លោក Zelenskyy ផ្តើម«ផែនការជ័យជម្នះ»សម្រាប់សហភាពអឺរ៉ុបនិងសម្ពន្ធមិត្តអូតង់
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយកាលពីថ្ងៃព្រហស្បតិ៍ថា គន្លឹះដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នៅក្នុងរបៀបមួយដែលការពារវា មិនឱ្យកើតឡើងម្តងទៀត គឺសាមគ្គីភាពអឺរ៉ុប ដាក់សម្ពាធលើរុស្ស៊ី និងពង្រឹងអ៊ុយក្រែន។
លោកZelenskyy បាននិយាយនៅពេលដែលលោកទៅបំពេញទស្សនកិច្ចរាជធានីព្រុច សែល ដើម្បីថ្លែងសុន្ទរកថា ទៅកាន់ពួកមេដឹកនាំសហភាពអឺរ៉ុប ហើយនឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិអង្គការអូតង់។ លោកបាននិយាយថា៖ «រុស្ស៊ី នឹងប្រើប្រាស់ជម្រើសការទូត នៅពេលដែលខ្លួនមើលឃើញថាខ្លួនមិនអាចសម្រេចជោគជ័យ ដោយកម្លាំងបាន។ យើងត្រូវតែបង្កើតស្ថានភាពត្រឹមត្រូវមួយ ដើម្បីបញ្ចប់សង្គ្រាមនេះ»។
ជំនួបនេះជាឱកាសថ្មីៗបំផុត របស់លោកប្រធានាធិបតី Zelenskyy ដើម្បីដាក់ជូន «ផែនការជ័យជម្នះ»របស់លោកដល់សម្ពន្ធមិត្តលោកខាងលិច។
នៅក្នុងសុន្ទរកថាទៅកាន់សភាអ៊ុយក្រែន កាលពីថ្ងៃពុធ លោក Zelenskyy បានសង្កត់ពីទស្សនៈរបស់លោក ដើម្បីបញ្ចប់ការឈ្លានពានរយៈពេល៣២ខែ របស់រុស្ស៊ី រួមមានការអំពាវនាវឱ្យអញ្ជើញអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌ ដើម្បីចូលរួមអង្គការអូតង់ហើយនឹងការដាក់ពង្រាយអាវុធ ដែលមិនមែននុយក្លេអ៊ែរ ដើម្បីកំញើញភាពគឃ្លើនរបស់រុស្ស៊ី។
ប្រធានអង្គការអូតង់ លោក Mark Rutte បាននិយាយកាលពីថ្ងៃពុធថា សមាជិកភាពដែលកើតឡើង ដោយយថាហេតុរបស់អ៊ុយក្រែន នៅក្នុងអង្គការអូតង់ជា «ការពុំអាចប្រែប្រួលបាន» នៅពេលដែលពេលវេលាមកដល់ ក៏ប៉ុន្តែពីព្រោះតែរដ្ឋាភិបាលក្រុងកៀវ មិនអាចចូលរួម ខណៈដែលមានសង្គ្រាមនេះទេ លោកបានបដិសេធ ដើម្បីដាក់ពេលវេលានៃការ ចូលជាសមាជិកភាពនេះទេ។
លោកប្រធានាធិបតី Zelenskyy បានអំពាវនាវម្តងហើយម្តងទៀត ដល់រុស្ស៊ីឱ្យដក កងទ័ពរបស់ខ្លួន ចេញពីអ៊ុយក្រែន ហើយនឹងធ្វើឱ្យខ្សែបន្ទាត់ទឹកដីឡើងវិញ របស់អ៊ុយក្រែនមុនពេលរុស្ស៊ី យកតំបន់ Crimea ជាឧបសម្ព័ន្ធជាឯតោភាគី នៅឆ្នាំ២០១៤ ជាសំណើមួយដែលរដ្ឋាភិបាលក្រុងមូស្គូបានបដិសេធ។
យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបាញ់ទម្លាក់ដ្រូន២២ គ្រឿងក្នុងចំណោមដ្រូនទាំងអស់៥៦គ្រឿង ដែលកងទ័ពរុស្ស៊ី បានប្រើប្រាស់នៅក្នុងការវាយប្រហារ រយៈពេលមួយយប់ ដៅលើតំបន់នានានៅភាគកណ្តាល និងខាងលិចប្រទេសអ៊ុយក្រែន៕