• The People Post

លំហាត់ប្រាណទាំងនេះជួយបញ្ចុះជាតិស្ករក្នុងឈាម

មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​សំខាន់​បំផុត​មួយ​នៅ​លើ​ពិភពលោក NIH បាន​ណែនាំ​ឱ្យធ្វើ​លំ​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់ ១៥០ នាទី​រាល់​ស​ប្តា​ហ៍​។ ហើយ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវ​ហាត់ប្រាណ​ជា​ប្រចាំ​មិន​គួរ​ផ្អាក ឬ​រំលង​លើស​ពី ២ ថ្ងៃ​ជាប់​គ្នា​ឡើយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​លំ​ហាត់ប្រាណ​ដែល​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ល្អ​សាក​សម​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ៖

១. ដើរ

ការ​ដើរ គឺជា​លំ​ហាត់ប្រាណ​ដ៏​ពេញ​និយម​និង​ងាយ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​ដែល​កំពុង​មាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អនុវត្ត​ជា​ប្រចាំ​។ ការ​ដើរ​យ៉ាង​ហោច​ណាស់​ពី ៣០ នាទី ទៅ១ម៉ោង​ក្នុង​មួយ​ថ្ងៃ​មាន​ប្រសិទ្ធិ​ភាព​បញ្ចុះ​សម្ពាធ​ឈាម ក៏​ដូច​ជា​ជាតិ​ស្ករ​ក្នុង​ឈាម ព្រមទាំង​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​និង​ជំងឺ​ទឹកនោមផ្អែម​បាន​យ៉ាង​ប្រសើរ​។

២. ហែល​ទឹក

ការ​ហែល​ទឹក គឺជា​ទម្រង់​នៃ​លំ​ហាត់ប្រាណ​បែប​ងាយ​ៗ និង​សាក​សម​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ នោះ​ក៏​ព្រោះតែ​ការ​ហែល​ទឹក​មិន​ផ្ដល់​សម្ពាធ​ណាមួយ​លើ​សន្លាក់​ដែល​ល្អ​សម្រាប់​អ្នកជំងឺ​។ ហើយ​វា​ក៏​ជួយ​សម្រួល និង​ពង្រឹង​សាច់ដុំ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។ ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ការ​ហែល​ទឹក​អាច​ជួយ​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល រួម​ទាំង​ភាព​តានតឹង​ក្នុង​អារម្មណ៍ និង​បង្កើន​ការ​ដុត​កាឡូរី​។ ដើម្បី​ជា​ការ​ប្រសើរ​អ្នក​គួរ​ហែល​ទឹក​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍​សម្រាប់​រយៈពេល​តិច​បំផុត ១០ នាទី​។

៣. យូ​ហ្កា

ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ហាត់​យូ​ហ្កា​អាច​ផ្ដល់​ឥទ្ធិពល​វិជ្ជមាន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម រួម​បញ្ចូល​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ភាព​ធន់​នឹង​អាំង​ស៊ុ​យ​លី​ន ការ​បញ្ចុះ​ជាតិ​ខ្លាញ់​នៃ​រាង​កាយ និង​ការ​បង្កើន​មុខងារ​ស​សៃ​ប្រសាទ​។ យូ​ហ្កា​ក៏​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​នៃ​អ្នកជំងឺ​ផង​ដែរ​។

៤. ជិះ​កង់

ការ​ជិះ​កង់​មិន​ត្រឹមតែ​ល្អ​សម្រាប់​អ្នកជំងឺ​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រសើរ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ផង​ដែរ​។ នោះ​ក៏​ព្រោះតែ​លំ​ហាត់ប្រាណ​នេះ​អាច​ដុត​បំផ្លាញ​កាឡូរី​ក្នុង​រាង​កាយ​បាន​ច្រើន ហើយ​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​ជើង​។

ប្រយ័ត្ន​៖ ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​មុន​នឹង​ជ្រើសរើស​លំ​ហាត់ប្រាណ​ណាមួយ​ជា​ប្រចាំ​។ មុន​និង​ក្រោយ​ពេល​ធ្វើ​លំ​ហាត់ប្រាណ ចូរ​ពិនិត្យ​មើល​ជាតិ​ស្ករ​ថា​តើ​វា​ប្រតិកម្ម​យ៉ាងណា​នឹង​លំ​ហាត់ប្រាណ (​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ឬ​ទាប​ពេក គឺ​គ្រោះថ្នាក់​ណាស់​)​។ អ្នកជំងឺ​ទឹកនោមផ្អែម​ក៏​ងាយ​ប្រឈម​មុខ​នឹង​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ពេក​ផង​ដែរ​។ ត្រូវ​ប្រាកដ​ថា​អ្នកមាន​របប​អាហារ​សុខភាព​ល្អ​ផង​ដែរ​៕