យន្តហោះគ្មានមនុស្សបើករបស់ចិន អាចហោះបានចម្ងាយ៤០០០គីឡូម៉ែត្រ
គំរូយន្តហោះ Lanying R6000 របស់ចិន អាចហោះហើរដោយខ្លួនឯង បានរយៈចម្ងាយឆ្ងាយរហូតដល់ ៤០០០គីឡូម៉ែត្រ ដែលអាចផ្ទុកមនុស្សបាន ១០នាក់ ឬទំនិញ ២តោន។
សាជីវកម្មយន្តហោះ United Aircraft របស់ចិន បានផលិតយន្តហោះប្រភេទគ្មានមនុស្សបើក ដែលមានទម្ងន់ ៦តោនដំបូងគេរបស់ពិភពលោក។ ក្រុមហ៊ុនបានបញ្ចេញនូវគំរូយន្តហោះថ្មី នៅក្នុងសួនឧស្សាហកម្មអាកាសចរណ៍ Wuhu ក្នុងស្រុក Wanzhi ទីក្រុង Wuhu ខេត្តអានហួយ។ នេះបើយោងតាមវេបសាយ Interesting Engineering នៅថ្ងៃទី១៤ ខែតុលា។ យន្តហោះប្រភេទនេះ មានឈ្មោះ Lanying R6000 ជាយានជំនិះគ្មានមនុស្សបើកទំនើបបំផុតរបស់ពិភពលោក ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន United Aircraft Corporation ។
យន្តហោះគ្មានមនុស្សបើក Lanying R6000 អាចដំណើរការទាំងប្រតិបត្តិការដឹកទំនិញ និងអ្នកដំណើរ ដោយបម្រើការហោះហើរផ្លូវឆ្ងាយពីទីតាំងមួយទៅទីតាំងមួយទៀត។ ទម្ងន់អតិបរមានៃការចុះចតរបស់ Lanying R6000 គឺ ៦តោន ហើយបរិមាណទំនិញអតិបរមាដែលអាចផ្ទុកមានទម្ងន់ ២តោន។
យន្តហោះនេះអាចដឹកអ្នកដំណើរបាន ១០នាក់ក្នុងរយៈចម្ងាយអតិបរមា៤០០០គីឡូម៉ែត្រ។ ល្បឿនហោះលឿនបំផុតរបស់យន្តហោះនេះគឺ ៥៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានរយៈកម្ពស់អតិបរមាគឺ ៧៦២០ម៉ែត្រ។
នាពេលអនាគត Lanying R6000 អាចជួយឲ្យរួមចំណែក្នុងវិស័យដឹកជញ្ជូនយ៉ាងច្រើន ជាពិសេសការឆ្លើយតបបន្ទាន់ និងការការពារជាតិ។ Lanying R6000 អាចហោះឡើង ចុះចតត្រង់បញ្ឈរ និងហោះលើអាកាសដូចឧទ្ធម្ភាគចក្រធម្មតា។
សាជីវកម្ម United Aircraft បានដាក់ទីតាំងផលិតកម្មនៅឯ Wuhu United Aircraft ដែលជាទីស្នាក់ការកណ្តាលផលិតកម្មដ៏សំខាន់របស់ក្រុមនៅភាគខាងកើតប្រទេសចិន។ បន្ទាប់ពីរយៈពេល ១០ឆ្នាំនៃការអភិវឌ្ឍ សួនឧស្សាហកម្មអាកាសចរណ៍ Wuhu បច្ចុប្បន្នបានទាក់ទាញអាជីវកម្មជិត២០០ក្រុមហ៊ុន ដែលរីករាលដាលពាសពេញខ្សែច្រវាក់ផ្គត់ផ្គង់ រួមទាំងការស្រាវជ្រាវ និងការអភិវឌ្ឍ ការផលិត ការថែទាំ ប្រតិបត្តិការ ការបណ្តុះបណ្តាល និងការដឹកជញ្ជូនជាដើម៕