ក្រៅពីមានសួនសត្វ ភ្នំតាម៉ៅក៏មានប្រាសាទ
ភ្ញៀវទេសចរដែលទស្សនាខេត្តតាកែវ ភាគច្រើនស្គាល់សួនសត្វភ្នំតាម៉ៅ ប៉ុន្តែភាគតិចណាស់ដែលស្គាល់ប្រាសាទចំនួនពីរ សាងសង់ក្នុងសតវត្សទី១១។ ប្រាសាទនេះ ស្ថិតនៅក្នុងវត្តភ្នំតាម៉ៅ និងនៅលើកំពូលភ្នំថ្មដុះ ដែលមានកម្ពស់ ៣៥ម៉ែត្រ។ ប្រាសាទភ្នំថ្មដុំ ត្រូវបានកសាងអំពីដីឥដ្ឋតាន់ក្រហម កាលពីសម័យអង្គរ។ ជញ្ជាំងវាមានកម្រាស់ ១ម៉ែត្រ។ ប្រាសាទដ៏តូចនេះមានថ្មធម្មជាតិមួយដ៏ធំនៅខាងក្នុង។ ប្រាសាទនេះ មានរាងបួនជ្រុង ៧ម៉ែត្រកន្លះ និងកម្ពស់ ១៣ម៉ែត្រ។ ប្រាសាទថ្មដុះត្រូវបានកសាងដោយព្រះមហាក្សត្រពីរព្រះអង្គគឺ ព្រះបាទសុរ្យវរ្ម័នទី១ និង ព្រះបាទឧទ័យទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រះសិវៈ នៃព្រហ្មញ្ញសានា។
ប្រាសាទថ្មដុះមានទីតាំងស្ថិតនៅទិសពាយ័ព្យនៃប្រាសាទភ្នំតាម៉ៅ។ វាស្ថិតនៅក្នុងភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ បើចាកចេញពីក្រុងភ្នំពេញ មានចម្ងាយ ៤០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ២ បត់ស្តាំ ៥គីឡូម៉ែត្រ ដោយប្រើរយៈពេលធ្វើដំណើរតាមយានយន្តជិត មួយម៉ោង។