អុីស្រាអែលទម្លាក់គ្រាប់បែកលើអង្គការហិរញ្ញវត្ថុហេសបូឡានៅលីបង់
ក្រោយកម្ចាត់មេចលនាហាម៉ាសនៅហ្កាហ្សារួច អ៊ីស្រាអែលងាកទៅសម្រុកវាយលើហេសបូឡានៅលីបង់កាន់តែខ្លាំង។ បន្ទាប់ពីវាយប្រហារបាញ់គ្រាប់ចម្រុះលើទីតាំងជាច្រើនរបស់ហេសបូឡានៅទូទាំងប្រទេសលីបង់មក នៅល្ងាចថ្ងៃអាទិត្យ ទី២០តុលា យោធាអ៊ីស្រាអែលបាន ដៅវាយប្រហារតាមផ្លូវអាកាសទម្លាក់គ្រាប់លើការិយាល័យរបស់អង្គការក្រៅរដ្ឋាភិបាលមួយភាគខាងត្បូងក្រុងបេរូត។ អង្គការនេះ ជាប់ចោទថាជាអ្នកប្រមូលថវិកាចិញ្ចឹមចលនាហេសបូឡា។
ទ័ពអាកាសអ៊ីស្រាអែលបានបង្កើនប្រតិបត្តិការការវាយប្រហារផ្លូវអាកាសលើទូទាំងលីបង់ នៅយប់ថ្ងៃអាទិត្យទី២០តុលា ដោយដៅជាលើកទីមួយ លើការិយាល័យរបស់ក្រុមហ៊ុន។ ជាសរុបអ៊ីស្រាអែលបានបើកការវាយប្រហារ១១សា លើភាគខាងត្បូងក្រុងបេរូត លើទីស្នាក់ការមួយរបស់អង្គការAl-Qard al-Hasan និងសាខារបស់ក្រុមនេះដដែល នៅភាគខាងកើតនៃប្រទេសលីបង់ ដែលក៏ជាជម្រកប្រមូលផ្តុំសំខាន់មួយ របស់ចលនាឈីអ៊ីតគាំទ្រដោយអ៊ីរ៉ង់។ នេះបើតាមព័ត៌មានចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានលីបង់ (Ani) ដោយលម្អិតថាការខូចខាតមានទំហំធំធេងណាស់។ មុនផ្តើមប្រតិបត្តិការទម្លាក់គ្រាប់ យោធាអ៊ីស្រាអែលបានអំពាវនាវឱ្យប្រជាពលរដ្ឋចៀសចេញឱ្យឆ្ងាយពីទីតាំងលើស្ថាប័ននេះដែរ។
បង្កើតឡើងនៅឆ្នាំ១៩៨៣ ជាប់ទណ្ឌកម្មអាមេរិក Al-Qard al-Hasan ជាអង្គការក្រៅរដ្ឋាភិបាល ជាស្ថាប័នហិរញ្ញវត្ថុមានពាក់ព័ន្ធនឹងចលនាហេសបូឡា ដែលផ្តល់កម្ចីមីក្រូហិរញ្ញវត្ថុដល់សហគមន៍ពលរដ្ឋលីបង់និកាយឈីអ៊ីត។ អង្គការនេះមានបណ្តាញសមាគម សាលារៀន និងមន្ទីរពេទ្យ ជាទីពេញនិយមសម្រាប់ពលរដ្ឋទូទៅ។ ប៉ុន្តែសម្រាប់យោធាអ៊ីស្រាអែល ហេសបូឡាមានទុកលុយរាប់ពាន់លានដុល្លារក្នុងហិបរបស់ស្ថាប័នAl-Qard al-Hasan។ ជាមួយនឹងការពង្រីកប្រតិបត្តិការវាយប្រហារលើទីតាំងមិនមែនយោធា អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃចន្ទនេះថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើ ប្រមាណជាង១០ទីតាំង ជាសាខាក្រុមហ៊ុនហិរញ្ញវត្ថុ ដែលពួកហេសបូឡាប្រើសម្រាប់រកប្រាក់មកចិញ្ចឹមសកម្មភាពភេរវកម្មប្រឆាំងនឹងអ៊ីស្រាអែល។
ក្រៅអំពីវាយប្រហារយ៉ាងសន្ធាប់លើស្ថាប័នហិរញ្ញវត្ថុចិញ្ចឹមចលនាហេសបូឡានេះ អ៊ីស្រាអែលបានប្រកាសដៅវាយលើទីបញ្ជាការដ្ឋានហេសបូឡាមួយ នៅក្បែររដ្ឋធានីលីបង់ព្រមទាំងបើកប្រតិបត្តិការបាញ់ទម្លាក់គ្រាប់លើទីតាំងរបស់ពួកហេសបូឡានៅភាគខាងត្បូងលីបង់ ប្រមាណ៥០កន្លែង។ គ្រាប់កាំភ្លើងអ៊ីស្រាអែល ទំនងធ្លាក់ក្បែរអាកាសយានដ្ឋានក្រុងបេរូតផង បើមើលទៅផ្សែងខ្មៅហុយទ្រលោមលើមេឃ។ នេះបើតាមប្រភពសន្តិសុខលីបង់។ ចំណែក កងកម្លាំងមួកខៀវអង្គការសហប្រជាជាតិនៅលីបង់ បានចោទយោធាអ៊ីស្រាអែលថាបានបំផ្លាញដោយចេតនាប៉មសង្កេតការណ៍មួកខៀវនៅភាគខាងត្បូងលីបង់។
ទន្ទឹមគ្នានេះដែរយោធាអ៊ីស្រាអែលមិនបន្ធូរដៃនៅសរមភូមិហ្កាហ្សាទេ។ ការវាយប្រហារលើហ្កាហ្សាក៏នៅតែបន្តធ្វើយ៉ាងខ្លាំងក្លាដែរ។នៅយប់ថ្ងៃអាទិត្យនេះ អ៊ីស្រាអែលបានសម្រុក វាយលើភាគខាងត្បូងផង កណ្តាលផង និងខាងជើងហ្កាហ្សាផង។ បើតាមក្រុមសង្គ្រោះ ការវាយលើភាគខាងជើងហ្កាហ្សានៅយប់មិញ បង្កឱ្យមានស្លាប់យ៉ាងហោច៧៣នាក់ តែអ៊ីស្រាអែលថាច្រើនខុសពីតួលេខរបស់ខ្លួន។
ចំណែកហេសបូឡាដែលប្រយុទ្ធដើម្បីបុព្វហេតុសាមគ្គីភាពនឹងចលនាហាម៉ាសនៅហ្កាហ្សា បានប្រកាសបាញ់ផ្លោងរុកកែតជាច្រើនដៅលើមូលដ្ឋានទ័ពអ៊ីស្រាអែលយ៉ាងហោចចំនួនបី នៅជិតក្រុង Haïfa និង Safed នៅភាគខាងជើងអ៊ីស្រាអែលនិងដៅលើក្រុមយោធាអ៊ីស្រាអែលកំពុងឈរជើងនៅភាគខាងត្បូងលីបង់។ ប៉ុន្តែហេសបូឡាមិនបានបញ្ជាក់អំពីប្រតិបត្តិការប៉ុនប៉ងធ្វើឃាតលោកនេតាន់យ៉ាហ៊ូ ដោយការបង្ហោះដ្រូនទៅបាញ់លើផ្ទះលំហែឯកជនរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលអវត្តមាននាពេលនោះ៕