• The People Post

ប្រធានរដ្ឋសភាស្តីទី៖ មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ជា​ទ្រព្យ​ដ៏មានតម្លៃនាំមកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តម ឈី ឈីងសាន (Qu Qingshan) សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្ត និងអក្សរសាស្រ្ត នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជំនួបនាពេលនេះ គឺដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក៏ដូចជាការ ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក នៃប្រទេសយើងទាំងពីរ និងជាសក្ខីភាព បង្ហាញអោយឃើញកាន់តែច្បាស់ ថែមទៀតអំពីសារៈសំខាន់នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរបស់ ប្រទេសទាំងពីរ ដែលមហាមិត្តចិនជាប្រទេសដៃគូកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជាមិត្តដែកថែប របស់កម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បានថ្លែងអំណរគុណ ចំពោះបក្សកុម្មុយនីស្ត រដ្ឋាភិបាល និងប្រជាជនចិនដែលបាន ចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍ នៅកម្ពុជា តាមរយៈការផ្តល់ ជំនួយជាបន្តបន្ទាប់ទៅលើហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍទាក់ទងនឹងផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងផ្នែកដទៃទៀត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរចិននិងកម្ពុជា ជាទ្រព្យដ៏មានតម្លៃមហាសាលក្នុងការនាំមកនូវឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ មរតកនៃមិត្តភាពយូរអង្វែងជាប្រពៃណីដ៏ថ្លៃថ្លានេះ បានបន្សល់ទុកមកតាំងពីរជ្ជកាលអតីតព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ ព្រះករុណា ព្រះបាទព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ហើយត្រូវសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តអនុវត្តបានយ៉ាងប្រសើរ និងបានចង្អុលបង្ហាញឱ្យអ្នកជំនាន់ក្រោយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គោរពដើរតាមមាគ៌ាដ៏ត្រឹមត្រូវនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបង្ហាញក្តីរីករាយដែលសភា នៃប្រទេសទាំងពីរកម្ពុជា-ចិន បានបង្កើន កិច្ចសហប្រតិបត្តិការជាមួយគ្នា ទៅវិញទៅមក បានយ៉ាងល្អប្រសើរក្នុងការផ្លាស់ប្តូរបទពិសោធន៍ លើការងារសភាទាំង ក្នុងកំរិតថ្នាក់ដឹកនាំ គណៈកម្មាធិការជំនាញ និង មន្រ្តីបច្ចេកទេសនៃអគ្គលេខាធិកាដ្ឋានរដ្ឋសភា ប្រទេសទាំងពីរ។ ជាមួយគ្នានេះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី ក៏បានបញ្ជាក់ជូន ឯកឧត្តមប្រធានគណៈប្រតិភូចិនថា កម្ពុជា ជានិច្ចកាល ប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវ «គោលនយោបាយចិនតែមួយ»។

ឯកឧត្តម ឈី ឈីងសាន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូនាឱកាសនេះ និងថា កម្ពុជា ជាមិត្តល្អ ជាដៃគូល្អដែលតែងតែជួយគ្នាទៅវិញទៅមក។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យទំនាក់ទំនងចិន-កម្ពុជាបច្ចុប្បន្នក្លាយជាទំនាក់ទំនងដែលមានស្ដង់ដារខ្ពស់ និងល្អជាងគេក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា-ចិន។

ឯកឧត្តមប្រធានគណៈប្រតិភូបក្សកុម្មុយនីស្តចិន ក៏បានថ្លែងកោតសរសើរឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ថាគឺជាអ្នកនយោបាយជើងចាស់ ដែលបានចូលរួមចំណែកយ៉ាងច្រើនដល់ចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការ រវាងចិននិងកម្ពុជាផងដែរ។

ឆ្លើយតបចំពោះសំណើរបស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលអញ្ជើញគណៈប្រតិភូចិនមកចូលរួមសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយ (ICAPP) លើកទី១២ និងសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ នាខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ឯកឧត្តម ឈី ឈីងសាន បានមានប្រសាសន៍ថា ទុកឱ្យក្រុមការងារបច្ចេកទេសបន្តធ្វើការទំនាក់ទំនងជាមួយគ្នា ហើយភាគីចិននឹងចាត់តាំងគណៈប្រតិភូជាន់ខ្ពស់មកចូលរួម។

ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានលើកឡើងពីការជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនីស្តចិន និងគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ តាំងពីថ្នាក់ដឹកនាំជំនាន់មុន និងបន្តដល់យុវជនជំនាន់ថ្មី ដើម្បីឱ្យមានអ្នកបន្តវេនតទៅមុខទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងឯកឧត្តម Qu Qingshan បានបង្ហាញក្តីរីករាយ ដែលប្រទេសកម្ពុជា-ចិន មានចំណង មិត្តភាពកាន់តែរឹងមាំ និងស៊ីជម្រៅឈានឡើងមួយកម្រិតពីមិត្តភាព ដែកថែប ទៅជាមិត្តភាពក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងយល់ចិត្តថ្លើមគ្នាដោយ រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន បានប្តេជ្ញាខិតខំរួមគ្នាជំរុញការកសាងសហគមន៍ ជោគវាសនាតែមួយ និងជំរុញការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងថែមទៀតក្នុងបណ្តាឆ្នាំខាងមុខ។

ភាគីទាំងពីរបានចាត់ទុក កិច្ចពិភាក្សានាពេលនេះ ថានឹងក្លាយជាកម្លាំងចលករ និងឋាមពលថ្មីមួយថែមទៀតដល់មិត្តភាពដែកថែប និងភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់យើងឱ្យកាន់តែប្រសើរ និងស្ថិតស្ថេរ យូរអង្វែង៕