ដំណើរកម្សាន្តជាធាតុផ្សំពុំអាចខ្វះបានក្នុងការពង្រឹងសុខភាព
ដំណើរកម្សាន្តជាធាតុផ្សំក្នុងការពង្រឹងសុខុមាលភាព និងការវិនិយាគចំពោះការអភិវឌ្ឍសមត្ថភាពក្នុងរយៈពេលវែង រួមទាំងផ្តល់នូវគុណសម្បត្តិដូចជា បង្កើនវិសាលភាពទស្សនៈចម្រុះ ភាពច្នៃប្រតិដ្ឋ សុខភាពរាងកាយ ពង្រឹងទំនាក់ទំនង អភិវឌ្ឍន៍លក្ខណៈរបស់បុគ្គលម្នាក់ៗ និងការពេញចិត្តជាមួយរបៀបរស់នៅបច្ចុប្បន្ន។ តាមរយៈគេហទំព័រ Gent Post បានបង្ហាញហេតុផលមួយចំនួនពាក់ព័ន្ធនឹងសារៈសំខាន់នៃដំណើរកម្សាន្ត។
១. ពង្រីកការយល់ឃើញឱ្យមានភាពទូលាយ ៖ ការធ្វើដំណើរកម្សាន្ត ភាគច្រើនគេមើលឃើញតែរូបភាព នៃការផ្លាស់ប្តូរ ពីទីតាំងមួយ ទៅទីតាំងមួយទៀត។ ប៉ុន្តែស្ថានភាពពិតវាបានផ្លាស់ប្តូរការយល់ឃើញ និងសុខុមាលភាពទាំងមូល។ ដំណើរកម្សាន្តបាននាំមកនូវបទពិសោធន៍ថ្មីៗអំពីវប្បធម៌ ភាសាប្លែកៗ និងការនាំខ្លួនឯងឱ្យចេញពីតំបន់ដែលមិនផ្តល់ភាពរីកចម្រើន រួមទាំងជំរុញឱ្យហ៊ានប្រឈមនឹងកន្លែងថ្មីៗជុំវិញពិភពលោក។ ដំណើរកម្សាន្តបានជំរុញដល់សមត្ថភាពនៃការទទួលយកនូវភាពចម្រុះ ទស្សនៈផ្ទុយគ្នា និងរៀនរស់ជាមួយមជ្ឈដ្ឋានថ្មីៗ។
២. អភិវឌ្ឍន៍ភាពច្នៃប្រតិដ្ឋ ៖ ដំណើរកម្សាន្ត និងភាពច្នៃប្រតិដ្ឋ មានភាពប្រទាក់ក្រឡាគ្នា តាមរយៈការបញ្ជ្រាបខ្លួនឯងទៅក្នុងបទពិសោធន៍ដែលមិនធ្លាប់មានពីមុន បានបង្កើនភាពបត់បែន ផ្សារភ្ជាប់ជាមួយគំនិតថ្មីៗ ក៏ដូចជាការបង្កើនភាពច្នៃប្រតិដ្ឋ។ ជាទូទៅ យើងបានដឹងហើយថា អ្នកដែលធ្វើការក្នុងវិស័យមួយចំនួន ត្រូវការអ្នកមានគំនិតបត់បែនខ្ពស់ តួយ៉ាងដូចជា អ្នកសិល្បៈ អ្នកសរសេរ នងអ្នកធ្វើការក្នុងផលិតកម្មជាដើម ពួកគេត្រូវការបរិយាកាសប្លែកៗជាចាំបាច់។
៣. កាត់បន្ថយស្រ្តេស និងអាការថប់បារម្ភ ៖ ភាពមមាញឹកនៅក្នុងពេលបច្ចុប្បន្ននេះជំរុញឱ្យសន្ទុះនៃភាពតានតឹង មានការកើនឡើង និងមានភាពប្រកួតប្រជែងក្នុងការដោះស្រាយ ហើយដំណើរកម្សាន្តជាចំណែកមួយជួយសម្រួលដល់បញ្ហានេះ និងការកាត់សម្ពាធពីជីវិតប្រចាំថ្ងៃ។ ការធ្វើផែនការសកម្មភាពមុនពេលធ្វើដំណើរកម្សាន្ត ជំរុញឱ្យអារម្មណ៍ល្អ និងសុភមង្គលពេញលេញ និងភាពរីករាយក្នុងរយៈពេលវែង ក្រោយទទួលបានដំណើរមួយដ៏រលូន។
៤. រាងកាយរឹងមាំ ៖ ដំណើរកម្សាន្តមិនត្រឹមតែល្អ សម្រាប់ការគិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយដូចគ្នា។ ប្រភេទដំណើរកម្សាន្តទៀតសោត មិនថាដើរតាមផ្លូវក្នុងទីក្រុង ការឡើងភ្នំ ដើរព្រៃ និងដំណើរកម្សាន្តនានាទៀត ដែលត្រូវការប្រើប្រាស់ចលនា សុទ្ធសឹងតែជាដើមចមនាំឱ្យសុខភាពរាងកាយកាន់តែរឹងប៉ឹង៕