លោក ស៊ី ថាមិត្តភាពចិន និងរុស្សីនៅបន្ត ទោះពិភពលោកច្របូកច្របល់
ប្រធានាធិបតីចិន ស៊ី ជីនភីង ប្រាប់សមភាគីរុស្ស៊ីនាជំនួបទ្វេភាគីក្រៅកិច្ចប្រជុំ BRICS ថា ទំនាក់ទំនងយុទ្ធសាស្រ្តរវាងចិន និងរុស្សី នៅតែបន្ត ទោះបីជាស្ថានភាពសកល កំពុងតែរង្គោះរង្គើ។
នាឱកាសចូលរួមវេទិកា BRICS ទី១៦ ធ្វើឡើងពីថ្ងៃទី២២ ដល់ទី២៥ ខែតុលា ក្នុងទីក្រុងកាហ្សាន មេដឹកនាំចិន ស៊ី ជីនភីង ក៏ឆ្លៀតជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយនឹងការពេញចិត្តទំនាក់ទំនងទ្វេភាគីក្នុងពេលដែលពិភពលោកជ្រួលច្របល់។
«បច្ចុប្បន្ន ពិភពលោក កំពុងឆ្លងកាត់ការផ្លាស់ប្ដូរមិនដែលមានក្នុងរយៈពេល១០០ឆ្នាំចុងក្រោយ, ស្ថានភាពអន្តរជាតិ កំពុងតែជាប់ជំពាក់នឹងភាពវឹកវរ។ ប៉ុន្តែខ្ញុំ ជឿយ៉ាងមុតមាំថា មិត្តភាពចិន និងរុស្សី នឹងបន្តទៅច្រើនជំនាន់ ហើយទំនួលខុសត្រូវខ្ពស់លើប្រជាជននៃប្រទេសទាំងពីរ ក៏មិនផ្លាស់ប្ដូរដែរ»។ លោក ស៊ី និយាយបែបនេះទៅកាន់លោក ពូទីន។
លោក ស៊ី ក៏អះអាងដែរថា BRICS ជាវេទិកាដ៏សំខាន់សម្រាប់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសសេដ្ឋកិច្ចកំពុងអភិវឌ្ឍ និងប្រទេសសេដ្ឋកិច្ចអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន។
វេទិកា BRICS ជាវេទិកាពហុរដ្ឋាភិបាល ដែលផ្ដោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងចំណោមប្រទេសសមាជិក។ វេទិកាប្រចាំឆ្នាំមួយនេះ បានបង្កើតឡើងដំបូងដោយប្រទេសចំនួនប្រាំ ដូចជារុស្សី ចិន ប្រេស៊ីល អាហ្វ្រិកខាងត្បូង និងឥណ្ឌា។ មេដឹកនាំប្រទេសផ្សេងៗប្រមាណ២០ ចូលរួមជំនួបនៅរុស្ស៊ី។
ជាការឆ្លើយតប មេដឹកនាំរុស្សី បានហៅលោក ស៊ី ថាជា«មិត្តជាទីស្រឡាញ់» និងបាននិយាយថាកិច្ចសហប្រតិបត្តិការចិន និងរុស្សីក្នុងកិច្ចការសកល ជាកត្តាស្ថិរភាពចម្បងមួយ លើឆាកអន្តរជាតិ។ លោក ពូទីន បានសង្កត់ធ្ងន់ទៀតថា នឹងបន្តលើកកម្ពស់ការសម្របសម្រួលវេទិកាពហុភាគី ដើម្បីរក្សាបានសន្តិសុខសកល និងការដឹកនាំពិភពលោកដ៏ត្រឹមត្រូវមួយ។
ចំណងមិត្តភាពរវាងមហាអំណាចទាំងពីរ កាន់តែស្អិតល្មួត ខណៈដែលសង្គ្រាមនៅអ៊ុយក្រែន នៅតែឆាបឆេះ និងរកដំណោះស្រាយសន្តិភាពមិនទាន់ឃើញនៅឡើយ។ រីឯ មេដឹកនាំរុស្សី ក៏លែងឯកាដូចគេធ្លាប់ពេបជ្រាយទៀតដែរក្នុងជំនួបពេលនេះព្រោះមានមេដឹកនាំជាច្រើនបង្ហាញមុខ។
តាមអ្នកនាំពាក្យវិមានក្រែមឡាំង លោក Dmitry Peskov លោក ស៊ី និងលោក ពូទីន បានជជែកពីបញ្ហាសង្គ្រាមអ៊ុយក្រែនដែរ។ យ៉ាងណាក្ដី លោក មិនបានលម្អិតពីកិច្ចពិភាក្សានោះទេ។ នេះបើតាមការផ្សាយទីភ្នាក់ងារព័ត៌មាន Reuters។
ស្របពេលជាមួយគ្នា នាយករដ្ឋមន្ត្រីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី បានលើកឡើងពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដោយលោក បានប្រកាសជំហរគាំទ្រស្ថិរភាព និងការបញ្ចប់សង្គ្រាម។ មេដឹកនាំឥណ្ឌា បានបញ្ជាក់ថា លោកនឹងជជែកជាមួយលោក ពូទីន លើបញ្ហានេះផងដែរ៕