ណាស់​សម្រាប់​ភ្នែក​។ ភ្នែក​​នឹង​បាន​សម្រាក​យ៉ាង​ពិត​ប្រាកដ និង​បាត់​ហត់ ព្រោះ​មិនប្រឹង​​ប្រឈម​នឹង​​ពន្លឺ​ដោយ​ឥត​ប្រយោជន៍។ នៅ​ពេល​ទទួល​​ពន្លឺ ភ្នែកបញ្ជូន​សារ​ទៅ​ខួរ​ក្បាល​ឱ្យស្ថិត​ក្នុង​ភាព​ប្រុង​ប្រយ័ត្ន បាន​ន័យ​ថា​ខួរ​ក្បាល​មាន​ស្ត្រេស និងនៅ​​ប្រឹង​​ជាប់​រហូត។

សម្រាប់​អ្នក​ធ្វើការ​ពេលយប់ ការ​សម្រាក​ក្នុង​បន្ទប់​ងងឹត​ឈឹង ទាំង​ថ្ងៃ ក៏​អាច​ជួយ​ឱ្យ​ដំណេក​ស្កប់ស្កល់​ល្អ​ដែរ ព្រោះ​ខួរក្បាល​បាន​ទទួល​សញ្ញា​ច្បាស់​លាស់​ថា​ដល់​ម៉ោង​ត្រូវ​សម្រាកហើយ។ នេះ​បើ​តាម​​លទ្ធផ​លនៃ​ការ​សិក្សា​ដដែល។ ដូច្នេះ​ សូម​សម្រាក​ឱ្យ​បាន​គ្រប់​ម៉ោង​ លោក​អ្នក​នឹង​មាន​កម្លាំង​ពលំ​ធម្មតា​នៅ​ពេលត្រលប់​ទៅ​​ធ្វើ​ការវិញ​​។

ជាទូទៅ ដំណេក​មិន​ល្អ​ផះ​ឥទ្ធិពល​អវិជ្ជមាន​ខ្លាំង​ណាស់​ដល់​សុខភាពស​រីរាង្គកាយ។ ដំណេកមិន​គ្រប់​គ្រាន់ បូក​ផ្សំ​នឹង​បញ្ហា​គ្រួសារ សង្គម​ និង​ការងារ អាចបង្ក​ផល​​ប៉ះពាល់​ខ្លាំងដល់​បញ្ញាញាណ អារម្មណ៍ និង​រាងកាយទាំងមូល។ ផ្ទុយ​ទៅ​វិញ ការ​សម្រាន្ត​លក់​ស្កប់​ស្កល់​ល្អ​ពេញ​មួយ​​យប់ ជា​ទន្ទល់​ដ៏​រឹងមាំ​ទ្រ​យើង​ឱ្យ​មាន​អាយុ​យឺនយូរ។ ដំណេក​​​ល្អ និង​ស្កប់​ស្កល់ ត្រូវ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ និង​ក្នុងទីដ៏​សមគួរដែរ។

លើកលែង​តែ​អ្នក​ខ្លាច​ងងឹត លោកអ្នកគួរ​តែជ្រើសរើស​សម្រាន្ត ក្នុង​បន្ទប់ដោយ​គ្មានពន្លឺ​រំខាន​សោះនៅ​ពេល​យប់ ដោយ​បិទ​ប្រភព​ពន្លឺ​ទាំងអស់ ដូច​ជា​បិទ​ភ្លើង បិទទូរទស្សន៍ បិទ​ទូរស័ព្ទ បិទបង្អួច បិទ​​វាំងនន។ ពាក់​ម៉ាស​បិទ​ភ្នែក ប្រសិន​បើ​អ្នក​គ្មាន​មធ្យោបាយ​ធ្វើ​ឱ្យ​បន្ទប់​គេង​ងងឹត​ឈឹង​បាន។

បើ​មាន​កូន​តូច ត្រូវការ​រក្សា​ពន្លឺ​ខ្លះ​ពេល​ឱ្យ​បៅ​ សូម​ប្រើ​អំពូល​ភ្លើង​ដែល​មាន​ពន្លឺ​លឿង​យ៉ាង​ស្រទន់ និង​ចៀសវៀង​ឱ្យ​បាន​ការ​ប្រើ​ពន្លឺ​ស និង​ខៀវ។ ពន្លឺ​ពណ៌​ខៀវ​ អាច​ទៅ​បិទ​ខ្ទប់​សកម្មភាព​របស់​អ័រមូន​មេឡាតូនីន។ ជា​ចុងក្រោយ​ សូម​កុំ​ខ្លាច​ថ្ងៃ! កុំ​សំងំ​តែ​នៅ​ក្នុង​ផ្ទះ ឬ​ក្នុង​បន្ទប់! ចេញ​ឱ្យ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ ពន្លឺ​ធម្មជាតិ នៅ​ពេល​ថ្ងៃ ដើម្បី​ជួយ​សរីរាង្គ​ឱ្យ​បែង​ចែង​កាន់តែ​ច្បាស់​រវាង​ថ្ងៃ​ និង​យប់៕​