ក្រុមចារកម្មកូរ៉េខាងត្បូង៖ កូរ៉េខាងជើងសម្រេចបញ្ជូនទាហានជាង១ម៉ឺននាក់ទៅជួយរុស្ស៊ីក្នុងសមរភូមិអ៊ុយក្រែន
នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រទី ១៨ តុលា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងបានបណ្តុះបណ្តាលទាហានពិសេសជាង១ម៉ឺននាក់ ដើម្បីបញ្ជូនទៅជួយកងទ័ពរុស្ស៊ីនៅក្នុងសមរភូមិអ៊ុយក្រែន។ ដំណឹងនេះបានធ្វើឲ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុខយោលកោះប្រជុំបន្ទាន់នៅ ថ្ងៃសុក្រ។ ចំពោះប្រធានាធិបតីកូរ៉េខាងត្បូង កូរ៉េខាងជើងសម្រេចបញ្ជូនទ័ពទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន ដើម្បីជួយប្រយុទ្ធកៀកស្មាជាមួយកងទ័ពរុស្ស៊ី ជាការវិវឌ្ឍមួយដ៏ធំដែលគំរាមកំហែងមិនត្រឹមសន្តិសុខរបស់កូរ៉េខាងត្បូង ប៉ុន្តែ សហគមន៍អន្តរជាតិទាំងមូល។
កូរ៉េខាងជើងបានសម្រេចបញ្ជូនទ័ពក្នុងចំនួនដ៏ច្រើន ជាង១ម៉ឺននាក់ដើម្បីជួយរុស្ស៊ីនៅក្នុងសង្រ្គាមវាយប្រហារទៅលើអ៊ុយក្រែន។ នេះជាការអះអាងរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រទី ១៨តុលា។
ដោយផ្អែកលើរូបភាពរបស់ផ្កាយរណប និងរូបថតជាច្រើនសន្លឹក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង ហៅកាត់ជាភាសាអង់គ្លេស NISបានបញ្ជាក់ថា កប៉ាល់របស់ទាហានជើងទឹករុស្ស៊ីដែលដឹកទ័ពពិសេសរបស់កូរ៉េខាងជើងប្រមាណ ១៥០០នាក់បានចូលចតនៅកំពង់ផែVladivostok ពីថ្ងៃទី៨ ដល់ថ្ងៃទី ១៣តុលា។
បើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកកូរ៉េខាងត្បូង ដែលបានដកស្រង់សំដីរបស់មន្រ្តីចារកម្មកូរ៉េខាងត្បូង កូរ៉េខាងជើងបានសម្រេចបញ្ជូនទាហានសរុប ១២០០០នាក់ទៅរុស្ស៊ី ដោយបំបែកជា៤កងពល ដើម្បីទៅហ្វឹកហាត់បន្ត នៅមូលដ្ឋានទ័ពរុស្ស៊ី ដូចជានៅVladivostok មុននឹងត្រូវបញ្ជូនទៅកាន់សមរភូមិ នៅតំបន់Koursk ក្នុងទឹកដីរុស្ស៊ីដែលកងទ័ពអ៊ុយក្រែនកំពុងវាយចូលកាន់កាប់ ហើយនិងនៅតំបន់ភាគខាងកើតអ៊ុយក្រែនដែលរុស្ស៊ីកំពុងវាយយកមកគ្រប់គ្រងជាបន្តបន្ទាប់។
យោងតាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ទាហានកូរ៉េខាងជើងដែលបានទៅដល់ទឹកដីរុស្ស៊ីបានទទួលឯកសណ្ឋានទ័ពរុស្ស៊ី និងអត្តសញ្ញាណក្លែងក្លាយ។ ពួកគេមួយចំនួនកំពុងស្ថិតនៅមូលដ្ឋានទ័ពរុស្ស៊ីនៅ Vladivostok ចំណែកមួយចំនួនទៀតត្រូវបានបញ្ជូនទៅមូលដ្ឋានទ័ពនៅ Khabarovsk ឬBlagoveshchensk។
ទាក់ទងនឹងការបញ្ជូនទាហានកូរ៉េខាងជើងទៅប្រយុទ្ធកៀកស្មាជាមួយកងទ័ពរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គីធ្លាប់បានលើកឡើងនៅក្នុងសន្និសីទកាសែតជាមួយអគ្គលេខាធិការអង្គការអូតង់ កាលពីថ្ងៃ ព្រហស្បតិ៍ទី ១៧តុលាថា កូរ៉េខាងជើងកំពុងបង្វឹកហាត់ទាហានជាង១ម៉ឺននាក់ ដើម្បីត្រៀមបញ្ជូនទៅសមរភូមិរុស្ស៊ី។ បើតាមប្រធានាធិបតីអ៊ុយក្រែន នៅក្នុងសង្រ្គាម២ឆ្នាំមកនេះ រុស្ស៊ីកាន់តែខើចចំនួនទាហានដែលស្លាប់នៅក្នុងសមរភូមិផង និងដោយសារតែយុវជនរុស្ស៊ីកាន់តែច្រើនគេចវេស មិនចង់ចុះឈ្មោះបម្រើកងទ័ព។
យ៉ាងណាក៏ដោយ មេដឹកនាំអ៊ុយក្រែនអះអាងថា អ៊ុយក្រែននៅមិនទាន់បានដំណឹងច្បាស់ថា ទាហានកូរ៉េខាងជើងធ្វើដំណើរទៅដល់ទឹកដីរុស្ស៊ីនោះទេ។ អគ្គលេខាធិការរបស់អូតង់ លោក ម៉ាក់ រុត កាលពីថ្ងៃសុក្របានបញ្ជាក់ដែរថា អូតង់នៅមិនទាន់ឃើញដានទាហានកូរ៉េខាងជើងចូលរួមយ៉ាងសកម្ម នៅក្នុងសមរភូមិដើម្បីជួយកងទ័ពរុស្ស៊ីនៅឡើយទេ។
រុស្ស៊ីវិញ នៅមិនទាន់ប្រតិកម្មតបនឹងការលើកឡើងរបស់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង។ ប៉ុន្តែកន្លងមក អ្នកនាំពាក្យរបស់វិមានក្រេមឡាំងធ្លាប់បានបដិសេធថា គ្មានទាហានកូរ៉េខាងជើងនៅក្នុងជួរកងទ័ពរុស្ស៊ី និងថា ការលើកឡើងកន្លងមកសុទ្ធតែជាព័ត៌មានបំភ្លៃ មួលបង្កាច់រុស្ស៊ី។
បើសិនកូរ៉េខាងជើងពិតជាបានបញ្ជូនទាហានទៅជួយកងទ័ពរុស្ស៊ីនៅក្នុងសមរភូមិអ៊ុយក្រែនមែន នោះវាជាការវិវឌ្ឍដ៏ធំមួយ ព្រោះថា នេះជាលើកទី១ ដែលមានប្រទេសទី៣ ចូលរួមដោយផ្ទាល់តាមរយៈការបញ្ជូនទ័ពក្នុងទ្រង់ទ្រាយធំទៅក្នុងសមរភូមិអ៊ុយក្រែន។ មួយវិញទៀត វាស្តែងពីការចេញមុខដោយផ្ទាល់របស់កូរ៉េខាងជើងក្នុងនាមជាភាគីមួយដែរនៅក្នុងសង្រ្គាមអ៊ុយក្រែន ដើម្បីតទល់នឹងក្រុមប្រទេសលោកខាងលិចដែលកំពុងជួយផ្នែកសព្វាវុធដល់កងទ័ពអ៊ុយក្រែន។
នៅទីក្រុងសេអ៊ូល នៅក្រោយការអះអាងរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងលោកប្រធានាធិបតី យូន ស៊ុកយោលបានកោះប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខជាតិ ព្រោះថា កូរ៉េខាងជើងបញ្ជូនទ័ពទៅជួយច្បាំងរុស្ស៊ី មិនត្រឹមតែប៉ះពាល់ដល់សន្តិសុខជាតិរបស់កូរ៉េខាងត្បូង ប៉ុន្តែ វាគ្រោះថ្នាក់ខ្លាំងដល់សហគមន៍អន្តរជាតិទាំងមូល។
មានកងទ័ពប្រមាណ ១លាន២សែននាក់ កូរ៉េខាងជើងស្ថិតក្នុងចំណោមប្រទេសដែលមានទ័ពច្រើនជាងគេបំផុតក្នុងលោក។ ប៉ុន្តែ អ្នកជំនាញបានចោទសួរពីសមត្ថភាព និងប្រសិទ្ធិភាពនៃការពង្រាយទ័ពកូរ៉េខាងជើងនៅតាមខ្សែប្រយុទ្ធតទល់នឹងកងទ័ពអ៊ុយក្រែន ព្រោះថា ទាហានកូរ៉េខាងជើងគ្មានបទពិសោធន៍ធ្វើសង្រ្គាមនោះទេ។ បើតាមអ្នកជំនាញ ដោយបញ្ជូនទាហាន បន្ថែមពីលើសព្វាវុធដែលកូរ៉េខាងជើងបញ្ជូនទៅរុស្ស៊ី កូរ៉េខាងជើងចង់យកសមរភូមិអ៊ុយក្រែនជាកន្លែងធ្វើតេស្តសាកល្បងសព្វាវុធ ដូចជាកាំភ្លើងធំ មីស៊ីល និងជាកន្លែងហ្វឹកហាត់ ដកបទពិសោធន៍ពីទាហានរុស្ស៊ី តាមរយៈការចូលរួមប្រយុទ្ធផ្ទាល់ក្នុងសមរភូមិអ៊ុយក្រែន។
អ្នកជំនាញខ្លះទៀតថា កូរ៉េខាងជើងបញ្ជូនទ័ពទៅជួយច្បាំងរុស្ស៊ី ដោយសារតែរុស្ស៊ីបានសន្យាជួយកូរ៉េខាងជើងក្នុងពេលប្រឈមជាមួយអាមេរិកនិងកូរ៉េខាងត្បូង ក្នុងសំណុំរឿងអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរយោធា។ ចាប់តាំងពីផ្ទុះសង្រ្គាមអ៊ុយក្រែន កូរ៉េខាងជើងនិងរុស្ស៊ីបានខិតចូលជិតគ្នាកាន់តែខ្លាំងមិនធ្លាប់មានគិតចាប់តាំងពីចប់សង្រ្គាមត្រជាក់។ នៅខែមិថុនាកន្លងទៅ រុស្ស៊ី និងកូរ៉េខាងជើងបានចុះកិច្ចព្រមព្រៀងយោធា ដែលនៅក្នុងនោះ ប្រទេសទាំងពីរបានប្តេជ្ញាការពារគ្នាទៅវិញ ទៅមក ក្នុងករណីមានការវាយប្រហារពីសត្រូវខាងក្រៅ៕